នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជួបគ្នានឹងបញ្ជាក់ពីការរីកចម្រើននៃទំនាក់ទំនងទ្វេរភាគី ក្នុងកម្រិតខ្ពស់។
មេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលមេដឹកនាំ G20 ដែលចាប់ផ្តើមនៅទីនោះ២ថ្ងៃ។
ក្នុងឱកាសនៃជំនួបនៅក្នុងទីក្រុង Hamburg នាយករដ្ឋមន្ត្រីលី សៀនឡុង បានថ្លែងអបអរទៅប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសខួប២០ឆ្នាំនៃការទទួលបានដែនដីហុងកុងពីប្រទេសអង់គ្លេស ក្នុងលក្ខខណ្ឌ ប្រទេសមួយប្រព័ន្ធដឹកនាំពីរ។ នេះបើតាមសារព័ត៌មាន Channel News Asia។
ក្នុងឱកាសនៃជំនួបនោះ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នារកវិធីសាស្ត្រធ្វើយ៉ាងណា ឲ្យសិង្ហបុរីអាចធ្វើការបានជាមួយគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដើម្បីឲ្យសម្រេចបានហិរញ្ញវត្ថុក្នុងការទំនាក់ទំនងទាំងផ្លូវគោក និង ផ្លូវអាកាស។ ភាគីទាំងពីរបានព្រមព្រៀងចុះហេត្ថលេខាលើការពង្រឹងផ្នែកសេដ្ឋកិច្ចឲ្យកាន់តែស្និទ្ធជាមុនបន្ថែមទៀត។
មេដឹកនាំទាំងពីរក៏បានពិភាក្សាលើការកសាងផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់ពីសិង្ហបុរី ទៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ លោក លី សៀនឡុង ថ្លែងថា លោកស្វាគមន៍ចំពោះការចាប់អារម្មណ៍ចិន៕