កូនប្រុសលោក ហ៊ុន សែន ស្នើឲ្យអនុវត្តច្បាប់ប្រឆាំង លោក សម រង្ស៊ី ឲ្យមានប្រសិទ្ធភាព

លោក ហ៊ុន​ ម៉ានី កាលពីកន្លងទៅ​

តំណាងរាស្ត្រមួយរូបនិងជាកូនប្រុសលោក ហ៊ុន​ សែន ស្នើឲ្យសភាតាមដានពីប្រសិ​ទ្ធភា​ពនៃ​ការអ​នុវត្ត​​ច្បាប់ស្តី​ពីគណបក្សនយោបាយ ដែលឳពុករបស់ខ្លួនស្នើធ្វើ​វិសោធនកម្ម​ជាលើ​កទី២ ខណៈ​លោ​ក សម រង្ស៊ី បន្តរិះគន់ការអនុម័តច្បាប់នេះថាជា «សភាទីងមោង»។

នៅថ្ងៃទី១០ខែកក្កដានេះ តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាចំនួន៦៦រូបដែលបានចូលប្រជុំសភាពេញអង្គ បា​នអនុ​ម័​តយ​ល់ព្រ​មលើសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ ដែលលោក ហ៊ុន សែន ស្នើធ្វើវិ​សោ​​ធន​កម្មជាលើកទី២ ។

ក្នុងកិច្ចប្រជុំដែលគ្មានតំណាងរាស្ត្របក្សប្រឆាំងចូលរួមនោះ តំណាងរាស្ត្របក្សកាន់អំណាចបានឡើងការពា​រច្បាប់នេះ​​តែរៀងៗខ្លួនដោយថា ច្បាប់នេះបានជួយជំរុញយន្តការប្រជាធិបតេយ្យ​សេរីពហុប​ក្សនៅកម្ពុជា។

លោក ហ៊ុន ម៉ានី លើកឡើងថា សេចក្តីស្នើច្បាប់ ជាលើកទី២នេះ លោកថាបានបង្ហា​ញពីការរី​កចម្រើ​ន​នៃការពង្រឹងប្រជាធិបតេយ្យ សេរីពហុបក្ស ដូចដែលមានក្នុងរដ្ឋធម្មនុញ្ញ ពិសេសលោកថា ច្បាប់នេះ​ក៏បា​ន​ជួយ​តម្រង់ទិសអ្នកនយោបាយខ្មែរ ឲ្យប្រកួតប្រជែងគ្នាដោ​យគិតពីផលប្រយោជន៍ជាតិ ការពារស​ន្តិ​ភា​ពផងដែរ ។

លោកថា៖ «ផ្អែកទៅលើមូលដ្ឋាននេះ បើសិនជាមានការធ្វើខុស​ទៅលើអ្វីដែលមា​នចែងនៅក្នុងច្បា​ប់ហើយ គឺ​ខ្ញុំ​ស្នើ​ឲ្យមានការអនុវត្តច្បាប់ ទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់នេះ ដែលមានជាធរមាន ដើម្បីការពារសុ​ខ​ស​ន្តិភាព ការពារជាតិស្ថេរភាព ការពារផលប្រយោជន៍ជាតិ ដើម្បីផ្តោតអារម្មណ៍ ផ្អែកទៅ​លើ​មូល​ដ្ឋា​នស្ថេរភាពនិងសុខសន្តិភាព»។

តំណា​ងរាស្ត្របក្សកាន់មួយរូបទៀត គឺលោក ម៉ុម ជឹមហ៊ុយ  បានថ្លែងដែរថា សេចក្តីស្នើច្បាប់នេះជំ​រុ​ញឲ្យអ្នកនយោបាយខ្មែរដើរលើគន្លងប្រជាធិបតេយ្យ និងថ្លៃងការពារដូចអ្វីដែលលោក​ ហ៊ុន សែន លើ​កឡើ​​ងដែរថា សង្គ្រាមនៅកម្ពុជាអាចផ្ទុះឡើងបាន បើទោះបីភាគីម្ខាងទៀតគ្មានអាវុធក៏ដោយ។

លោកបន្តថា៖ «ពីព្រោះបើមិនមានការកំណត់នេះទេ ការតស៊ូបែបនយោបាយនឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ពីព្រោះសង្គ្រាម វាមិនមែនកើតចេញដោយសារមានអាវុធមានអីទេ ជាទស្សនៈរបស់ខ្ញុំ ជាទស្សនៈ របស់អង្គការសហប្រជាជាតិ ជាទស្សនៈរបស់យូនីស្កូដែលជាអង្គការឯកទេស របស់អង្គការសហប្រជាជាតិ គេនិយាយថាសង្គ្រាមវាចេញពីក្បាលរបស់មនុស្ស ចិត្តគំនិតរបស់មនុស្សវាចេញពីហ្នឹង»។

ក្រោយតំណាងរាស្ត្រឡើងការពារចប់ អនុប្រធានទី២នៃរដ្ឋសភាកូតាមកពីបក្សកាន់អំណាចលោក ងួន​ ញិល ស្នើឲ្យរដ្ឋសភាអនុម័ត ដោយថាច្បាប់នេះ ប្រកាសជាការប្រញាប់។

មន្ត្រីផ្នែកអង្កេតនៅអង្គការខុមហ្វ្រែល ដែលជាអង្គការមួយឃ្លាំមើលដំណើរការសភា លោក កង សាវាង្ស លើកឡើងថា ច្បាប់នេះ​ ហាក់​មិន​បា​ន​បើកទូលាយឲ្យគ្រប់​ភាគីពាក់ព័ន្ធ ​បានចូ​លរួមផ្ត​ល់យោប​ល់ តាម​បែ​​ប​​ប្រជា​​ធិបតេយ្យ​ទេ​។ លោកថា ខុមហ្វែ្រលកំពុងតាមដានករណីនេះ។

លោកថា៖ «យើងមើលឲ្យមែនទែនទៅការធ្វើច្បាប់នេះ វាមិនមែនសំដៅទៅលើប្រយោជន៍រួម ឬក៏ប្រយោ​ជន៍ទូ​​ទៅទេ ​គឺការប្រើប្រាស់ច្បាប់មួយសម្រាប់តែបុគ្គលម្នាក់។ អញ្ចឹងយើងមើលឃើញថាការធ្វើច្បាប់នេះ ហាក់អត់ទាន់បានគិតអំ​ពីគេហៅថាគោ​លការណ៍នៃ​លទ្ធិប្រ​ជាធិ​បតេយ្យ​ឬមួយ​ជាគោលការ​ណ៍រួមនៅឡើយទេ ហើយសម្រាប់យើងៗហាក់​មិនមានការគាំទ្រច្បា​ប់សម្រា​ប់បុ​គ្គ​​លឬក៏ជាបែបហ្នឹងទេណាស់ យើងអត់មានការគាំទ្រទេ។ ប៉ុន្តែយើងនឹងជជែកផ្លូវច្បាប់បន្ថែមទៀតថាតើ វាប​ង្ហា​​​ញពី​របៀបម៉េច វាខុសត្រង់ចំនុចណាខ្លះ។ នេះគ្រាន់តែជាការវាយតម្លៃបឋមរបស់ខ្ញុំទេបាទ»។

ទោះជាយ៉ាងណា អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនីរទេសខ្លួន លោក សម រង្ស៊ី បានរិះគន់ធ្ងន់ថា កា​រស្នើ​ឲ្យកែច្បាប់ជាលើកទី២ដដែលៗនេះ លោកថាជា «សភាទីងមោង»។

ចំណែកគណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយ​ហៅច្បាប់នោះថា មានចរិកនយោបាយ គាបសង្កត់សិទ្ធិបុគ្គល និងគណបក្សនយោបាយធ្វើឲ្យខ្មែរបែកបាក់គ្នា ហើយថាច្បាប់នេះ ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សដែលធានាដោយរដ្ឋធម្មនុញ្ញ៕


សេចក្តីកែតម្រូវ៖ នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧នេះ វីអូឌី សុំធ្វើការកែតម្រូវព័ត៌មាន ​ដែលបានផ្សាយ​ពីថ្ងៃ១០​ខែ​កក្កដា​ឆ្នាំ២០១៧ ដែលមានចំណងជើងថា «កូនប្រុសលោក ហ៊ុន សែន ស្នើឲ្យអនុវត្តច្បាប់ប្រឆាំង លោក សម រង្ស៊ី ឲ្យមានប្រសិទ្ធភាព​» ដោយកែទៅជា «កូនប្រុសលោក ហ៊ុន សែន ស្នើឲ្យអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ ឲ្យមានប្រសិទ្ធភាព​»  វិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ