អង្គការជាង៣០ សម្តែងការមិនពេញ​ចិត្ត​សេវា​ថែទាំ​សុខភាព​អ្នក​ជាប់​ឃុំ​

អង្គការ​សង្គម​ស៊ីវិល ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការបដិសេធ​ដោយមិនត្រឹមត្រូវ និង​បែប​រើសអើង​ចំពោះ​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​របស់​អ្នកការពារសិទ្ធិមនុស្សអាដហុកដែល ជាប់ឃុំ។

សេចក្តីថ្លែងការណ៍កាលពីម្សិលមិញ របស់បណ្តុំអង្គការជាង៣០ ដែលធ្វើការទាក់ទងនឹងសិទ្ធិមនុស្ស ថ្លែង​បារម្ភជាខ្លាំងពី​អ្នកជាប់ឃុំ ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ជា​ពិសេសគឺ ​លោក នី សុខា ដែលបាន​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹក​ពន្ធនាគារ។ ​

សេចក្តីថ្លែងការបន្តថា ​ស្ថានភាព​នេះ​អាច​បណ្តាល​មក​ពី​​ការ​បដិសេធ​ចំពោះ​ក្រុម​គ្រូពេទ្យ​ក្នុងការ​ផ្ដល់​សេវាពិនិត្យ​ និងថែ​ទាំ​​សុខភាព​ឲ្យ​បានជាប់​ជា​ប្រចាំ​ដល់​អ្នកទាំងនោះ​ ​ព្រមទាំង​ស្ថានភាព​មិន​អំណោយ​ផល​នៅពន្ធនាគារ។

បើតាមសេចក្តីថ្លែងការណ៍ សង្គម​ស៊ីវិលទទូចឲ្យអាជ្ញាធរ​កម្ពុជា ​ពិចារណា​ពី​​បញ្ហា​សុខភាពរបស់​ពួកគាត់​ដែល​កំពុងតែ​ធ្លាក់ចុះ​ខ្សោយ​ជា​ខ្លាំង និង​បញ្ឈប់​ការ​​អូសបន្លាយ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​លើពួកគាត់​ដោយគ្មាន​មូលដ្ឋាន​គ្រប់គ្រាន់ ​តាមរយៈការ​បដិសេធ​សំណើ​សុំនៅ​ក្រៅឃុំ​នេះ​ទៀតទៅ។​

សង្គមស៊ីវិលឲ្យដឹងថា ក្រុម​គ្រូពេទ្យ​អង្គការ​លីកាដូ​បាន​ចូលទៅ​ពិនិត្យ​ និង​ព្យាបាល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥ ដែល​កំពុង​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ​ ចាប់​តាំង​ពីការ​ឃុំខ្លួន​របស់​អ្នក​ទាំងនោះ​ រហូត​មកទល់​ពេល​ដែល​មាន​ការ​រឹតត្បិត​ការ​ចូលទៅ​សួរ​សុខទុក្ខ ចាប់ពី​ខែមេសា​ ឆ្នាំ២០១៧​។  ទើប​តែ​សប្ដាហ៍​មុននេះ​ទេ ដែល​មាន​ការ​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​លីកាដូ​បាន​ចូល​ទៅពិនិត្យ​ និង​ព្យាបាល​អ្នកទាំង​នោះ​ដោយ​ពេញ​លេញ​វិញ។​

មន្ត្រីការពារសិទ្ធិមនុស្សអង្គការអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី រួមទាំងមន្ដ្រី គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីចុងខែមេសាឆ្នាំ២០១៦ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។

អ្នកទាំង៥រូបនោះ ត្រូវបានឃុំបណ្តោះអាសន្នជាងមួយឆ្នាំហើយ ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងសំណុំរឿងនាង ខុម ចាន់តារាទី ហៅ “ស្រីមុំ” ប៉ុន្តែតុលាការថា មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ