បន្ទាប់ពី លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់កាលពីព្រឹកមិញឲ្យ លោក ស ខេង ពិនិត្យផ្លូវច្បាប់ដើម្បីចាត់វិធានការលើបន្ទប់ស្ថានការណ៍បោះឆ្នោតដែលជាបណ្តុំអង្គការសង្គមស៊ីវិលនោះ លោក សម រង្ស៊ី នៅរសៀលនេះ បានចេញមុខការពារបន្ទប់ស្ថានការណ៍។
នៅលើទំព័រTwitterរបស់លោក សម រង្ស៊ី តែប៉ុន្មានម៉ោងក្រោយពីមានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរជាភាសាអង់គ្លេសក្នុងន័យជាភាសាខ្មែរថា «នេះជាការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែត ក្នុងការគំរាមកំហែង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារ នៅក្នុងបុព្វហេតុដ៏ត្រឹមត្រូវ»។
ជាមួយគ្នានេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ ដោយចាត់ទុកបន្ទប់ស្ថានការណ៍ថាជាតួអង្គសំខាន់មួយក្នុងការជំរុញឲ្យមានតម្លាភាពក្នុងការបោះឆ្នោត ហើយគណបក្សនេះចង់ឲ្យមានបន្ទប់ស្ថានការណ៍បន្តទៀត។
ក្នុងពិធីរំលឹកខួប៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដែលជួបជុំអ្នកគាំទ្ររាប់ពាន់នាក់នៅកោះពេជ្រ លោក ហ៊ុន សែន បានចោទប្រកាន់បន្ទប់ស្ថានការណ៍ថាជាទីតាំងបញ្ជាឲ្យមាន «បដិវត្តន៍ពណ៌»។«យើងបានដឹងហើយថាអង្គការក្រៅរដ្ឋាភិបាលមួយៗបានចុះឈ្មោះប៉ុន្តែរបស់ដែលហៅថាបន្ទប់ស្ថានការណ៍ដែលជាអ្នកខោកក្បាលទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។តើពួកគេមានសិទ្ធិបង្កើតនូវទីតាំងបែបនេះឬក៏ទីតាំងបែបនេះជាមូលដ្ឋានបញ្ជានៃគោលការណ៍បដិវត្តន៍ព័ណ៌?ប្រសិនបើយ៉ាងដូច្នោះ ក្រសួងមហាផ្ទៃត្រូវចាត់ការបន្ទាន់នូវអ្វីដែលពួកគេបាននិងកំពុងធ្វើក្រោមលេសតាមពិនិត្យមើលការបោះឆ្នោត»។
សមាជិកបន្ទប់ស្ថានការណ៍លោក សំ គន្ធាមី មានប្រសាសន៍ថា ការលើកឡើងរបស់ លោក ហ៊ុន សែន គឺជាការយល់ច្រឡំ តែប៉ុណ្ណោះ។
លោកបន្ថែមថា «បន្ទប់ស្ថានការណ៍នេះជាបណ្តុំអង្គការសមាគមមិនមែនរដ្ឋាភិបាលហើយអង្គការនីមួយៗជាអង្គការស្របច្បាប់ ហើយបន្ទប់ស្ថានការណ៍នេះបង្កើតតែរយៈពេលខ្លីទេធ្វើការ ជាមួយគ្នាជាក្រុមហ្នឹងតែរយៈពេលខ្លីមួយសម្រាប់លើដំណើរការបោះឆ្នោតឥលូវចប់បោះឆ្នោត យើងរំសាយវិញអស់ហើយៗពួកយើងគ្មានគំនិតធ្វើជាមូលដ្ឋានស្អីទេ ខ្ញុំសូមបដិសេធថា អត់មានជាមូលដ្ឋានជាបដិវត្តិពណ៌ទេនេះជាចំឡើយរបស់ខ្ញុំ គាត់យល់ច្រឡំហើយ»៕









