អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែមិថុនានេះ បានទម្លាយនូវលទ្ធផលនៃការស្ទង់មតិមួយ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបញ្ជាក់ថា ការស្ទង់មតិនោះ ត្រូវបានធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការជួលក្រុមហ៊ុនឯកជនមួយនៅឯបរទេស ឲ្យរៀបចំកាលពីឆ្នាំ២០១៦កន្លងមក។
ឯកសារកម្រាស់ ៥០ទំព័រនោះ បានបង្ហាញថា ការស្ទង់មតិនោះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន SHAVIV STRATEGY & CAMPAIGN។ វាជាក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ខាងនយោបាយលំដាប់អន្តរជាតិ មានមូលដ្ឋាននៅក្នុងប្រទេសអ៊ីស្រាអ៊ែល និងមានជំនាញខាងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សនយោបាយនៅតាមបណ្ដាប្រទេសជាច្រើន ឲ្យទទួលបានជោគជ័យ។
ការស្ទង់មតិដែលត្រូវបានទម្លាយដោយអតីតមេបក្សប្រឆាំងរូបនេះ ត្រូវបានគេសាកសួរទៅកាន់មនុស្សដែលជាសំណាកចំនួន ៥,៣៧៩នាក់ នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដោយផ្អែកតាមចំនួនប្រជាជន និងតាមរយៈវិធីសាស្ត្រសម្ភាសទល់មុខគ្នា ហើយត្រូវបានធ្វើឡើង ២លើក នៅក្នុងខែឧសភាម្ដង និងនៅក្នុងខែកញ្ញាម្ដងទៀត កាលពីឆ្នាំ២០១៦កន្លងមក។
ក្រោយពីលោក សម រង្ស៊ី បានទម្លាយនូវលទ្ធផលនៃការស្ទង់មតិនេះរួចមក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានទទួល ហើយចាត់ទុកថា ជាសិទ្ធិសេរីភាពរបស់គណបក្សនីមួយៗ សម្រាប់រៀបចំយុទ្ធសាស្ត្រ។
បន្ទាប់ពីការស្ទង់មតិនោះ ត្រូវបានទម្លាយឲ្យដឹងជាសាធារណៈ ហើយខាងគណបក្សកាន់អំណាចក៏បានទទួលផងដែរនោះ វាបានចោទជាសំណួរឡើងថា តើលទ្ធផលនៃការស្ទង់មតិនោះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវទស្សនៈរបស់ប្រជាពលរដ្ឋដូចម្ដេចខ្លះ?
ការពិតទៅ ការស្ទង់មតិនេះបានប្រើប្រាស់កម្រងសំណួរជាច្រើន សម្រាប់សាកសួរទៅប្រជាពលរដ្ឋជាច្រើន ដែលនៅក្នុងភាសាស្រាវជ្រាវ គេហៅថា អ្នកឆ្លើយតប។ សំណួរភាគច្រើនសុទ្ធតែមានពាក់ព័ន្ធនឹងការប្រៀបធៀបគ្នារវាងកម្លាំងនយោបាយរបស់បក្សកាន់អំណាច និងបក្សប្រឆាំង និងរវាងបុគ្គលនយោបាយធំៗ ៣រូប នៅក្នុងគណបក្សធំៗទាំងពីរនេះ។
សំណួរដំបូងគេ ដែលលេចឡើងនៅលើការស្ទង់មតិដែលមានចំណងជើងថា “ការស្រាវជ្រាវពីទស្សនៈសាធារណជននៅកម្ពុជា” នោះ គឺថា តើរដ្ឋាភិបាលដឹកនាំដោយបក្សកាន់អំណាច ដើរលើផ្លូវត្រូង ឬផ្លូវខុស?
ជាលទ្ធផល ការស្ទង់មតិលើកទី១ នៅខែឧសភា រកឃើញថា ពលរដ្ឋ ឬអ្នកឆ្លើយតប ៤៨ភាគរយ ជឿថា រដ្ឋាភិបាលដើរលើផ្លូវត្រូវ ខណៈអ្នកឆ្លើយតប ៤១ភាគរយ យល់ថា រដ្ឋាភិបាលដើរលើផ្លូវខុស ហើយពលរដ្ឋ ១០ភាគរយទៀត គិតថា រដ្ឋាភិបាលដើរទាំងលើផ្លូវត្រូវ និងផ្លូវខុស។
ការស្ទង់មតិលើកទី២ នៅក្នុងខែកញ្ញា បានរកឃើញថា ចំនួនអ្នកជឿថា រដ្ឋាភិបាលដើរលើផ្លូវត្រូវនោះ បានធ្លាក់ចុះមកនៅត្រឹម ៤៣ភាគរយប៉ុណ្ណោះ ហើយចំនួនអ្នកគិតថារដ្ឋាភិបាលដើរលើផ្លូវខុសក៏ធ្លាក់ចុះមកនៅ ៣៨ភាគរយផងដែរ។ ផ្ទុយទៅវិញ ពលរដ្ឋដែលគិតថារដ្ឋាភិបាលដើរលើផ្លូវត្រូវផង និងខុសផងនោះ បានកើនឡើងទៅដល់ ១៦ភាគរយ។
ការស្ទង់មតិដដែលនេះ បានពង្រីកទៅដល់បញ្ហាកើតឡើងក្នុងសង្គមកម្ពុជា ដែលអ្នកស្រាវជ្រាវគិតថា រដ្ឋាភិបាលគួរតែខិតខំធ្វើបន្ថែមទៀត។ ជាលទ្ធផល ពលរដ្ឋបានលើកឡើងយ៉ាងច្រើនអំពីបញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ បញ្ហាតម្លៃកសិផលធ្លាក់ចុះ អំពើពុករលួយ បញ្ហាបរិស្ថាន និងទីផ្សារការងារសម្រាប់ប្រជាជន។
ការស្ទង់មតិនេះ ក៏បានព្យាយាមស្វែងយល់ថា តើគណបក្សកាន់អំណាចខ្លាំង ឬខ្សោយលើចំណុចណាខ្លះ ហើយជាលទ្ធផល បក្សនេះមានចំណុចខ្លាំងលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យអប់រំ។ ថ្វីបើយ៉ាងនេះក៏ដោយ បក្សនេះ ត្រូវបានពលរដ្ឋគិតថា មានចំនុចខ្សោយខ្លាំងលើការគ្រប់គ្រងបញ្ហាឧក្រិដ្ឋកម្ម និងគ្រឿងញៀន អំពើពុករលួយដ៏រីករាលដាល និងការគ្រប់គ្របធនធានធម្មជាតិមិនបានត្រឹមត្រូវ។
ជុំវិញការដោះស្រាយបញ្ហាទំនាក់ទំនងកម្ពុជា-វៀតណាម បញ្ហាសេដ្ឋកិច្ច ការកាត់បន្ថយអំពើពុករលួយ ការអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពលរដ្ឋភាគច្រើន សុទ្ធតែជឿជាក់ទៅលោក សម រង្ស៊ី និងបក្សប្រឆាំង ច្រើនជាងលោក ហ៊ុន សែន និងបក្សកាន់អំណាច។
មិនថា បញ្ហាបង្កើតទីផ្សារការងារ និងការដោះស្រាយបញ្ហាតម្លៃកសិផល ពលរដ្ឋភាគច្រើនសុទ្ធតែគិតថា លោក សម រង្ស៊ី និងបក្សប្រឆាំង នឹងដោះស្រាយបានល្អជាងលោក ហ៊ុន សែន និងបក្សរបស់លោក។ ផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ និងបក្សកាន់អំណាច នៅតែបន្តភាពខ្លាំងខាងផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអប់រំ។
ឃាតកម្មលើលោក កែម ឡី ដែលជាបញ្ហាដ៏រសើបដែលកើតឡើងនៅឆ្នាំមុននោះ ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងការស្ទង់មតិនោះដែរ ដោយជាលទ្ធផល ត្រូវបានរកឃើញថា អ្នកឆ្លើយតបដល់ទៅ ៦៦ភាគរយ គ្មានជំនឿសោះឡើយថា នឹងមានយុត្តិធម៌សម្រាប់សពអ្នកវិភាគដ៏ល្បីល្បាញរូបនេះនោះទេ។
ការស្ទង់មតិនោះ ក៏ចង់ដឹងផងដែរថា តើពលរដ្ឋនឹងជ្រើសរើសបក្សណា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះ។ ជាលទ្ធផល អ្នកឆ្លើយតបភាគច្រើន បានឆ្លើយថា នឹងជ្រើសរើសបេក្ខជនមកពីបក្សប្រឆាំង ដែលនេះវាផ្ទុយទៅនឹងលទ្ធផលជាក់ស្ដែងនៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងមក ដែលបង្ហាញថា បក្សកាន់អំណាចនៅតែឈ្នះបានឃុំ-សង្កាត់ភាគច្រើននៅទូទាំង បើទោះបីបាត់បង់ឃុំ-សង្កាត់ជិត ៥០០ ទៅខាងបក្សប្រឆាំងក៏ដោយ។
ចំណុចសំខាន់បំផុតនៅក្នុងការស្ទង់មតិនេះ គឺការប្រមើលមើលទៅលទ្ធផលនៃការបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះ។ លទ្ធផលនៃការស្ទង់មតិលើកទី១ ដែលធ្វើឡើងនៅមុនឃាតកម្មលើលោក កែម ឡី នោះ បានបង្ហាញថា ពលរដ្ឋភាគច្រើនដល់ទៅ ៤៦ភាគរយ នឹងបោះឆ្នោតឲ្យបក្សកាន់អំណាច ខណៈដែលពលរដ្ឋ ៣៦ភាគរយទៀតថា នឹងជ្រើសរើសបក្សប្រឆាំង។ ប៉ុន្តែ ការស្ទង់មតិនៅខែកញ្ញា នៅក្រោយឃាតកម្មលើលោក កែម ឡី នោះ បានបង្ហាញថា អ្នកឆ្លើយតបដល់ទៅ ៤៤ភាគរយ បានសម្រេចចិត្តបោះឆ្នោតឲ្យបក្សប្រឆាំង ខណៈអ្នកឆ្លើយតប ៣៥ភាគរយ សម្រេចចិត្តបោះឆ្នោតឲ្យបក្សកាន់អំណាច។ អ្វីដែលគួរឲ្យកត់សម្គាល់នៅត្រង់ចំណុចនេះ គឺចំនួនភាគនៃអ្នកដែលមិនទាន់សម្រេចចិត្តនោះ បានហក់ឡើងពី ៩ភាគរយ នៅក្នុងខែឧសភា ដល់ ១៧ភាគរយនៅក្នុងខែកញ្ញា។
លទ្ធផលប្រែប្រួលបែបនេះ ក៏ត្រូវបានរកឃើញផងដែរ នៅក្នុងសំណួរមួយថា តើពលរដ្ឋនឹងបោះឆ្នោតឲ្យលោក ហ៊ុន សែន ទៀតឬទេ ដោយមិនថា នរណាឈរឈ្មោះប្រជែងនឹងរូបលោកក៏ដោយនោះ? នៅក្នុងខែឧសភា ឬប្រហែល ២ខែមុនឃាតកម្មលើលោក កែម ឡី នោះ អ្នកឆ្លើយតបដល់ទៅ ៤៩ភាគរយ ប្រាប់ថា ពួកគេនឹងបោះឆ្នោតឲ្យលោក ហ៊ុន សែន ទៀត។ ប៉ុន្តែ ក្រោយឃាតកម្មនោះបានកើតឡើងនៅកណ្ដាលទីក្រុងភ្នំពេញនោះ ចំនួនអ្នកឆ្លើយតបថានឹងបោះឆ្នោតលោក ហ៊ុន សែន នោះ បានធ្លាក់ចុះមកនៅត្រឹមតែ ៣៥ភាគរយប៉ុណ្ណោះ ហើយចំនួនអ្នកឆ្លើយថានឹងមិនបោះឆ្នោតឲ្យលោក ហ៊ុន សែន នោះ បានហក់ឡើងពី ៤២ភាគរយនៅខែឧសភា ទៅដល់ចំនួន ៥២ភាគរយនៅក្នុងការស្ទង់មតិនៅខែកញ្ញា។
លទ្ធផលនៃការស្ទង់មតិនេះ បានបង្ហាញទៀតថា មិនថាចំណាត់ការតាមផ្លូវតុលាការបែបណាទៅលើលោក សម រង្ស៊ី ឬលោក កឹម សុខា នោះទេ អ្នកឆ្លើយតបដល់ទៅ ៦៤ភាគរយ គិតថា វាជាចំណាត់ការអយុត្តិធម៌។
ជាងនេះទៅទៀត ការស្ទង់មតិដដែលនេះ ក៏បានចង្អុលបង្ហាញឲ្យឃើញផងដែរថា មិនថាបក្សកាន់អំណាចព្យាយាមគាប់សង្កត់បែបណាទៅលើបក្សប្រឆាំង និងមេដឹកនាំរបស់បក្សនេះនោះទេ អ្នកឆ្លើយតបភាគច្រើន ប្រាប់ថា ពួកគេនៅតែបោះឆ្នោតឲ្យបក្សប្រឆាំងដដែល។
ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគឺជាខ្លឹមសារសំខាន់ៗ ដែលត្រូវបានដកស្រង់ចេញពីលទ្ធផលនៃការស្ទង់មតិ កើតចេញពីការសួរកម្រងសំណួរចំនួន ៦០ ទៅកាន់អ្នកឆ្លើយតបជាង ២ពាន់នាក់ ដែលត្រូវបានជ្រើសរើសជាសំណាកតំណាងឲ្យពលរដ្ឋនៅទូទាំងប្រទេស។
សរុបមកវិញ ការស្ទង់មតិនេះ បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្រើនអំពីនិន្នាការប្រែប្រួល និងទស្សនរបស់ប្រជាពលរដ្ឋ ដែលផ្លាស់ប្ដូរទៅតាមបញ្ហាសង្គម និងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មុននឹងឈានទៅដល់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ៕