ខណៈដែលលទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយ ប៉ុន្តែលទ្ធផលបឋមចេញដោយ គ.ជ.ប. បង្ហាញថា គណបក្សកាន់អំណាចនិងគណបក្សប្រឆាំង បានឈ្នះគ្នាត្រឹមតែមួយសំឡេងគត់ នៅតាមឃុំ-សង្កាត់ខ្លះនៅតាមមូលដ្ឋាន។
លទ្ធផលនៃការបោះឆ្នោតបឋមដែលផ្សាយលើវេបសាយ voterlist បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតនៅឃុំក្លែង ស្រុកសណ្ដាន់ខេត្តកំពង់ធំ ជាមួយសំឡេងនាំមុខលើគណបក្សសង្គ្រោះជាតិតែមួយសំឡេងគត់ ពោលគឺគណបក្សកាន់អំណាចទទួលបានសំឡេងគាំទ្រ ៨៣២សំឡេង ហើយបក្សប្រឆាំងទទួលបានសំឡេងឆ្នោត ៨៣១សំឡេង។
ចំណែកនៅឯឃុំកោះតាស៊ុយ ស្ថិតក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះឯណោះវិញ គណបក្សប្រឆាំងនាំមុខគណបក្សកាន់អំណាចត្រឹមតែមួយសំឡេងគត់វិញ ដោយគណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រ ៣២២សំឡេង ខណៈដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៣២១សំឡេង។
ក្រៅពីឃុំទាំងពីរនេះ ឃុំមួយចំនួនទៀតនៅទូទាំងប្រទេស គណបក្សធំៗទាំងនេះ បាននាំមុខគ្នាជាមួយសំឡេងគាំទ្រខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ៕









