មនុស្សយ៉ាងហោចណាស់ ៦នាក់ ត្រូវបានសម្លាប់ និង ២៥នាក់ទៀត រងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រឹមតែមួយថ្ងៃម្សិលមិញនេះ។ នេះដោយផ្អែកតាមតួលេខរបស់នគរបាលចរាចរណ៍។
តួលេខដែលចុះផ្សាយលើគេហទំព័រនគរបាលជាតិ បានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ ៨ករណី បានកើតឡើងទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញនេះ ដោយបានសម្លាប់មនុស្ស ៦នាក់ និងបណ្ដាលឲ្យមនុស្ស ២៥នាក់រងរបួស ក្នុងនោះរបួសធ្ងន់ ១២នាក់។
តួលេខបង្ហាញទៀតថា នៅក្នុងរយៈពេល ២១ថ្ងៃក្នុងខែកក្កដានេះ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សដល់ទៅ ៩៤នាក់ និងបណ្ដាលឲ្យរងរបួស ២៦៩នាក់ ក្នុងនោះរបួសធ្ងន់ ១៧៥នាក់។
មនុស្សដល់ទៅជាង ១៦០០នាក់ ត្រូវបានសម្លាប់ ហើយជាង ៦៦០០នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីឆ្នាំ២០១៦កន្លងមក៕









