មន្ទីរពេទ្យចិនថា ជយលាភីពាន​​​​​​​​​​ណូបែល​​​​​​​​​​​​សន្តិភាពលោក លីវ ឈឺធ្ងន់មិនអាចចេញទៅបរទេស

ក្រុម​វេជ្ជ​បណ្ឌិត​ចិន​ដែល​ព្យាបាល​ជំងឺ​ជយលាភី​ពាន​រង្វាន់​ណូបែល លោក លីវ ស៊ាវប៉ូ នោះ បាន​ព្រមាន​​ទៅ​ក្រុម​វេជ្ជបណ្ឌិត​អាមេរិក និង​អាល្លឺម៉ង់​ថា លោក លីវ មាន​ជំងឺ​ធ្ងន់​ធ្ងរ មិន​អាច​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​បាន​ទេ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បានចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​ក្រុម​គ្រូ​ពេទ្យ​ចិន ដែល​បាន​រៀបរាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រុម​វេជ្ជ​បណ្ឌិត​បរទេស បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​លោក លីវ នៅ​ឯ​មន្ទីរ​ពេទ្យ នៅ​ទីក្រុង​ហ្ស៊ិនយ៉ាង ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ចិន បន្ទាប់​ពី​មាន​សម្ពាធ​ពី​អន្តរជាតិ​ទៅ​លើ​ប្រទេស​ចិន ឲ្យ​នាំ​យក​រូប​លោក​ទៅ​ព្យាបាល​នៅ​ឯ​បរទេស ឬ​ក៏​អនុញ្ញាត​ឲ្យ​គាត់​ជ្រើស​រើស​យក​ការ​ព្យាបាល​ដោយ​ខ្លួន​ឯង។ លោក លីវ គឺ​ជា​អ្នក​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ឈាន​មុខ​នៅ​ក្នុង​ប្រទេស​ចិន។

ក្រុង​ប៉េកាំង បាន​រង​ការ​រិះគន់​ពី​សំណាក់​ក្រុម​សិទ្ធិ​មនុស្ស ជុំ​វិញ​ការ​ប្រព្រឹត្ត​ទៅ​លើ​សកម្មជន​រូប​នេះ និង​ការ​ពន្យារ​ពេល​រហូត​ទាល់​តែ​លោក​ធ្លាក់​ខ្លួន​មាន​ជំងឺ​ធ្ងន់​ធ្ងរ ទើប​ដោះ​លែង​រូប​លោក​ពី​ពន្ធនាគារ កាល​ពី​ជាង​មួយ​ខែ​មុន។

ប៉ុន្តែ មន្ទីរ​ពេទ្យ​នោះ ប្រាប់​ថា ក្រុម​អ្នក​ជំនាញ​យល់​ឃើញ​ស្រប​គ្នា​ថា លោក លីវ ទទួល​បាន​ការ​ព្យាបាល​ពី​ក្រុម​វេជ្ជ​បណ្ឌិត​ល្បីៗ​ហើយ។

មន្ទីរ​ពេទ្យ​ទី​១​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ចិន បាន​និយាយ​ថា លោក លីវ អាយុ ៦១​ឆ្នាំ ត្រូវ​បាន​វេជ្ជ​បណ្ឌិត​អាមេរិក លោក ចូសេប ហ័រមេន និង​វេជ្ជ​បណ្ឌិត​អាល្លឺម៉ង់ លោក ម៉ាកូស ប៊ូល័រ ចូល​ទៅ​សួរ​សុខ​ទុក្ខ។

វេបសាយ​មន្ទីរ​ពេទ្យ​នោះ បាន​រៀបរាប់​ថា វេជ្ជ​បណ្ឌិត​ទាំង​ពីរ​នេះ បាន​រក​ឃើញ​ថា លោក លីវ មាន​សម្ពាធ​ឈាម​ខុស​ប្រក្រតី និង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ