កម្មកររោងចក្រមួយនៅភ្នំពេញតវ៉ាបន្ទាប់ពីថៅកែកាត់លុយពេលទៅបោះឆ្នោត

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បាននាំគ្នាបន្តតវ៉ាបន្ទាប់ពីថៅកែកាត់លុយនិងព្យួរការងារតំណាងពួកគេ ដោយសារឈប់សម្រាក២ថ្ងៃបន្ថែម ដើម្បីទៅបោះឆ្នោត។

កម្មកររោងចក្រសៅលែន (រោងចក្រ៦ជាន់) ប្រមាណ១០០០នាក់ បានបន្តតវ៉ាទាមទារឲ្យតំណាងពួកគេ១០នាក់បានធ្វើការងារធម្មតាវិញ និងទាមទារសុំឲ្យថៅកែកាត់លុយត្រឹម៥០% ខណៈពួកគេឈប់២ថ្ងៃបន្ថែមកាលពីពេលបោះឆ្នោត។

កម្មករផ្នែកដេរកញ្ញា កែវ ផល្លា ប្រាប់អ្នកសារព័ត៌មានថា កម្មករនៅចក្រ៦ជាន់ បាននាំគ្នាឈប់ចំនួនពីរថ្ងៃបន្ថែមដើម្បីទៅបោះឆ្នោត ដោយថា កម្មករទាំងនោះភាគច្រើននៅខេត្តឆ្ងាយៗ។

កញ្ញាបន្ថែមថា ការដែលកម្មករឈប់បន្ថែមពីរថ្ងៃ គឺពួកគេបានស្នើសុំភាគីក្រុមហ៊ុនកាត់លុយ ពួកគេត្រឹម៥០%នៃចំនូនឈប់ពីរថ្ងៃនោះ ប៉ុន្តែខាងក្រុមហ៊ុនមិនបានឆ្លើយតបឡើយ ហើយថាពេលកម្មករឈប់បែរជាកាត់លុយបំណាច់ឆ្នាំ និងបានចោទតំណាងពួកគេ១១នាក់ថា ញុះញង់ឲ្យកម្មករតវ៉ាថែមទៀត។

កញ្ញាបន្ថែមថា «អត់មានអ្នកណាញុះញង់ឲ្យពួកកម្មករទាំងអស់ហ្នឹងតវ៉ាទេ ពួកគាត់ចង់មាន សិទ្ធិទៅបោះឆ្នោត ក្រសួងការងារចេញលិខិតមកហើយ សជីពខាងក្នុងលាក់បាំងមិនឲ្យកម្មករ ដឹង ហើយក៏មិនបានប្រាប់ឲ្យកម្មករទៅបោះឆ្នោតឬអត់ទេ ឈប់មួយថ្ងៃហ្នឹង ថ្ងៃអាទិត្យជាសិទ្ធិ របស់កម្មករ ហើយពួកខ្ញុំនៅស្រុកឆ្ងាយ អ្នកខ្លះនៅឧត្តមានជ័យ សៀមរាប ស្វាយរៀង និងខេត្តឆ្ងាយៗផ្សេងទៀត សួរថាឲ្យទៅទាន់អត់ ?​ បើនៅភ្នំពេញមិនអាចបោះឆ្នោតបាន ផងហ្នឹង កម្មករចង់ទៅបោះឆ្នោត គេមានសិទ្ធិបោះគេ»

តំណាងកម្មករម្នាក់ក្នុងចំណោម១០នាក់ដែលក្រុមហ៊ុនព្យួរការងារលោក ស៊ាង វិចិត្រ និយាយថា ពួកគាត់មិនបានដំនាំកម្មករតវ៉ានោះទេ គឺក្រុមកម្មករនាំគ្នាតវ៉ាដោយខ្លួនឯង បន្ទាប់ពីក្រុមហ៊ុនកាត់លុយពួកគេមិនសមហេតុផល។

លោកបន្តថា ការដែលក្រុមហ៊ុនព្យាយាមចោទលោក និងមនុស្សផ្សេងទៀតថា ជាអ្នកញុះញង់ កម្មករឲ្យតវ៉ានោះគឺជាចេតនារើសអើងសហជីព ដោយថា ពួកគាត់សកម្មជនសហជីពចលនាកម្មករតែងតែជួយនិងការពារផលប្រយោជន៍ជូនកម្មករ ហើយម្យ៉ាងទៀតសហជីពរបស់លោក កំពុងរៀបចុះបញ្ជីក្នុងរោងចក្រនោះ។

លោកបន្ថែមថា «ក្រុមព្យួរការងារពួកខ្ញុំដោយមិនបានជូនដំណឹងមុននោះទេ ការព្យួរនេះដោយ តក់ក្រហល់ដោយមិនមានមូលហេតុច្បាស់លាស់ មិនមានការចោទប្រកាន់លក្ខណៈថាខ្ញុំបាន ប្រព្រឹត្តបទល្មើសអី ឬក៏លក្ខខណ្ឌការងារត្រង់មានមាត្រា៨៣អីហ្នឹងគឺវាអត់មានម៉ង ការព្យួរ ពួកខ្ញុំនេះជាចេតនារើសអើសសជីពតែម្តងនេះបើតាមខ្ញុំសង្កេតមើលការកូដកម្មរយៈពេលពីរបី ថ្ងៃនេះ ដោយគេមានចេតនាបង្អាក់ការចុះបញ្ជីការរបស់ពួកខ្ញុំ ដោយមានចេតនាធ្វើម៉េចឲ្យពួក ខ្ញុំលាចេញពីសហជីព ហើយចេញពីក្រុមហ៊ុនហ្នឹង ឬក៏គម្រាមកំហែងឲ្យពួកខ្ញុំចេញពីក្រុមហ៊ុនគេនេះ»

វីអូឌីមិនសុំការឆ្លើយតបពីភាគីរោងចក្របានទេចំពោះបញ្ហានេះ។

ប្រធាននាយកដ្ឋានដោះស្រាយវិវាទកូដកម្ម បាតុកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈលោក វ៉ា យុវឌ្ឍនា មានប្រសាសន៍ថា លោកមិនបានដឹងរឿងនេះទេ ដោយថា លោកមាន តួនាទីដោះស្រាយត្រឹមតែក្នុងខណ្ឌពោធិ៍សែនជ័យ។ ចំណែកអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ទូរសព្ទចូលច្រើនដងមិនទទួល។

ការតវ៉ារបស់កម្មករនៅថ្ងៃនេះ យើងក៍សង្កេតឃើញមានសមត្ថកិច្ចមួយចំនួនចាំឃ្លាំមើលនិង ការពាររោងចក្រផងដែរ។

ក្រុមកម្មករឲ្យដឹងថារោងចក្រ សៅលែន មានកម្មករសរុបជិត២០០០នាក់ដោយភាគច្រើន បានចេញតវ៉ា ហើយកម្មករទាំងនោះព្រមានថា ប្រសិនបើមិនមានដំណោះស្រាយទេពួកគេ នឹងនាំគ្នាទៅកិច្ចអន្តរាគមន៍ពីក្រសួងការងារ និងស្ថាប័នរដ្ឋផ្សេងទៀត។

សម្ព័ន្ធសហជីពចលនាកម្មករនៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកការ ព្យួរការងារថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួននោះ គឺជាការរើសរើង និងប៉ុនប៉ងរំលាយសហ ជីពឯករាជ្យពីសំណាក់ភាគីក្រុមហ៊ុន ហើយថា ទង្វើររបស់ក្រុមហ៊ុនធ្វើនោះ គឺកំពុងរំលោភ ច្បាប់ស្តីពីការងារ និងអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ(ILO)ទាំងស្រុង។

សម្ព័ន្ធសហជីពនេះបានអំពាវនាវសុំឲ្យក្រសួងការងារ អង្គការអន្តរជាតិ អ្នកបញ្ជាទិញ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតជួយអន្តរាគមន៍លើករណីនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ