ការផ្ទុះឡើងនៃជំងឺគ្រុនឈាមនៅក្នុងប្រទេសស្រីលង្កា បានសម្លាប់មនុស្សប្រហែល ៣០០នាក់ហើយនៅក្នុងឆ្នាំនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីក្រុមមន្ត្រីសុខាភិបាលប្រទេសនេះ ដែលបានថ្លែងកាលពីថ្ងៃម្សិលមិញ។
ការផ្ទុះឡើងនៃជំងឺគ្រុនឈាមនេះ ត្រូវមន្ត្រីសុខាភិបាលស្រីលង្កាបន្ទោសទៅលើទឹកជំនន់ និងភ្លៀងធ្លាក់នៅរដូវវស្សា ដែលបង្កឲ្យមានប្រភពទឹកដកច្រើនសម្រាប់សត្វមូសបង្កកំណើត និងចម្លងវីរុស។
កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ កំពុងតែបង្កើនការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ទៅដល់ប្រទេសស្រីលង្កាតាមរយៈកាកបាទក្រហមប្រទេសនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។
ទីភ្នាក់ងារផ្ដល់ជំនួយមនុស្សអន្តរជាតិនេះ បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា អ្នកជំងឺគ្រុនឈាម កំពុងត្រូវបាននាំទៅព្យាបាលនៅតាមមន្ទីរពេទ្យនានាពេញប្រៀបទៅដោយអ្នកជំងឺ ដែលលើសពីទំហំរបស់មន្ទីរពេទ្យទៅទៀត ជាពីសេសនៅខេត្តភាគខាងលិចប្រទេសនេះ ដែលរងជំងឺគ្រុនឈាមខ្លាំងក្លាជាងគេ។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ជំងឺគ្រុនឈាមជាជំងឺកើតឡើងយ៉ាងឆាប់រហ័ស រីករាលដាលនៅក្នុងបណ្ដាប្រហែលចំនួន ១០០ ចម្លងដល់មនុស្សដល់ទៅ ៣៩០លាននាក់នៅរៀងរាល់ឆ្នាំ។ ការពិនិត្យ និងព្យាបាលទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសសម្រាប់ក្មេងៗ។
ក្រសួងសុខាភិបាលស្រីលង្កា បាននិយាយថា ចំនួនអ្នកឆ្លងជំងឺគ្រុនឈាមបានហក់ឡើងលើសពី ១សែននាក់ ចាប់តាំងពីដើមឆ្នាំ២០១៧នេះ ដោយបានសម្លាប់មនុស្សដល់ទៅ ២៩៦នាក់៕









