លោក ​ខឹម វាសនា បើកយុទ្ធនាការទ្រង់ទ្រាយធំប្តឹងអ្នករិះគន់

(ហ្វេសប៊ុក)

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រកាសធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ប្រមូលឈ្មោះអ្នកដែលរិះគន់លោក ដើម្បីដាក់ពាក្យប្តឹងទៅតុលាការ ដោយចោទថាអ្នកទាំងអស់នោះកំពុងតែធ្វើឲ្យខូចបរិយាកាសនៅក្នុងសង្គម។​

នៅលើហ្វេសប៊ុករបស់លោក ខឹម វាសនា ប៉ុន្មានថ្ងៃនេះ បានឆ្លើយតបជាមួយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដែលបានរិះគន់លោក ពិសេសអ្នកចោទថា លោកជាអ្នកលើកដៃឯកភាពឲ្យកាត់កោះត្រល់ឲ្យវៀតណាម ឬគាំទ្រសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ពេលលោក ខឹម វាសនា នៅជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។​

លោក ខឹម វាសនា បញ្ជាក់ថា បើអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងនោះ និយាយប៉ះពាល់កេរ្តិ៍ឈ្មោះលោក​នោះ គឺលោក​មិនប្តឹងទេ ប៉ុន្តែលោកថា អ្នកទាំងនោះ​ធ្វើឲ្យខូចបរិយាកាសសង្គម ធ្វើឲ្យអ្នកស្លូតត្រង់គិតខុស។ លោកសរសេរថា៖ «សូមពួកយើង LDP ជួយប្រមូលអាស័យដ្ឋានពិតប្រាកដ​ ក្មួយៗអ្នកស្នេហាជាតិប៉ុន្មាននាក់នេះអោយស្នាក់ការកណ្តាល LDP ផង​។​ យើងនឹងបើកយុទ្ធនាការទ្រង់ទ្រាយធំប្រឆាំងនឹងពួកកូរសង្គមខ្មែរ​ អោយមនុស្សខ្មែរស្លូតត្រង់គាត់វង្វេង។​ យកពួកគេទៅតុលាការអោយអស់​ កុំអោយពួកគេបំពុលសង្គមខ្មែរបាន។​ សុំទោសណាពួកក្មួយៗ​ មកពីក្មួយបង្ខំពូ​អោយធ្វើ​ ឥឡូវពូសំរេចថាបំពេញតាមបំណងពួកក្មួយហើយ៕»

ទោះយ៉ាងណារហូតដល់ថ្ងៃចន្ទនេះ លោក ខឹម វាសនា​ មិនទាន់បានបញ្ជាក់ថា មនុស្សប៉ុន្មាននាក់ ដែលលោកត្រូវប្តឹង ហើយត្រូវប្តឹងនៅថ្ងៃណានៅឡើយ។​

កាលពីចុងខែមិថុនាកន្លងទៅ មានពលរដ្ឋម្នាក់នៅក្នុងរាជធានីភ្នំពេញ បានចេញមុខដាក់ពាក្យប្តឹងលោក ខឹម វាសនា ដោយ​ថាមេបក្សរូបនោះ បានជេរប្រមាថនិងមើលងាយពូជសាសន៍ខ្មែរ ហើយប្រើពាក្យអសុរសជាច្រើន ប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ៕


សេចក្តីកែតម្រូវ៖ នៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧នេះ វីអូឌី សុំធ្វើការកែតម្រូវព័ត៌មាន ​ដែលបានផ្សាយ​ពីថ្ងៃ៣​ខែ​កក្កដា​ឆ្នាំ២០១៧ ដែលមានចំណងជើងថា «លោក ​ខឹម វាសនា បើកយុទ្ធនាការទ្រង់ទ្រាយធំប្តឹងអ្នករិះគន់» ដោយកែទៅជា «លោក ​ខឹម វាសនា បើកយុទ្ធនាការទ្រង់ទ្រាយ​ធំប្តឹងអ្នក​ដែល​លោក​ចោទថាពួកកូរសង្គមខ្មែរ» និងឃ្លានៃកឋាខណ្ឌទី១ ត្រង់ចំណុច «ប្រមូលឈ្មោះអ្នកដែលរិះគន់លោក» ដោយកែទៅជា «ប្រមូលឈ្មោះអ្នកដែលលោកចោទថាពួកកូរសង្គមខ្មែរ» វិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ