ជនជាតិវៀតណាមមួយចំនួនរស់នៅរាជធានីភ្នំពេញ បានរៀបរាប់ថា ពួកគេរាប់រយនាក់បាត់សិទ្ធិបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ ក្រោយពីបក្សនយោបាយធំពីរព្រមព្រៀងគ្នាធ្វើកំណែទម្រង់ គ.ជ.ប ថ្មី។
បន្ទាប់ពីជាប់គាំងនយោបាយអស់រយៈពេលមួយឆ្នាំ នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ដោយដូរសមាសភាព គជប ចាស់ ដាក់សមាសភាព គជប ថ្មី បន្ទាប់ពីបក្សប្រឆំាងដឹកនាំពលរដ្ឋរាប់សែននាក់ ធ្វើបាតុកម្មមិនព្រមទទួលយកលទ្ធផលបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០១៣។
នៅឆ្នាំ២០១៣ គណបក្សប្រឆាំងអះអាងថា មានជនជាតិវៀតណាមទៅបោះឆ្នោតរាប់ពាន់នាក់។ ប៉ុន្តែនៅពេលចុះសាកសួក្រោយបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧នេះ ជនជាតិវៀតណាមរាប់រយនាក់ថា ពួកគេមិនមានឈ្មោះបោះឆ្នោតទៀតទេ ជាពិសេសនៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដោយសារពួកគេមិនមានឯកសារគ្រប់គ្រាន់។
អង្គុយលើម៉ូតូនៅក្រោមដើមឈើមុខផ្ទះ អ្នកស្រី ហោ ង៉ា បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា គាត់រស់នៅ រាជធានីភ្នំពេញ ជាង៣០ឆ្នាំហើយ ប៉ុន្តែអាជ្ញាធរមិនព្រមធ្វើ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណឲ្យពួកគេនោះទេ ដោយថាករណីនេះ ធ្វើឲ្យគាត់បាត់សិទ្ធិបោះឆ្នោតឃុំ សង្កាត់។
អ្នកស្រីនិយាយថា «បើគេធ្វើអី គេអត់ធ្វើឲ្យទេ ចេះតែទ្រំាទៅ…គេថាជនជាតិវៀតណាមមិនបានធ្វើទេ មិនមានច្បាប់ធ្វើឲ្យទេ ហើយយើងទៅ[ផ្ទះ]វិញទៅ នៅអាមេរិកកំាងក៏៥ឆ្នាំគេធ្វើឲ្យ គេចូលសញ្ជាតិឲ្យ»។
ជនជាតិវៀតណាមរូបនេះ ក៏បានបង្ហាញការសោកស្តាយ ដោយថាមិនបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅអាណត្តិនេះ ដើម្បីជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត។
ឈរក្បែរចិញ្ចើមផ្លូវ លោក ជា ឡា ជាជនជាតិវៀតណាម រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឲ្យដឹងដែរថា ជារៀងរាល់អាណត្តិ ជនជាតិវៀតណាមនៅខណ្ឌច្បារអំពៅរាប់រយគ្រួសារបានទៅបោះឆ្នោត។ ប៉ុន្តែលោកបង្ហាញការងឿងឆ្ងល់ថា នៅអាណត្តិនេះមិនមានជនជាតិវៀតណាមច្រើនទៅបោះឆ្នោតនោះទេ។
លោកនិយាយថា «មនុស្សឥឡូវអត់ទៅបោះឆ្នោតច្រើនឆ្នាំនេះ មិនសូវដឹងដែរ មិនសូវដឹងទេ ខ្ញុំទៅខេត្តទើបតែមកខ្ញុំមិនសូវដឹងប៉ុន្មានទេ»។
អ្វីដែលគួរឲ្យកត់សំគាល់ ក្រោយពីសម្ភាសន៍ជនជាតិវៀតណាមប្រហែល២០នាក់ គឺពួកគេទំាងអស់មាន ត្រកូល និងឈ្មោះ ដូចខ្មែរផងដែរ។
វ័យប្រហែល៤០ឆ្នាំ អ្នកស្រី ជិន ធារី ជនអន្តោប្រវេសន៍វៀតណាមរស់នៅសង្កាត់ច្បាអំពៅ បាននិយាយរៀបរាប់ថា បើអាជ្ញាធរកម្ពុជាមិនឲ្យពួកគាត់រស់នៅលើទឹកដីកម្ពុជាទេ អ្នកស្រីថា ពួកគេនឹងត្រឡប់ទៅប្រទេសកំណើតវិញ។
អ្នកស្រីនិយាយថា «បើគេ[អាជ្ញាធរ]ថាឲ្យយើងនៅ យើងនៅទៅ បើថាគេមិនឲ្យយើងនៅមិនដឹងធ្វើម៉េច តាមគេគិតយ៉ាងម៉េច គេគិតទៅ បើគេថាអត់ឲ្យយើង គេថាបង់លុយ យើងក៏ខំរកលុយបង់ទៅ»។
ជនជាតិវៀតណាមមួយចំនួនបាននិយាយថា ពួកគេបាត់សិទ្ធិបោះឆ្នោតនៅសង្កាត់ច្បារអំពៅទី២ ក្នុងអាណត្តិនេះ ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមិនអាចឈ្នះឆ្នោតធ្វើចៅសង្កាត់បានដូចកាលពីអាណត្តិមុនៗ ខណៈបក្សប្រឆំាងឈ្នះឆ្នោតនៅសង្កាត់ច្បារអំពៅទី២ នៅឆ្នំា២០១៧នេះ។
ដើមកំណើតវៀមណាម និងមានស្វាមីជាខ្មែរ អ្នកស្រី នួន ស្រីពៅ បានអះអាងថា បើអាណត្តិនេះជនជាតិវៀតណាមមានឯកសារគ្រប់គ្រាន់ គណបក្សប្រជាជនកម្ពុជានឹងឈ្នះគណបក្សសង្គ្រោះជាតិ ដើម្បីគ្រប់គ្រងសង្កាត់ច្បារអំពៅបន្តទៀត។
អ្នកស្រីនិយាយថា «ខ្ញុំប្រាប់ច្បារអំពៅ បើធ្វើអត្តសញ្ញាណប័ណ្ណវិញ គឺអត់ចាញ់ទេច្បារអំពៅ អត់បានធ្វើ បានអីទៅបោះកើត បោះអត់កើតទេ ធ្វើបានតិចតួចដោយសារខ្ញុំស្គាល់ពូ ដូចថាខ្ញុំនៅទីនោះយូរ នៅតំាងពីតូចរហូតដល់ធំ គាត់អាណិតស្រលាញ់ ណាមួយប្តីខ្ញុំខ្មែរ ពូគាត់អាណិតស្រលាញ់ ដូចថាគាត់យល់ថាគ្រួសារខ្ញុំល្អ គាត់ចេញមុខធានា គាត់ធ្វើឲ្យបានខ្ញុំបានបោះ បើគាត់អត់ធានា ក៏ខ្ញុំអត់បានបោះដែរ»។
វ័យ៤៣ឆ្នាំ អង្គុយបោកខោ អាវ អ្នកស្រី គឹម សាវុធ បាននិយាយបើកចំហថា គាត់បានបោះឆ្នោតគំាទ្រ បក្សកាន់អំណាចជារៀងរាល់អាណត្តិ ។
នៅពេលសួរថា បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំសង្កាត់ច្បារអំពៅនេះ តើអ្នកស្រីយល់ឃើញយ៉ាងណាដែរ? អ្នកស្រីឆ្លើយយ៉ាងខ្លីថា មិនចាប់អារម្មណ៍នោះទេ។
អ្នកស្រីមានប្រសាសន៍ថា «អត់ទេធម្មតា អ្នកណាជាប់ៗទៅ អត់គិតអីផង គិតតែរឿងលុយចាយគ្រួសារបានហើយ គេម៉េចៗទៅខាងមនុស្សធំ[ថ្នាក់ដឹកនាំមូលដ្ឋាន]គេធ្វើ បើយើងប្រជាជន»។
តាមរបាយការណ៍បឋមរបស់ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបាន៤៦២៣សំឡេង ពោលចាញ់គណង្គ្រោះជាតិដែលទទួលបាន៥៣១៥សំឡេងនៅសង្កាត់ច្បារអំពៅទី២។
ដើមកំណើតវៀតណាម មានវ័យជាង៤០ឆ្នាំ អ្នកស្រី សុខ ថា បាននិយាយទៀតថា គាត់ស្នើទៅអ្នកដឹកនាំសង្កាត់ថ្មី កុំរើសអើងពួកគេ ដែលជាជនជាតិវៀតណាមរស់នៅក្នុងទឹកដីកម្ពុជា។
អ្នកស្រីថា «កុំឲ្យគេស្អប់ខ្ពើមយើង…បុណ្យសព្វថ្ងៃឲ្យបានតែសុខបានហើយ»។
ចំណែក ជនជាតិវៀតណាមមួយរូបទៀត អង្គុយធ្វើម៉ូតូនៅក្នុងរាជធានីភ្នំពេញ លោក ចាន់ វិបុល បាននិយាយថា គាត់មិនបានទៅបោះឆ្នោតឃុំ សង្កាត់ទេ នៅអាណត្តិនេះ ដោយលោកថា ជាប់រវល់រកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ។
អ្នកស្រីនិយាយថា «ភាគច្រើនគេទៅបោះ គេគិតគូជាងយើងទៀត គ្មានយើងម្នាក់ក៏អត់អីដែរ បើទៅបោះឆ្នោតខាតមួយថ្ងៃ…រវល់ធ្វើម៉ូតូ…ពីរយ៉ាង[ការបោះឆ្នោត និងធ្វើម៉ូតូ]សំខាន់ដូចគ្នា តែមួយរឿងយើងមានតែ បោះឆ្នោតមានគ្រួសារយើងទៅហើយ ក៏មិនចំាបាច់យើងទៅទេ ប៉ា ម៉ាក់ ខ្ញុំទៅបោះ បងខ្ញុំទៅបោះដែរ មានតែខ្ញុំម្នាក់អត់ទៅ គំនិតយើងដូចគ្រួសារយើង»។
ក្រោយការបោះឆ្នោតឃុំ សង្កាត់ ថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ មិនទាន់ឃើញថា បក្សប្រឆំាងនិងប្រជាពលរដ្ឋ ដាក់ពាក្យប្តឹងទៅ គ.ជ.ប ទាក់ទងករណីជនជាតិវៀតណាមទៅបោះឆ្នោត ដូចកាលពីឆ្នាំ២០១៣នោះទេ។
បើគិតត្រឹមថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលដោះស្រាយបណ្ដឹងចំនួន៧១ ក្នុងនោះ២៨បណ្ដឹង ដោយប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ ចំណែក៤៣បណ្ដឹងទៀត ប្ដឹងសុំដាក់ពិន័យលើអ្នកប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌ ផ្ទុយនឹងច្បាប់បោះឆ្នោតឃុំសង្កាត់។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ គំាទ្រការធ្វើកំណែទម្រង់ គ.ជ.ប ថ្មី ដោយលោកថាកំណែទម្រង់នេះ ទប់ស្កាត់ជនជាតិវៀតណាមខុសច្បាប់មិនឲ្យទៅបោះឆ្នោតបាន។ លោកបញ្ជាក់ថា គោលនយោបាយគណបក្សប្រឆំាងមិនយកខ្មែរ និងជនបរទេសស្របច្បាប់ណាធ្វើជាសត្រូវនោះទេ ដោយថាបក្សនេះមានតែជួយការពារសិទ្ធិប្រជាពលរដ្ឋទំាងអស់ឲ្យស្របតាមរដ្ឋធម្មនុញ្ញ។
លោកនិយាយថា «យើងគ្រាន់តែអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់សញ្ជាតិឲ្យមានប្រសិទ្ធិភាពតែប៉ុណ្ណោះ គាត់អត់មានឯកសារ គាត់អត់មានឯកសារគ្រប់គ្រាន់ គាត់រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ គាត់ត្រូវតែគោរពច្បាប់ គាត់ត្រូវតែទទួលនូវទោសទណ្ឌទៅតាមច្បាប់ដែលបានកំណត់ ប៉ុន្តែអ្នកដែលរស់នៅស្របច្បាប់នៅប្រទេសកម្ពុជា គេមានឯកសារគ្រប់គ្រាន់យើងមិនដែលចាត់ទុកអ្នកណាជាសត្រូវពីកាលណា»។
កាលពីដើមឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិ ដាក់ពាក្យប្តឹងទៅ គជប ឲ្យលុបឈ្មោះជនជាតិវៀតណាមពីបញ្ជីឈ្មោះបោះឆ្នោត បន្ទាប់ពីបក្សនេះរកឃើញថា មានឈ្មោះជនជាតិវៀតណាមប្រើអត្តសញ្ញណប័ណ្ណខ្មែរខុសប្រក្រតីប្រមាណ៣២០០ករណី ដោយថាភាគច្រើនរស់នៅសង្កាត់ច្បារអំពៅនិងសង្កាត់ផ្សេងទៀត ក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែមន្ត្រី គជប អះអាងថា គ.ជ.ប មិនអាចគ្រប់គ្រងទិន្នន័យចំនួនជនបរទេសដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរបានឡើយ ដោយថា ឲ្យតែជនបរទេសទាំងនោះកាន់អត្តសញ្ញាតិប័ណ្ណសញ្ញាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ គឺសុទ្ធតែអាចបោះឆ្នោតទាំងអស់។
នាយកប្រតិបត្តិអង្គការនិចហ្វិចលោក សំ គន្ធាមី សង្កេតឃើញថា ការបោះឆ្នោតឃុំ សង្កាត់អាណត្តិនេះ មិនសូវមានជនជាតិវៀតណាមទៅបោះឆ្នោតនោះទេ ក្រោយពីគណបក្សធំ២ គឺបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិធ្វើកំណែទម្រង់ គជប ។
លោក គន្ធាមី យល់ថា ទោះជាបក្សណាជាប់ឆ្នោតក៏មិនអាចបណ្តេញជនជាតិវៀតណាមស្របច្បាប់ ចេញពីកម្ពុជាបាននោះទេ ដោយលោកថា អ្នកឈ្នះឆ្នោតត្រូវអនុវត្តច្បាប់កុំឲ្យមានការរើសអើងជាតិសាសន៍។
លោកនិយាយថា «មេឃុំ ចៅសង្កាត់ថ្មីក៏ដោយ សូមអនុវត្តទៅតាមច្បាប់ទៅ ហើយបំរើប្រជាពលរដ្ឋអត់មានការរើសអើង គឺថារើសអើងបានន័យថា គេត្រូវច្បាប់ហើយ យើងប្រព្រឹត្តលើគេអាក្រក់បានន័យថារើសអើង ហើយគេប្រព្រឹត្តខុសដូចគ្នា មិនថាពលរដ្ឋខ្មែរ ពលរដ្ឋវៀតណាម ត្រូវអនុវត្តតាមច្បាប់យើង ទំាងអស់គ្នា»។
តាមលទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ថយចុះមេឃុំ ចៅសង្កាត់ ពី១៥៩២ កាលពីឆ្នាំ២០១២ មកនៅ១១៥៨ ឆ្នាំ២០១៧ ខណៈគណបក្សសង្រ្គោះជាតិ កើនមេឃុំ ពីចំនួន៤០ ទៅដល់៤៨៧ មេឃុំ ចៅសង្កាត់។ ហើយសង្កាត់នៅក្នុងភ្នំពេញសរុប១០៥ ក្នុងនោះសង្គ្រោះជាតិឈ្នះ៥៧សង្កាត់ រីឯបក្សប្រជាជនកម្ពុជានៅសល់៤៨សង្កាត់៕