អង្គការ Frontline Defender ដែលធ្វើការទាក់ទងនឹងសិទ្ធិមនុស្ស មានការិយាល័យនៅអឺរុប ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សរបស់សមាគមអាហុក បន្ទាប់ពីលោក នី សុខា ដួលសន្លប់ក្នុងពន្ធនាគារព្រៃស។
លិខិតអំពាវនាវកាលពីម្សិលមិញ Frontline Defender បង្ហាញពីការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃសុខភាពរបស់ លោក នី សុខា និងជំរុញឱ្យអាជ្ញាធរកម្ពុជាទម្លាក់ការចោទប្រកាន់ទាំងអស់ដែលបានធ្វើឡើងប្រឆាំងនឹងរូបលោក ក៏ដូចជាប្រឆាំងនឹង លោកស្រី លឹម មុនី លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង លោក នី ចរិយា ដោយថា ពួកគេបំពេញ ការងារដោយសន្តិភាព និងស្របច្បាប់ក្នុងការការពារសិទ្ធិមនុស្សនៅកម្ពុជា។
កាលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ លោក នី សុខា ជាប្រធានផ្នែកស៊ើបអង្កេតនៅសមាគមអាដហុកបានដួលសន្លប់នៅពន្ធនាគារព្រៃស ខណៈដែលស្ថានភាពសុខភាពរបស់គាត់កំពុងធ្លាក់ចុះ។
មន្ត្រីការពារសិទ្ធិមនុស្សអង្គការអាដហុក៤រូប រួមទាំងមន្ដ្រី គ.ជ.ប ម្នាក់ទៀតគឺ លោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីចុងខែមេសាឆ្នាំ២០១៦ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។
អ្នកទាំង៥រូបនោះ ត្រូវបានឃុំបណ្តោះអាសន្នជាងមួយឆ្នាំហើយ ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងសំណុំរឿងនាង ខុម ចាន់តារាទី ហៅ “ស្រីមុំ” ប៉ុន្តែតុលាការថា មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោស៕









