មនុស្សសរុប ៤៦នាក់ បានស្លាប់ ហើយ ២២នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ខណៈដែលទឹកជំនន់បានវាយប្រហារភាគកណ្ដាលនៃខេត្តហួណាន និងតំបន់ស្វយ័តក្វាងស៊ីចួង នៅភាគខាងត្បូងប្រទេសចិន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួរ។
ស៊ីនហួរ បានផ្សាយបន្តថា នៅក្នុងខេត្តហួណាន ភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នាចាប់តាំងពីថ្ងៃទី២២ ខែមិថុនា បានសម្លាប់មនុស្ស ២៧នាក់ និង ៨នាក់ទៀតកំពុងបាត់ខ្លួន។
បើតាមស៊ីនហួរ ជំនន់ដ៏ឆាប់រហ័ស បានបង្ខំឲ្យជម្លៀសមនុស្សជាង ១លាន ២សែននាក់ ខណៈដែលផ្ទះសម្បែងជាង ៣ម៉ឺន ៨ពាន់គ្រួសារ បានដួលរលំ ហើយផលដំណាំជិត ៨៨ម៉ឺនហិចតា ត្រូវបានបំផ្លាញ។ កម្រិតទឹកនៅបឹងតុងធីង និងទន្លេធំៗជាច្រើនទៀត សុទ្ធតែកើនឡើងហួសកម្រិតប្រកាសអាសន្ន។
ចំណែកនៅឯខេត្តក្វាងស៊ីឯណោះវិញ ភ្លៀងធ្លាកចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន បានសម្លាប់មនុស្ស ២០នាក់ និងបណ្ដាលឲ្យមនុស្ស ១៤នាក់ទៀតបាត់ខ្លួន ខណៈដែលផ្ទះសម្បែងប្រហែល ២ម៉ឺនកន្លែង បានដួលរលំ៕