រដ្ឋាភិបាល៖ ថៃ​សម្រេចផ្អាកការបណ្តេញពលករខ្មែនិងទុកពេលឲ្យចុះបញ្ជី

ពលករ​ខ្មែរ​ធ្វើការនៅថៃ

រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាលថៃបានសម្រេច​ផ្អាក​ការ​បណ្តេញ​ពល​ករ​ខ្មែរ​ចេញ​ពីប្រទេស​ខ្លួន ​ដោយ​ទុក​ពេល​១៥​ថ្ងៃ​ឲ្យ​ពល​ករ​ខ្មែរ ​ទៅ​ចុះ​ឈ្មោះ​បំពេញ​ឯក​សារ​ចូលក្នុង​​បញ្ជី​ពល​ករ​បរទេសរបស់​ប្រទេស​ថៃ។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​ចុះ​ថ្ងៃ​ទី៧កក្កដា​នេះ ​ក្រសួង​ការ​ងារ ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ជៀស​វាង​នូវ​ការ​បណ្តេញចេញ​ពី​ប្រទេស ​ក្រសួង​ការ​ងារ​ថៃ​ បានទុក​ពេល​ចំនួន​១៥ថ្ងៃ​ ចាប់​ពី​ថ្ងៃទី២៤កក្កដា ដល់​ថ្ងៃ​ទី៧ សីហា ដល់ពល​ករ​ខ្មែរ​ និង​និយោ​ជក​ថៃ​ ដែល​មិន​មា​ន​ឯក​សារ​អ្វី​ទាំង​អស់ ​ឲ្យ​ទៅចុះ​ឈ្មោះនៅ​តាម​ការិយា​ល័យ​ចុះ​បញ្ជី​ពល​ករ​បរទេស ដែល​បើក​១០កន្លែង​នៅ​ទីក្រុង​បាងកក និង​១​កន្លែង​នៅ​តាម​ខេត្ត​នីមួយៗនៃ​​ប្រទេស​​។​

បើតាមសេចក្តីប្រកាសដដែល ក្រសួង​ការ​ងារកម្ពុជា​ នឹង​សហការជា​មួយ​​ក្រសួង​ការ​ងារ​ថៃ​ ធ្វើបច្ចុប្បន្ន​ភាព​ពល​ករ​ខ្មែរដែល​ទៅ​រស់​នៅ​ និង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​អស់​ ចាប់​ពីថ្ងៃ​ទី​១ ខែ​សីហា​ ឆ្នាំ​២០១៧​ខាង​មុខ ដើម្បី​ឲ្យ​ពល​ករ​ទាំង​នោះ​ក្លាយ​ជា​ពល​ករ​ស្រប​ច្បាប់​ផង​ដែរ។

ក្រសួង​ការ​ងារកម្ពុជា ក៏បាន​ស្នើ​​ឲ្យ​សាធារណជន ជា​ពិសេស​ពល​ករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឲ្យ​រក្សា​ភាព​ហ្នឹងហ្នរ និង​បំពេញ​ការ​ងារ​ជា​ប្រក្រតី ជា​មួយ​និយោ​​ជក​ខ្លួ​ន ដោយ​ថា​នាពេល​ខាង​​មុខ គណៈកម្មការ​ផ្តល់ភាពស្រប​ច្បាប់កម្ពុជា​ នឹង​ចុះ​ទៅ​ប្រទេស​ថៃ ដើម្បី​រៀប​ចំ​កិច្ច​ការ​ទាំង​នេះ​ហើយ​​​​។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ការ​ងារឆ្នាំ​២០១៦ ពល​ករ​ចំណាកស្រុក​កម្ពុជា​ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​មាន​ចំនួន​ជាង​១លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ