អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ឬហៅកាត់ថា “LGBT” បានស្នើឲ្យគណបក្សនយោបាយ ដែលប្រកួតប្រជែងគ្នាទៅដឹកនាំរដ្ឋាភិបាល ពិចារណា កែប្រែច្បាប់ស្តីពីអាពាហ៌និងគ្រួសារ ដោយអនុញ្ញាតឲ្យពួកគេអាចរៀបការស្របច្បាប់។
ក្នុងកិច្ចប្រជុំមួយរបស់អង្គការខាណាស្ដីអំពី «បញ្ហាសុខភាពនិងការអភិវឌ្ឍ» ជាពិសេសទាក់ទងនឹងក្រុមងាយរងគ្រោះ ដូចជា អ្នកស្រឡាញ់ភេទដូចគ្នា បុរសស្រឡាញ់បុរស ស្រ្ដីបម្រើសេវាកម្សាន្ដ និងអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀន នៅថ្ងៃពុធនេះ អ្នកស្រឡាញ់ភេទដូចគ្នាបានចោទសួរទៅកាន់គណបក្សនយោបាយដែលចូលរួមនោះថាតើ នៅកម្ពុជាអាចមានការកែប្រែ ឬធ្វើច្បាប់ ដោយអនុញ្ញាតឲ្យពួកគេរៀបការដោយស្របច្បាប់បានដែរឬទេ។
អ្នកសួរ៖ «បើសិនជាគណបក្សគាត់បានជាប់ជាគណបក្សនយោបាយ តើគាត់អាចសិទ្ធិកែប្រែច្បាប់នៅប្រទេសកម្ពុជាដែរ ឬអត់ អាចកែប្រែច្បាប់ឲ្យមានអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការជាមួយគ្នាបាន»។
ឆ្លើយតបនឹងសំណួរនេះ តំណាងមកពីគណបក្សសង្គ្រោះជាតិ លោក សួន រីដា មានប្រសាសន៍ថា បើសិនគណបក្សលោកឈ្នះឆ្នោតទៅដឹកនាំរដ្ឋាភិបាល លោកថា គណបក្សសង្គ្រោះជាតិនឹងបន្ដពង្រឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការជំរុញអនុវត្តច្បាប់នានា ដែលគាំពារដល់ជនងាយរងគ្រោះទាំងនោះ។
លោកមានប្រសាសន៍ថា ចំពោះសំណើសុំឲ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានេះ លោកថា អាចធ្វើទៅបាន លុះត្រាវាមិនប៉ះពាល់ដល់ស្ថិរភាពប្រទេសជាតិទាំងមូល។ លោកថា វាក៏ចាំបាច់មានការអនុម័តពីសភា និងការធ្វើប្រជាមតិរបស់ពលរដ្ឋកម្ពុជាទាំងអស់ ថាតើពួកគេយល់ព្រមលើសំណើនេះឬអត់។
លោកថា៖ «ដូច្នេះខ្ញុំគិតថា រាល់សិទ្ធិទាំងឡាយណា ដែលមិនប៉ះពាល់ដល់ប្រទេសជាតិ គណបក្សសង្គ្រោះជាតិគាំទ្រ វាប៉ះខ្លះហើយទៅនឹងប្រពៃណីទំនៀមទំលាប់ខ្មែរ ការតឹងរ៉ឹងនៃប្រពៃណីហ្នឹងហើយ ដែលធ្វើឲ្យមនុស្សជាច្រើនមិនអាចទទួលយកបាននូវអ្វីដែលក្រុមប្អូនបានលើកឡើង។ ដូច្នេះបោះបាល់ទៅឲ្យប្រជាពលរដ្ឋដើម្បីធ្វើប្រជាមតិហើយ នៅប្រទេសគេខ្លះគេធ្វើប្រជាមតិតើ បើសិនជាប្រជាពលរដ្ឋគាំទ្រ គណបក្សសង្គ្រោះជាតិនឹងអនុម័តភ្លាម»។
តំណាងមកពីគណបក្ស ហ៊្វុន ស៊ិនប៉ិច លោក ផន ចាន់ថា មានប្រសាសន៍ថា បើឈ្នះឆ្នោត គណបក្សលោក នឹងពាំនាំសំណើរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទៅពិភាក្សានៅសភា ដើម្បីសម្រេចពីបញ្ហានេះ។ លោកអះអាងថា ច្បាប់ទាំងអស់ មិនថារដ្ឋធម្មនុញ្ញាទេ គឺសុទ្ធតែអាចធ្វើវិសោធនកម្ម បើពលរដ្ឋត្រូវការ។
លោកថា៖ «ដូច្នេះឆ្លើយនឹងម្ចាស់សំណួរថា ច្បាប់អាចធ្វើវិសោធនកម្មបានទាំងអស់ក្មួយ ហើយនឹងអាចកសាងសេចក្ដីព្រាងច្បាប់ សេចក្ដីធ្វើច្បាប់ដាក់ទៅរដ្ឋសភាអនុម័ត ទៅតាមសំណូមពរសហគម ឬជាតំណាងខាងនារី បុរសស្រឡាញ់បុរស ក្លែងភេទ អ្នកកើតជំងឺអេដស៍ គឺធ្វើបានទាំងអស់ ដើម្បីបម្រើនូវសេចក្ដីត្រូវការ សណ្ដាប់ធ្នាប់ និងរបៀបរបស់ប្អូនឲ្យបាន»។
ក្នុងកិច្ចប្រជុំនេះក៏លើកឡើងពីគោលនយោបាយរបស់គណបក្ស ក្នុងការជួយទប់ស្កាត់មិនឲ្យមានការរើសអើងលើក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ស្ដ្រីបម្រើសេវាកម្សាន្ដ អ្នកកើតអេដស៍ និងអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀន។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុន ស៊ិនប៉ិច សុទ្ធតែអះអាងថា ពេលជាប់ឆ្នោត ពួកគេសន្យាពង្រឹងការគោរពសិទ្ធិរបស់ក្រុមងាយរងគ្រោះទាំងនេះ តាមរយៈការដាក់ចេញគោលនយោបាយស្រដៀងគ្នា ដូចជា បន្ដអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាព ពង្រឹងនិងបែងចែកថវិកាជាតិមួយផ្នែកទៅវិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន អប់រំពលរដ្ឋឲ្យឈប់រើសអើងពួកគេ និងពង្រឹងការផ្ដល់សេវាច្បាប់ជាដើម។ប៉ុន្តែនៅក្នុងវេទិកានោះមិនមានតំណាងគណបក្សប្រជាជនកម្ពុជាចូលរួមទេ៕









