ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ដែលមានស្ពាយកាំភ្លើងនៅនឹងស្មាផងនោះ កាលពីថ្ងៃម្សិលមិញនេះ បានធ្វើដំណើរទៅទស្សនាជំរុំយោធាមួយ នៅជិតនឹងទីក្រុងមួយ ដែលពួកឧទ្ទាមឥស្លាមជ្រុលនិយម កំពុងប្រយុទ្ធតទល់នឹងទាហានរដ្ឋាភិបាល។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
រូបថត និងវីដេអូដែលចេញផ្សាយដោយការិយាល័យរបស់លោក បានបង្ហាញលោក ឌូទើតេ ស្លៀកពាក់ឈុតប៉ារ៉ា និងស្ពាយកាំភ្លើងលើស្មាខាងស្ដាំ។
មេដឹកនាំវ័យ ៧២ឆ្នាំរូបនេះ បានធ្វើដំណើរដោយថ្មើជើងជាមួយទាហាន និងជំនួយការរបស់លោក នៅឯជំរុំយោធាមួយ ស្ថិតនៅចម្ងាយ ២៥គីឡូម៉ែត្រ ពីទីក្រុងម៉ារ៉ាវី ប៉ុន្តែ ការិយាល័យប្រធានាធិបតីនិយាយថា អាកាសធាតុមិនល្អ បានធ្វើឲ្យគាត់បញ្ឈប់ការហោះហើរទៅកាន់សមរភូមិ។
ប៉ុន្តែ លោក ឌូទើតេ ប្រាប់ថា លោកមិនអាចរង់ចាំរហូតដល់ការប្រយុទ្ធគ្នាចប់ ដើម្បីទៅមើលតំបន់រងការប្រយុទ្ធគ្នានោះទេ។ លោកថា ដំណើររបស់លោកទៅទីនោះ គឺដើម្បីបង្ហាញសាមគ្គីភាព។
ទីក្រុងម៉ារ៉ាវី បានធ្លាក់នៅក្រោមការប្រយុទ្ធគ្នារវាងទាហានរដ្ឋាភិបាល និងពួកឧទ្ទាមអស់រយៈពេលជាង ៦សប្ដាហ៍មកហើយ ហើយជនស៊ីវិលដល់ទៅជាង ៣០០នាក់ កំពុងជាប់ផុងនៅទីនោះនៅឡើយ៕









