របាយការណ៍ក្រសួងការបរទេសអាមេរិកវាយតម្លៃថា កម្ពុជានៅមិនទាន់បំពេញបានតាមបទដ្ឋានដើម្បីលុបបំបាត់ការជួញដូរមនុស្សឡើយ ទោះបីជារដ្ឋាភិបាលបានដាក់ចេញផែនការសកម្មភាពទប់ស្កាត់ក៏ដោយ។
យោងតាមរបាយការណ៍ស្ដីពីការជួញដូរមនុស្សនៅឆ្នាំ២០១៧ ដែលចេញផ្សាយកាលពីថ្ងៃទី២៧ខែមិថុនាម្សិលមិញ ក្រសួងការបរទេសអាមេរិកវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាមិនទាន់បំពេញបានតាមលក្ខខណ្ឌតម្រូវមួយចំនួនដើម្បីលុបបំបាត់អំពើជួញមនុស្សនៅឡើយ ដូចជាការជោគជាំដោយអំពើពុករលួយ ដែលនាំឲ្យមានការជួញដូរមនុស្សក្នុងវិស័យជាច្រើន ពិសេសអំពើជួញដូរមនុស្សនេះ គឺច្រើនកើតក្នុងចំណោមក្រុមងាយរងគ្រោះ។
របាយការណ៍ដដែលនេះឲ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើការស៊ើបអង្កេត កាត់ទោសនិងផ្ដន្ទាទោសមន្ដ្រីមួយចំនួនដែលជាប់ពាក់ព័ន្ធ ដោយថា ស្ថាប័នតុលាការបានបញ្ចប់សំណុំរឿងទាំងនេះ តាមរយៈការជួសជុលជាសំណងទឹកប្រាក់ ជំនួសឲ្យការដាក់ទោសជាប់ពន្ធនាគារ។
ក្រសួងការបរទេសអាមេរិករិះគន់ថា រដ្ឋាភិបាលកម្ពុជាមិនបានដាក់ចេញនូវគោលការណ៍ណែនាំ ដើម្បីឲ្យមានការស៊ើបអង្កេតដោយសម្ងាត់ក្នុងបញ្ហាជួញដូរមនុស្ស ដែលកត្តានេះបានកម្រិតសមត្ថភាពរបស់អាជ្ញាធរមិនអាចវែកមុខជនល្មើស និងថា រដ្ឋាភិបាលក៏មិនបានចាត់វិធានការនាន ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានអំពីការជួញដូរមនុស្សឲ្យបានគ្រប់ជ្រុងជ្រោយឡើយ។
បើតាមរបាយការណ៍ដដែលនេះក្រសួងការបរទេសអាមេរិកស្នើឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេត និងតាមចាប់ខ្លួនជនល្មើសនិងមន្ដ្រីសមគំនិតទាំងនោះមកដាក់ទោស ពិសេសគឺត្រូវពង្រឹងបច្ចេកទេសស៊ើបអង្កេតដោយសម្ងាត់ នៅក្នុងបញ្ហាជួញដូរមនុស្សខុសច្បាប់នេះ។
អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា លោកស្រីទទួលស្គាល់ថា កម្ពុជាកំពុងជួបបញ្ហាទាំងនោះមួយចំនួនមែន ដោយសារតែកម្ពុជាទើបតែចាប់ផ្តើមកិច្ចការរបស់ខ្លួនទៅលើការប្រឆាំងការជួញដួរមនុស្សនេះ ហើយកម្រិតសមត្ថភាពមន្ត្រី រួមទាំងចំណេះដឹងរបស់ពលរដ្ឋនៅមានកម្រិតនៅឡើយ តែទោះជាយ៉ាងណាក៏ មិនដូចការលើកឡើងរបស់អាមេរិកទាំងស្រុងនោះទេ។
លោកស្រីថា៖ «មានចំណុចមួយចំនួនយើងទទួលយល់ព្រម តែបើប្រើពាក្យ Any ឬក៏ Never គឺវាខុស ព្រោះយើងបានធ្វើក៏ប៉ុន្តែវាមិនគ្រប់ជ្រុងជ្រោយ អញ្ចឹងយើងទទួលស្គាល់ចំណាត់ថ្នាក់លេខពីរនេះយើងទទួលស្គាល់ថាយើងបានធ្វើ។ ប៉ុន្តែវា មិនគ្រប់ជ្រុងជ្រោយតែយើងបានធ្វើបន្តទៀតហើយ ពីព្រោះបទឧក្រិដ្ឋនេះ មិនមែនងាយស្រួលក្នុងការអនុវត្តច្បាប់ដូចបទឧក្រិដ្ឋដទៃទៀតទេព្រោះវាពាក់ព័ន្ធហ្នឹងមនុស្ស ហើយមនុស្សនេះគឺគាត់ Clever ជាងវត្ថុ»។
អ្នកនាំពាក្យសមាគមអាដហុកលោក សំ ចាន់គា យល់ថា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ រដ្ឋាភិបាលកម្ពុជាបានខិតខំជាច្រើន តែថាកង្វះយន្តការ និងការដែលមិនបានចាប់បានមេខ្លោង និងអ្នកដែលពាក់ព័ន្ធជួញដូរមនុស្សនេះ ជាចំនុចដែលកម្ពុជាធ្វើពុំបាននៅឡើយ។
លោកថា៖ «ខ្ញុំក៏មើលឃើញថារដ្ឋាភិបាលខ្មែរនេះ ក៏មានការខ្លះចន្លោះពាក់ព័ន្ធនឹងយន្តការទប់ស្កាត់នេះ យើងក៏មើលឃើញថារដ្ឋាភិបាលក៏ខិតខំប្រឹងប្រែងដែរ តែវាមិនទាន់មានប្រសិទ្ធភាពក្នុងការទប់ស្កាត់នេះ»។
លោកឲ្យជាយោបល់ថា យន្តការច្បាស់លាស់ និងការអនុវត្តច្បាប់ដ៏តឹងរឹងទៅលើមន្ត្រី ឬក៏ក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ជាពិសេសប្រព័ន្ធតុលាការមួយដែលឯករាជ្យ និងត្រឹមត្រូវនោះនឹងធ្វើឲ្យបញ្ហានៃការជួញដូរមនុស្សនេះអាចដោះស្រាយបាននៅកម្ពុជា៕
របាយការណ៍ស្ដីពីការជួញដូរមនុស្សចេញផ្សាយដោយក្រសួងការបរទេសអាមេរិកនៅឆ្នាំ២០១៧នេះ នៅតែចាត់ថ្នាក់កម្ពុជានៅលេខរៀងទី២ដដែល ពោលគឺដូចកាលនៅឆ្នាំ២០១៦កន្លងទៅ៕
រាយការណ៍បន្ថែមដោយ ហ៊ុន សិរីវឌ្ឍន៍









