បណ្ដុំអង្គការសង្គមស៊ីវិល ដែលធ្វើការលើផ្នែកស្ដ្រីនិងការបោះឆ្នោត បានរិះគន់រដ្ឋាភិបាលថា មិនអាចបង្កើនចំនួនស្ដ្រីក្នុងតួនាទីថ្នាក់ដឹកនាំ បន្ទាប់ពីលទ្ធផលបោះឆ្នោតឃុំសង្កាត់បង្ហាញថា ចំនួនស្ដ្រីដែលជាប់តំណែងមេឃុំ ចៅសង្កាត់បានថយចុះ។
ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ចេញផ្សាយនៅដើមខែកក្កដាឆ្នាំ២០១៧នេះ អង្គការសង្គមស៊ីវិលចំនួន២៦ បានតិះទៀនថា ផែនការយុទ្ធសាស្ដ្រថ្នាក់ជាតិ ដែលរដ្ឋាភិបាលកំណត់ថា នឹងបង្កើនចំនួនក្រុមប្រឹក្សាឃុំសង្កាត់ជាស្ដ្រីឲ្យបាន២៥ភាគរយ នៅឆ្នាំ២០១៨ គឺបានទទួលបរាជ័យក្នុងជម្រុញឲ្យមានសមភាពយេនឌ័រ និងការលើកកម្ពស់ស្ដ្រីក្នុងវិស័យនយោបាយ។
អង្គការទាំងនេះសង្កេតឃើញថា ចំនួនស្ដ្រីដែលជាប់ជាមេឃុំ-ចៅសង្កាត់មានការថយចុះ ពីចំនួន២០៣៨នាក់ ស្មើនឹង១៧,៧៨ភាគរយ នៅឆ្នាំ២០១២ មកនៅត្រឹម១៩៤០នាក់ ស្មើ១៦,៧៦ភាគរយ នៅឆ្នាំ២០១៧ ពោលគឺធ្លាក់ចុះ១ភាគរយ។
ទោះជាយ៉ាងណា ក្រុមអង្គសង្គមស៊ីវិលបានសាទរចំពោះវិធានការរបស់រដ្ឋាភិបាលក្នុងការតែងតាំងស្ដ្រី ក្នុងតំណែងជាអភិបាលខេត្តជាលើកដំបូង និងតំណែងអភិបាលខេត្តរងផ្សេងទៀត។ ប៉ុន្ដែពួកគេថា ការដែលមានស្ដ្រីតែម្នាក់គត់បានកាន់តំណែងនេះ ក្នុងចំណោម២៤ខេត្ត-ក្រុង គឺមិនទាន់គ្រប់គ្រាន់នោះទេ។ ពួកគេរំពឹងថា រដ្ឋាភិបាលនឹងបង្កើនចំនួននេះឲ្យបានដល់៣០ភាគរយ ស្របតាមគោលដៅដែលបានដាក់ចេញ (ក្នុងផែនការនារីរតនៈ)។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ឆ្លើយតបថា ក្រុមអង្គការសង្គមស៊ីវិលទាំងនេះចេះតែរិះគន់មកលើរដ្ឋាភិបាល ដោយថា ការទទួលបានតំណែងជាមេឃុំ-ចៅសង្កាត់ គឺវាអាស្រ័យទៅលើគណបក្សនយោបាយ ជាអ្នកដាក់បេក្ខភាពឲ្យឈរឈ្មោះ និងថា រដ្ឋាភិបាលមិនអាចបញ្ជាទៅលើពួកគេបានឡើយ។
លោកមានប្រសាសន៍ថា សម្រាប់ចំនួនស្ដ្រី ដែលជាប់ជាមេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិក គឺគណបក្សកាន់អំណាចទទួលបានសរុបចំនួន១៣៥៩។ លោកមានប្រសាសន៍ថា ការដែលស្ដ្រីទទួលបានតំណែងទាំងនេះ គឺវាអាស្រ័យលើគុណសម្បត្តិ និងបុគ្គលិកលក្ខណៈរបស់ពួកគេផ្ទាល់ មិនមែនកំណត់តែទៅលើចំនួន ដូចការសន្និដ្ឋានរបស់ក្រុមអង្គការសង្គមស៊ីវិលទេ។
បណ្ដុំអង្គការចំនួន២៦ ក៏ទទូចឲ្យរដ្ឋាភិបាលបង្កើនចំនួនស្ដ្រីក្នុងតួនាទីថ្នាក់ដឹកនាំ តាមរយៈការអនុវត្តប្រព័ន្ធកូតា ការបម្រុងទុកមុខតំណែង ឬប្រព័ន្ធឆ្លាស់នៃបញ្ជីបេក្ខជនបុរសនិងស្ដ្រី ដោយដាក់ស្ដ្រីនៅជួរខាងលើគេចំនួន៥០ភាគរយ នៃបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ និងដាក់ស្ដ្រីក្នុងលេខរៀងទី២ នៃបញ្ជីបេក្ខជនដទៃទៀត៕









