រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាននិយាយកាលពីថ្ងៃម្សិលមិញថា នឹងមិនមានជម្រើសល្អច្រើនសម្រាប់កូរ៉េខាងជើងនោះឡើយ ប្រសិនបើយុទ្ធនាការដាក់សម្ពាធដោយសន្តិវិធីដែលអាមេរិកកំពុងជំរុញសម្រាប់រាំងខ្ទប់កម្មវិធីផលិតមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បរាជ័យនោះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានដកស្រង់សម្ដីលោក Tillerson ដែលបានប្រាប់ថា អាមេរិកមិនបោះបង់ក្ដីសង្ឃឹមនោះទេ។ ប្រមុខកាទូតអាមេរិក បានលើកឡើងដូច្នេះ បន្ទាប់ពីប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបពិភាក្សាគ្នានៅក្រៅជំនួបកំពូល G20 ដែលជំនួបនោះកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីកូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មីម្ដងទៀត។ ការបាញ់សាកល្បងគ្រាប់មីស៊ីលនោះ ត្រូវបានក្រុងព្យុងយ៉ាងចាត់ទុកជាជោគជ័យជាលើកដំបូងរបស់ខ្លួន។
លោក Tillerson បានប្រាប់ថា វិធីសាស្ត្ររបស់អាមេរិកក្នុងការដាក់សម្ពាធទៅលើកូរ៉េខាងជើងតាមរយៈទណ្ឌកម្មនោះ ទាមទារឲ្យមានភាពអត់ធ្មត់។
អាមរិក ជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃម្សិលមិញនេះ បានឯកភាពគ្នាជំរុញឲ្យមានសេចក្ដីសម្រេចថ្មីមួយទៀតឲ្យបានឆាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង។ ក្រុមអ្នកកាទូតនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា អាមេរិកបានប្រគល់សេចក្ដីព្រាងទណ្ឌកម្មនោះទៅឲ្យប្រទេសចិនហើយ៕









