ប៉ុស្តិ៍ប៉ូលិសមួយកន្លែងនៅក្នុងសង្កាត់មួយនៅភាគខាងត្បូងទីក្រុងហ្សាកាតា បានទទួលសារគំរាមកំហែងមួយកាលពីព្រឹកថ្ងៃម្សិលមិញនេះ ដោយបានគំរាមកំហែងលើប៉ូលិស យោធា និងទីភ្នាក់ងារដទៃទៀត។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel News Asia។
លិខិតសរសេរដោយដៃ ដែលត្រូវបានជនអនាមិកប្លុងចោលនៅមុខស្នាក់ការប៉ូលិសកេបាយ៉ូរ៉ាន់ ឡាម៉ា ក៏មានសារគំរាមកំហែងប្រែក្លាយទីក្រុងហ្សាកាតា ឲ្យដូចទៅនឹងទីក្រុងម៉ារ៉ាវី ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែលកំពុងស្ថិតក្រោមការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលហ្វីលីពីន និងពួកបះបោរឥស្លាមជ្រុលនិយម។
លិខិតដដែលនោះ បានរៀបរាប់ថា សង្គ្រាមបានចាប់ផ្ដើមហើយ ហើយបានគំរាមផ្ដួលរំលំរដ្ឋាភិបាលឥណ្ឌូនេស៊ី និងលើកបន្តុបក្រុមចលនាភេរវកម្មរដ្ឋឥស្លាម។
ប៉ូលិសឥណ្ឌូនេស៊ីកំពុងតែស៊ើបអង្កេតលើករណីនេះ ព្រមទាំងបានបង្កើតក្រុមមួយសម្រាប់តាមប្រមាញ់អ្នកផ្លុងលិខិតអនាមិកនោះ។ ប៉ូលិសក៏កំពុងតែឆែកឆេរកាមេរ៉ាសុវត្ថិភាព និងប្រមូលព័ត៌មានពីសាក្សីនៅជុំវិញកន្លែងនោះ៕









