កម្មករកម្មការិនីហ្គាវ័ន្តជាង ២០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខរោងចក្រទាំងភ្លៀងធ្លាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទាមទារឲ្យថៅកែរោងចក្រនេះបើកប្រាក់ឈ្នួលដែលនៅសេសសល់នាពេលកន្លងមក។
កម្មករម្នាក់ លោក ឃឹម មករា បានប្រាប់វីអូឌីតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា កម្មករជាង ២០០នាក់ មកពីរោងចក្រកាត់ដេរសម្លៀកបំពាក់ហ្គាវ័ន្ត ស្ថិតក្នុងសង្កាត់តាខ្មៅ បានទាមទារទៅថៅកែរោងចក្រនេះ ឲ្យបើកប្រាក់ឈ្នួលឲ្យពួកគេ។
លោកបន្តថា ថៅកែរោងចក្រមិនត្រឹមតែមិនបើកប្រាក់ខែឲ្យកម្មករនោះទេ ប៉ុន្តែ ថែមទាំងមិនបើកទ្វារឲ្យពួកគាត់ចូលជ្រកភ្លៀងទៀតផង។
លោក មករា ប្រាប់ថា ក្រុមកម្មករបានស្វែងរកអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយអស់រយៈពេលជាងកន្លះខែមកហើយ ប៉ុន្តែ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ៕









