មេដឹកនាំគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ទទួលបានការព្រមានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃបោះឆ្នោតឃុំ/សង្កាត់នេះ ដោយថាបក្សនេះបានអនុវត្តផ្ទុយពីបទបញ្ជានិងនីតិវិធីរបស់ គ.ជ.ប។
ក្នុងលិខិតចុះថ្ងៃទី៤ខែមិថុនានេះ គ.ជ.ប បានព្រមានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដោយថាបានប្រើប្រាស់ប្រព័ន្ធអនឡាញ ធ្វើការផ្សព្វផ្សាយវាយប្រហាទៅលើគណបក្សនយោបាយផ្សេងៗទៀត ដោយរំលោភច្បាប់ ខណៈការឃោសនាបោះឆ្នោតរបស់បក្សនយោបាយទំាងអស់ត្រូវបាន គ.ជ.ប បញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោតនិងនៅថ្ងៃបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់បន្ថែមលើលិខិតនោះថា បើគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យមិនគោរពតាមការជូនដំណឹងនេះទេ គ.ជ.ប និងធ្វើការពិន័យជាប្រាក់ចន្លោះពី៥ទៅ២០លានរៀល ដោយមិនគិតពីការដាក់ទណ្ឌកម្មរដ្ឋបាល និងរឿងព្រហ្មទណ្ឌផ្សេងទៀត បើធ្វើឲ្យមានចលាចលនៅក្នុងសង្គម។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ចាប់ផ្តើមនៅម៉ោង៧ព្រឹក ថ្ងៃអាទិត្យទី៤ខែមិថុនា ហើយនឹងបិទបញ្ចប់នៅវេលាម៉ោង៣រសៀលថ្ងៃដដែលនេះ៕









