លោក សុខ ឥសាន ថាច្បាប់ថ្មីនឹងរារាំងលោក សម រង្ស៊ី មិនឲ្យធ្វើនយោបាយ

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

មន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច បានអះអាងជាចំហថា ច្បាប់គណបក្សនយោបាយថ្មី ដែល​នឹ​ង​​​ទៅដល់ដៃរដ្ឋសភា ដើម្បីសុំធ្វើវិសោធនកម្មជាលើកទី២នោះ លោកថានឹងបញ្ចប់ជី​វិតន​យោ​​បា​​យទាំ​ង​ស្រុ​​​​ង​ របស់អ​តី​​​តមេ​ដឹ​កនាំប​​ក្ស​​​ប្រ​ឆាំ​ង លោក សម រង្ស៊ី។

តំណាងរាស្ត្រមួយរូបនិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់អ្នក​សា​រ​ព័​​ត៌​មាន ​នៅមន្ទីររដ្ឋសភាថា នៅថ្ងៃទី៣ខែកក្កដានេះ តំណាងរាស្ត្ររបស់គណបក្សប្រជាជនជាង​៣០​រូប បា​នចុះហ​ត្ថ​លេ​ខា​​​រួ​​មគ្នារួចហើយ ដើម្បីបើកផ្លូវឲ្យរដ្ឋសភាអាចអនុម័តលើការស្នើ​សុំធ្វើ​វិសោធ​ន​​ក​​ម្មច្បា​​ប់​​​គ​​ណបក្ស​ន​យោ​​​បា​យជាលើទី២។

លោក សុខ ឥសាន ឲ្យដឹងទៀតថា ខ្លឹមសារច្បាប់ដែ​លគ្រោងដាក់ឲ្យ​រដ្ឋសភាពិ​ភាក្សានិ​ង​អនុម័​ត្រនៅ​​ពេល​ឆាប់​​ៗខាងមុខនេះ លោកថានឹងបិទច្រកលោក សម រង្ស៊ី មិនឲ្យ​ធ្វើស​ក​ម្ម​ភា​ពនយោបាយបានដូច​កា​លពីជា​ង​២​០ឆ្នាំមុន។

លោកថា៖ «យើងឃើញហើយថា ក្នុងរយៈពេលជាង២០ឆ្នាំ ដែលគាត់[ សម រង្ស៊ី ]ធ្វើសកម្មភាពនយោបាយ ថាតើគា​ត់បានបង្កើតអ្វីខ្លះសម្រាប់ប្រទេសជាតិនិងប្រជាជន? គាត់មិនចង់ឲ្យប្រទេសជាតិនិងប្រជាជ​នមាន​សេ​ចក្តី​សុខ​ទេ អញ្ចឹងទេច្បាប់ហ្នឹងធ្វើ គឺដើម្បីគោលបំណងហ្នឹងហើយ គ្មានអីក្រៅពីហ្នឹ​ងទេ។ ឥឡូវគា​ត់​កំ​ចាត់ជី​វិតន​យោ​​​​បា​យដោយខ្លួនឯងរួចហើយ អញ្ចឹងទេនៅជីវិតសង្គមមួយទៀត ហើយ​បញ្ហា​នេះ​មិនមែ​​​ន​ជាកា​​​ររំលោភរដ្ឋធម្មនុញ្ញដូច ដែលកាសែតមួយចំនួនសរសេរនោះទេ»។

​កាលថ្ងៃទី២៨ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញម្តងទៀតឲ្យតំណាងរាស្ត្ររបស់ខ្លួ​ន ដែ​​ល​មា​នសំ​ឡេងភាគច្រើនក្នុងសភា ធ្វើវិសោធនកម្ម ច្បាប់គណបក្សនយោបាយឡើងវិញ បន្ទាប់​ពីតំ​ណា​ង​​រា​ស្ត្ររបស់លោកបានធ្វើវិសោធនកម្ម ក្រោមសំឡេងរិះគន់ម្តងហើយកាលពីលើកមុន។

ការបញ្ជារជាថ្មីទៀតរបស់លោក ហ៊ុន សែន នេះបានធ្វើឡើង តែប៉ុន្មានថ្ងៃក្រោយពីអតីតមេដឹកនាំ​​បក្ស​ប្រ​ឆាំង ដែលកំពុងនីរទេសខ្លួន លោក សម រង្ស៊ី បន្ត​និយាយថា គណបក្ស​ប្រជាជ​នក​ម្ពុជា​ មានដើម​កំ​ណើត ចេ​ញ​​​ពីប្រភពប​​ក្សកុម្មុយនីស្តវៀតណាម។

ប៉ុន្តែ​លោក សម រង្ស៊ី​ បានចាត់ទុកថា ការដែល​គបក្សប្រជាជនកម្ពុជា កែច្បាប់ដដែលនេះជាថ្មីទៀត លោកថា ជាការខ្លាច​​​ស្រ​មោ​​​ល​លោកនិងថាបក្សកាន់អំណាចកំពុងបិទបាំងអំ​ពើអាក្រក់របស់ខ្លួន។

​លោ​​ក​​ ស​​ម​​ រង្ស៊ី សរសេរនៅ​លើហ្វេ​សប៊ុ​​ក​ផ្លូវការ របស់លោកនៅថ្ងៃទី២ខែកក្កដាថា៖ “អ្នកដឹកនាំប្រទេសសព្វថ្ងៃ មិនចាំបាច់កែច្បាប់ចុះឡើង ហើយមិនចាំបាច់ខ្លាចរូបខ្ញុំ ឈ្មោះខ្ញុំ សម្លេងខ្ញុំ និងស្រមោលខ្ញុំ ដល់ថ្នាក់ហ្នឹងទេ បើពួកខ្លួនមិនធ្វើអំពើអាក្រក់“។

អ្នកស្រាវជ្រា​វពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថា ការព្យាយាមធ្វើច្បាប់​បែបនេះ អា​ច​ជា​​​យុទ្ធសា​ស្ត្រយកប្រៀបលើដៃគូប្រកួត ដូចដែលគណបក្សនេះធ្លាប់យកប្រៀ​បលើ​គណ​បក្ស​ហ្វ៊ុន​ស៊ិ​​​នប៉ិច ដោយធ្វើច្បាប់ឯកព័ន្ធភាព ប្រឆាំងនឹងសម្តេចក្រុមព្រះ។​

ប៉ុន្តែ​លោ​ក មាស នី ថា​ល្បែ​ង​នយោ​​​បាយ ដែលមេដឹកនាំទាំងពី​​រ​ កំ​ពុ​ង​លេ​ងនេះ លោកថាមិន​បាន​ផ្តល់​ប្រ​យោ​​ជន៍ ដ​ល់ប្រទេសជាតិ​។

លោកថា៖ «បើប្រយោជន៍ជាតិក៏គ្មានបានទេ ហើយបើប្រយោជន៍គណ​បក្សដើម្បីឲ្យមាន​ប្រជាប្រិ​យ​ភា​ពអីក៏គ្មានបានទេ អត់មាននរណាបានផលអីពីហ្នឹងទេ គ្រាន់តែបានផល ឲ្យគូបដិបក្ខ​ហ្នឹងមិនអាច​ធ្វើដំ​ណើរ​ទៅបានស្រួល ហ្អាស បើជើងវិញធ្វើម៉េចឲ្យពិការជើងមួយចំហៀងកុំឲ្យដើរទៅមុខលឿនពេក»។

លោក សម រង្ស៊ី បានប្រកាសលាលែង ពីប្រធានគណបក្សសង្គ្រោះជាតិ នៅចុងឆ្នាំ២០១៦ ​នៅ​ពេល​ដែល​លោ​ក ហ៊ុន សែន បញ្ជាឲ្យតំណាងរាស្ត្រ របស់លោកធ្វើវិសោ​ធនកម្មច្បាប់ស្តីពីគណ​បក្សនយោបា​យ ដោ​​យ​​​លោ​ក សម រង្ស៊ី ថា លោក ហ៊ុន សែន នឹងប្រើតុលាការ ទៅរំលាយ គណបក្ស របស់លោក ចោល​នៅ​​មុ​ន​​បោះ​ឆ្នោត បើលោកមិនដកខ្លួនចេញ។

ប៉ុន្តែ​ក្រោ​យមកលោក សម រង្ស៊ី បានបង្ហើមវិញថា លោកនឹងចូលមកកម្ពុជាវិញ ដើម្បី​ប្រកួតប្រជែ​ងការ​បោះ​​​ឆ្នោតជាតិឆ្នាំ២០១៨ ដើម្បីដណ្តើមតំណែងជានាយករដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ