សមាគមខ្មែរកម្ពុជាយកញត្តិដាក់ទៅក្រសួងការបរទេសកម្ពុជាឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យឈប់រិតត្បិតសេរីភាពលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជាម្ចាស់ទឹកដី។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិនៅក្រសួងការបរទេសនាថ្ងៃទី៥មិថុនានេះថា គិតត្រឹមថ្ងៃទី៤មិថុនា ឆ្នាំ២០១៧នេះ មានរយៈពេល៦៨ឆ្នាំហើយដែលបារំាងកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមគ្រប់គ្រង ដោយលោកថា ការគ្រប់គ្រងរបស់វៀតណាមធ្វើឲ្យខ្មែរកម្ពុជាស្ថិតនៅក្រោមសម្ពាធរិតត្បិតសេរីភាពខាងជំនឿ សាសនា វប្បធម៌ វិស័យអប់រំ វិស័យសេដ្ឋកិច្ច និងវិស័យបញ្ចេញមតិ រួមទំាងការទទួលបានព័ត៌មានជាដើម។
ករណីនេះ លោក ជុំជួន សង្ឃឹមថា ក្រសួងការបរទេសកម្ពុជានិងបញ្ជូនញត្តិនេះទៅរដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ការរិតត្បិតសេរីភាពប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមបន្តទៀត។
លោកនិយាយថា «អ្វីដែលជាសញ្ញាបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរយើង គឺតែងតែត្រូវបំបាត់ទៅវិញបន្តិចម្តងៗ ដែលជារឿងដែលយើងនូវតែខ្វល់ខ្វាយ យើងនៅតែស្នើទៅរដ្ឋាភិបាលវៀតណាម ជាពិសេសអ្វីដែលវៀតណាមធ្វើល្អហើយគឺយើងមិនបាច់តវ៉ាទេ ប៉ុន្តែអ្វីដែលវៀតណាមមិនព្រមអនុវត្តទៅតាមគោលការណ៍សិទ្ធិមនុស្ស នូវតែមានការយាយីរំខានរឹតបន្តឹងយើង គឺយើងនៅតែធ្វើការទាមទារតវ៉ាលើបញ្ហាទំាងអស់នេះ»។
សន្តិសុខយាមនៅច្រកទ្វាចូលទៅក្រសួងការបរទេសកម្ពុជា លោក ហែម គិត បានចេញមកទទួលយកញត្តិពីលោក ជុំជួន ដោយសន្យាថានិងបញ្ជូនញត្តិនេះទៅថ្នាក់លើពិនិត្យនិងជូនដំណឹងនៅពេលក្រោយ។
នៅពេលយកញត្តិដាក់នៅក្រសួងការបរទេសកម្ពុជានោះ អ្នកសារព័ត៌មានសួរថា ហេតុអ្វីលោក ជុំជួន មិនយកញត្តិដាក់ទៅស្ថានទូតវៀតណាមប្រចំាកម្ពុជា? លោកឆ្លើយយ៉ាងខ្លីថា លោកមិនយកទៅដាក់នោះទេ ដោយថា ជារៀងរាល់ឆ្នាំលោកយកទៅដាក់ ប៉ុន្តែស្ថានទូតវៀតណាមមិនព្រមទទួលយកនោះទេ។
វីអូឌី(VOD) មិនអាចសុំការបំភ្លឺជុំវិញករណីនេះ ពីមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទេ នៅថ្ងៃចន្ទនេះ។
ប្រជាពលរដ្ឋនិងព្រះសង្ឃខ្មែរកម្ពុជា ដែលរស់នៅក្នុងប្រទេសកម្ពុជា បានផ្ទុះការតវ៉ាជាបន្តបន្ទាប់កាលពីអំឡុងខែកក្កដា និងសីហា ឆ្នាំ ២០១៤កន្លងមក ទាក់ទងនឹងប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រោម បន្ទាប់ពីមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង អះអាងថា បារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមទេ។
បន្ទាប់ពីប្រកាន់ជំហរមិនសុំទោសចំពោះការអះអាងដ៏ចម្រូងចម្រាស់នេះ លោក ត្រឹង វ៉ាន់ថុង ត្រូវបានរដ្ឋាភិបាលវៀតណាម ផ្លាស់ប្ដូរចេញពីស្ថានទូតវៀតណាមប្រចាំកម្ពុជា កាលពីខែកញ្ញា ក្នុងឆ្នាំ២០១៤ផងដែរ។
ទឹកដីកម្ពុជា ដែលមានចំនួន ២១ខេត្ត ត្រូវបានអាណាព្យាបាលបារាំង កាត់បញ្ចូលទៅក្នុងការគ្រប់គ្រងរបស់វៀតណាម នៅក្នុងឆ្នាំ១៩៤៩ ដោយគ្មានការឯកភាពពីប្រជាពលរដ្ឋខ្មែរនោះឡើយ៕