រដ្ឋាភិបាលកម្ពុជាបានប្រកាសប្រមូលពន្ធផ្លូវសម្រាប់ឆ្នាំ២០១៧ទៅលើមធ្យោបាយដឹកជញ្ជូនទាំងអស់ចាប់ពីថ្ងៃទី១៥ មិថុនា ដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១២ មិថុនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថាចាប់ពីថ្ងៃទី១៥ មិថុនានេះខ្លួននឹងចាប់អនុវត្តការប្រមូលពន្ធផ្លូវសម្រាប់ឆ្នាំ២០១៧ទៅលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ រហូតដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧នេះ។
អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងបន្ថែមថា ម្ចាស់យានយន្តទាំងអស់អាចទៅបង់ពន្ធបាននៅតាមសាខាពន្ធដារខេត្ត ខណ្ឌ សាខាធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគាវឌ្ឍនៈ ឬធនាគារកម្ពុជាសាធារណៈ ដោយភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងរួមមាន ប័ណ្ណសម្គាល់យានយន្ត ឬវិញ្ញាបនបត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬបង្កាន់ដៃបង់ពន្ធនាំចូល ឬលិខិតបញ្ជាក់ការប្រើប្រាស់យានយន្តដែលចេញដោយឃុំសង្កាត់(ចំពោះយានយន្តកែច្នៃក្នុងស្រុក) និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើតរបស់ម្ចាស់យានយន្ត។
ផុតការប្រមូលពន្ធនេះនៅថ្ងៃទី១ មករា ឆ្នាំ២០១៨ អង្គភាពពន្ធដារនឹងចុះត្រួតពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយដែលមិនបានបង់ពន្ធ ដែលការពិន័យនោះ នឹងបង់ប្រាក់ពិន័យ១០០ភាគរយនៃប្រាក់ដែលបង់ពន្ធ៕









