វិភាគ៖ តើចាំបាច់ត្រូវបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីពេលធ្លាក់ពីអំណាចឬទេ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ក្រុមអ្នកនយោបាយជើងចាស់ លើកឡើថាពួកគេចង់ឲ្យសមាជិករដ្ឋសភាបង្កើតច្បាប់​មួយការពារ​នាយករដ្ឋមន្រ្តីពេលធ្លាក់ពីអំណាច ដោយថាជាឧបករណ៏មួយការពារ​កុំឲ្យ​មានការ​សងសឹកគ្នា។

លោក គង់ គាំ ទីប្រឹក្សាគណបក្សសង្រ្គោះជាតិបានលើកឡើងដូចនេះ ខណៈលោកចូលរួម​ពិ​ធី​រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃ៥-៦កក្កដាឆ្នាំ១៩៩៧ខួបទី២០ឆ្នាំ​។ ជាព្រឹត្តិការណ៍បង្ហួរឈាមខ្មែរគ្នាឯង ស្លាប់និងរបួសរាប់រយនាក់ ដែលអ្នកវិភាគយល់ថាដោយ​សារ​តែអ្នកនយោបាយ​ខ្មែរ​ចង់​បានអំណាចតែម្នាក់ឯង។

ដោយសារតែបទពិសោធន៍នេះ ទើបលោក លឺ ឡាយស្រេង អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងក្រសួងអភិវឌ្ឍជនបទ មកពីគណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានលើកឡើងថា គួរតែបង្កើត​ច្បាប់មួយ​ការពារនាយករដ្ឋមន្រ្តីពេល​ធ្លាក់ពីអំណាច។

មូលហេតុដែលក្រុមអ្នកនយោបាយជើងចាស់ ចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្រ្តីពេលធ្លាក់​ពីអំណាចបែបនេះ ពួកគេ យល់ថា អាចបញ្ជៀសមិនឲ្យមានវប្បធម៌ «ទឹកឡើង​ត្រីស៊ី​ស្រ​មោច ទឹកហោចស្រមោចស៊ីត្រី»។

ប៉ុន្តែសម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា មិនចាំបាច់ឲ្យមានច្បាប់នេះទេ​ ដោយថាបើបង្កើតច្បាប់នេះឡើងមានន័យថាគណបក្សកាន់អំណាចដឹងខ្លួនជាមុន។

សម្រាប់ក្រុមអ្នកវិភាគវិញ តើចាំបាច់បង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីពេល​ធ្លាក់ពីអំណាចឬ​ទេ​?

លោកបណ្ឌិត សាម អ៊ិន មានប្រសាសន៍ថា គោលបំណងនៃការ​​ចង់​បង្កើត​ច្បាប់នេះឡើង​គឺ​ត្រូវបាន​លើក​ឡើងដោយលោកបណ្ឌិត កែម ឡី តាំងពីលោកមិនទាន់ត្រូវគេបានគេសម្លាប់។ លោកថា​លោកគាំទ្រឲ្យបង្កើតច្បាប់នេះ៖ «យើងគិតថាការជជែកគ្នា​អំពីការរៀបចំច្បាប់ឬយន្តការណាមួយដើម្បី​ធានា​សុវត្ថិភាពដល់អ្នកកាន់អំណាចបច្ចុប្បន្នឲ្យគាត់ចាកចេញទៅ​ដោយ​កិត្តិយស ចាកចេញជាមួយ​​សុវត្ថិភាព សេចក្តីថ្លៃថ្នូរគឺជារឿងមួយល្អប្រសើរក្នុង​ដំណើរ​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិភាព»។

លោកបណ្ឌិត សាម អ៊ិន បានលើកពីបទពិសោធន៍នៅប្រទេសអាហ្វ្រិកខាងត្បូងដែល​មាន​ការ​ផ្លាស់​ប្តូរ​មេដឹកនាំផ្តាច់​ការ​ដោយសារតែមានយន្តការការពារពួកគេនៅពេលធ្លាក់ពីអំណាច៖ «ជំនាន់ការគ្រប់គ្រងរបស់​របបអាប៉ាថេតហើយ​និង​ការ​ដឹកនាំដោយ​ លោក និលសុន មិនដាឡា ដើម្បី​រំដោះ​ប្រជាពលរដ្ឋស្បែក​ខ្មៅ​អាព្រិក​ឲ្យមានសេរីភាព លោក និលសុន មិនដាឡា បានប្រើប្រាស់គោលនយោបាយមួយលើកលែង អត់ឱនចំពោះអតីតកាល ដើម្បីការ​ផ្សះ​ផ្សារជាតិ​អាព្រិកខាងត្បូងរវាងស្បែក​ខ្មៅនិង​ស្បែកស»។

អ្នកប្រឹក្សាយោបល់ផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្ត បង្ហាញការគាំទ្រចង់​ឲ្យ​មានច្បាប់នេះ បើទោះបីជាមិនមានប្រទេសណាបង្កើត​​ច្បាប់​បែបនេះក៏ដោយ៖ «អ្វីៗវាមិនចាំតែមានឧទាហរណ៍មុនទេ ដរាបណាស្អីមួយដែលមានប្រយោជន៍ ជាវិភាគទាន​ដល់​ប្រយោជន៍ជាតិ សន្តិសុខដល់ជាតិ បង្រួបបង្រួមជាតិ …យើងគួរធ្វើ។នៅស្រុក​យើង​វាមាន​ឧទាហរណ៍ហើយ។ ព្រះបរមរតនកោដ្ឋ សម្តេចតាយើងហ្នឹង កម្ពុជាបានធ្វើ​ច្បាប់​មួយ​ដាក់ឲ្យ​ព្រះអង្គធ្វើជាព្រះមហាវីរក្សត្រ។ ហ្នឹងគឺជាការទទួល​ស្គាល់​គុណបំណាច់មួយជាអ្នក​ដឹកនាំ»។

បើតាម លោក សួន ប៊ុនស័ក្ត ច្បាប់នេះក៏ជាការផ្តល់កិត្តិយសដល់អ្នកនយោបាយដែរ ពោលមិនមែន​ការពារកំហុសរបស់អ្នកនយោបាយនោះទេ។

យ៉ាងណាក៏ដោយក៏មានមតិមួយចំនួន លើកឡើងថា បើកាលណា​បង្កើត​ច្បាប់​ការ​ពារ​នាយ​ក​រដ្ឋមន្រ្តី​ពេល​ធ្លាក់ពីអំណាចនោះ នឹងនាំឲ្យមេដឹកនាំជិះសេះលែងដៃ ដោយអាងថា​ខ្លួនមានច្បាប់​ការ​ពារ។ ប៉ុន្តែលោក សួន  ប៊ុនស័ក្ត យល់ថា បើមានករណីកំហុសធ្ងន់ធ្ងរច្បាប់នេះមិន​អាចការពារ​បានទេ៖ «វាជាកាលៈទេសៈទេ មិនមែនត្រូវអនុវត្តគ្រប់កាលៈទេសៈទេ។ ជួនកាលការ​ខុស​ឆ្គងហួស​ហេតុ​​​ពេកឧទាហរណ៍របបខ្មែរក្រហមចឹងទោះជាមានបាលី ព្រះឥន្ធ ព្រះព្រហ្មក៏ជួយមិន​បាន​ដែរ​។ ប៉ុន្តែអ្នកនយោបាយធ្វើការខុសឆ្គង ខ្វះខាតខ្លះៗ បើយើងធ្វើ​ច្បាប់​ចឹង​ជាការ​ឲ្យ​តម្លៃទៅ​វិញ​»។

សូមរំឭកថា បំណងនៃការបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីដែលធ្លាក់ពីអំណាចនេះត្រូវបាន លោក ហ៊ុន សែន បង្ហើបម្តងដែរកាលពីពេលស្រុះស្រួលផ្នែកនយោបាយក្រោយជាប់គាំង​ឆ្នាំ​២០​១៣។ ​ប៉ុន្តែ​លោកអះអាងថា ច្បាប់នេះត្រូវបានលើកឡើងដោយគណបក្សប្រឆាំង តែលោក​អះអាង​ថាលោក​មិន​ត្រូវការច្បាប់នេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ