មន្ត្រីពន្ធនាគារបានឲ្យដឹងថា ទណ្ឌិត៥នាក់ បានរត់ចេញពីពន្ធនាគារខេត្តរតនគិរី តាំងយប់ថ្ងៃទី២៦ខែឧសភា ហើយមកដល់ពេលនេះសមត្ថកិច្ចចាប់មកវិញបានតែ២នាក់ប៉ុណ្ណោះ។
មន្ត្រីពន្ធនាគារប្រាប់ VOD ក្នុងលក្ខខណ្ឌសុំមិនឲ្យបញ្ចេញឈ្មោះថា ទណ្ឌិត៥នាក់នោះ បានលូនចេញតាមលូបង្ហូរទឹក និងលោតចេញទៅក្រៅរបង។ ប៉ុន្តែរហូតដល់ថ្ងៃទី៣១ឧសភានេះ ពន្ធនាគារបានសហការជាមួយសមត្ថកិច្ចចាប់បាន២នាក់មកវិញ ចំណែក៣នាក់ទៀតរត់គេចខ្លួនបាត់។
យ៉ាងណាក៏ដោយមន្ត្រីដដែលបន្តថា ទណ្ឌិត៣នាក់ដែលរត់គេចខ្លួនបាត់នោះ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់យកទៅដាក់ទោសវិញ។
បើតាមមន្រ្តីពន្ធនាគារ ទណ្ឌិតដែលរត់ចេញពីគុកនោះ ពួកគេត្រូវបានតុលាការកាត់ទោសពីបទល្មើស គ្រឿងញៀន និងបទល្មើសព្រៃឈើ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរីលោក ឌីន ភិនណ្ណី យល់ថាទណ្ឌិតដែលរត់ចេញពីគុកនោះ អាចជាការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារ និងអាចមានរឿងអ្វីនៅពីក្រោយអ្នករត់គេចទំាងនោះ។ លោកស្នើទៅស្ថាប័នពាក់ព័ន្ធជាពិសេសតុលាការធ្វើការស៊ើបអង្កេតឲ្យមានតម្លាភាពលើករណីនេះ ដោយថាបើពុំដូចនោះទេ នឹងធ្វើឲ្យអ្នកទោសផ្សេងទៀតរងភាព អយុត្តិធម៌។
លោកនិយាយថា «ការធ្វេសប្រហែសនេះ ខ្ញុំគិតថាមន្ត្រីខាងលើគាត់គួរតែពិនិត្យឡើងវិញ ទាក់ទិនជាមួយនឹងសំណង់ពន្ធនាគាររឹងមំាអត់ ទីពីរគាត់គួរតែពិនិត្យទៅលើប្រធាន ឬក៏មន្ត្រីពន្ធនាគារគ្រប់ជាន់ថ្នាក់ឡើងវិញ ថាហេតុអីបានទណ្ឌិតគាត់អាចរត់គេចខ្លួនបាន វាធ្វើឲ្យអ្នកទោសផ្សេងទៀតគាត់យល់ថាវាអយុត្តិធម៌សម្រាប់ពួកគាត់ណាស់ នៅពេលដែលពួកគាត់ទោសស្រាលអ្នកទំាងអស់ហ្នឹងផង គាត់ត្រូវជាប់ឃុំ អ្នកដែលមានទោសធ្ងន់ៗទទួលអនុផលព្រៃឈើ គ្រឿងញៀន ត្រូវបានរត់រួចខ្លួន ហើយមិនឃើញមានការចាប់មកផ្តន្ទាទោសវិញ»។
លោក ភិនណ្ណី បារម្ភថា បើស្ថាប័នពាក់ព័ន្ធមិនចាប់ទណ្ឌិតទំាង៣នាក់ដែលរត់គេចខ្លួនមកផ្តន្ទាទោសទេ អាចធ្វើឲ្យអសន្តិសុខក្នុងសង្គមផងដែរ។
តាមមន្ត្រីពន្ធនាគាររខេត្តតនគិរី កាលពីឆ្នាំ២០១៤ ក៏មានទណ្ឌិត៤នាក់ហែកគុករត់គេចខ្លួនដែរ ប៉ុន្តែចាប់បានមកវិញតែ២នាក់តែប៉ុណ្ណោះ ខណៈ២នាក់ទៀតមិនទាន់ចាប់បាននៅឡើយ៕