គណបក្សប្រជានកម្ពុជាអះអាងថាខ្លួនឈ្នះការបោះឆ្នោតឃុំ-សង្កាត់ «ដ៏ធំធេង» បើទោះជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់ប្រកាសលទ្ធផលផ្លូវការក៏ដោយ។
ក្នុងលិខិតមួយដែលចុះហត្ថលេខា ដោយ លោក ហ៊ុន សែន កាលពីថ្ងៃទី៧ខែមិថុនា គណបក្សប្រជាជនកម្ពុជា បានអះអាងថា ខ្លួនទទួលបានតំណែងមេឃុំ ចៅសង្កាត់ ជាង១១៥០ ស្មើនឹង៧០%នៃឃុំ សង្កាត់សរុប១៦៤៦។គណបក្សកាន់អំណាចនេះ បន្តថាខ្លួនទទួលបានសំឡេងឆ្នោតសរុបជាង៣លាន៥សែនសំឡេង ស្មើប្រមាណ៥១%។
គណបក្សដែលរបូតអស់២២អសននៃតំណាងរាស្ត្រកាលពីឆ្នាំ២០១៣នោះ បានអះអាងទៀតថា នៅពេលបោះឆ្នោតឆ្នាំ២០១៨ ខ្លួននឹងទទួលបានអសនៈ៧១ គឺកើន៣អសនៈពីចំនួន៦៨ដែលមានស្រាប់។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប នឹងពិចារណាចាត់វិធានការច្បាប់លើអង្គការ គណបក្សនយោបាយ និងបណ្ដាញសារព័ត៌មាន ដែលចុះផ្សាយលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន មុន គ.ជ.ប ប្រកាសផ្លូវការ ដោយថា វានាំឲ្យមានភាពមិនប្រក្រតី និងធ្វើឲ្យពលរដ្ឋយល់ច្រឡំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា អ្វីដែលគណបក្សលោកផ្សព្វផ្សាយគឺជាលទ្ធផលក្រៅផ្លូវការ ដោយថាមិនខុសច្បាប់បោះឆ្នោតនោះទេ។
ក្នុងលិខិតរបស់គណបក្សប្រជាជនកម្ពុជា ក៏បានចំអកឲ្យគណបក្សជាគូប្រកួតថា បរាជ័យក្នុងការប៉ុនប៉ងកាន់កាប់ស្ថាប័នព្រឹទ្ធសភា។
គណបក្សសង្គ្រោះជាតិ អះអាងថាខ្លួន បានសំឡេងឆ្នោតប្រមាណជា៤៦% នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។ នេះបើតាមលទ្ធផលបឋមនៃការរាប់សំឡេងឆ្នោតដោយគណបក្សនេះ។
លោក យឹម សុវណ្ណ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សសង្គ្រោះជាតិថា «លទ្ធផលបឋមនេះ នឹងធ្វើឲ្យគណបក្សសង្គ្រោះជាតិកើនសំឡេងពី៣០% នៅក្នុងការបោះឆ្នោតឆ្នាំ២០១២ទៅ៤៦%» នៅឆ្នាំ២០១៧នេះ។ លោកបន្ថែមថា៖ «គណបក្សសង្គ្រោះជាតិឈ្នះប្រមាណជាជាង៥០០ឃុំ»៕









