យោធាហ្វីលីពីន បាននិយាយនៅថ្ងៃនេះថា ពួកបះបោរបានកាត់ក្បាលនាវិកជនជាតិវៀតណាម ២នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងអស់រយៈពេល ៨ខែមកហើយ នៅភាគខាងហ្វីលីពីន។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
អ្នកនាំពាក្យយោធា លោក ចូ អាន ប៉េទីងឡាយ បាននិយាយថា កងទ័ពហ្វីលីពីនបានរកឃើញសពជនចំណាប់ខ្មាំងទាំង ២នោះ នៅព្រឹកថ្ងៃពុធនេះ នៅឯកោះបាស៊ីឡាន ដែលជាមូលដ្ឋានដ៏រឹងមាំរបស់ក្រុមចាប់ជំរិតមនុស្សអាប៊ូសាយយ៉ាហ្វ។
ក្រុមអាប៊ូសាយយ៉ាហ្វ ដែលដំបូងឡើងជាបណ្ដាញពួកបះបោរបង្កើតឡើងនៅទសវត្សរ៍ ១៩៩០ ដោយមានជំនួយលុយកាក់ពីបណ្ដាញអាល់កៃដារបស់អូសាម៉ា ប៊ីនឡាដិន នោះ បានបែកខ្ញែកជាក្រុមផ្សេងៗ ដោយខ្លះបន្តចាប់ជំរិតមនុស្សយកប្រាក់។
ក្រុមមួយបានប្ដេជ្ញាប្រយុទ្ធយកលំនាំទៅតាមក្រុមរដ្ឋឥស្លាម ដោយសមាជិកខ្លះចូលរួមក្នុងការដណ្ដើមកាន់កាប់ទីក្រុងម៉ារ៉ាវី ជាទីក្រុងឥស្លាមសំខាន់បំផុតនៅភាគខាងត្បូងហ្វីលីពីន៕









