មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ពេលនេះក្រសួងកំពុងរៀបចំបង្កើតច្បាប់ស្តីពីការពពោះជំនួស ដើម្បីឲ្យការទំនាក់ទំនងនៃការស៊ីឈ្នួលពពោះស្របច្បាប់ ការពារផលប្រយោជន៍ ភាគីពាក់ព័ន្ធជៀសវាការជួញដូរទារក។
អនុប្រធានអចិន្រ្តៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា មន្ត្រីជំនាញកំពុងសិក្សារៀបចំធ្វើច្បាប់ស្តីការពពោះជំនួស។ លោក ស្រី បន្តថា បច្ចុប្បន្នកម្ពុជាមិនមានច្បាប់គ្រប់គ្រងការពពោះជំនួសទេ ដែលអាចប្រឈ មនឹងការជួញដូរ ឬ រត់ពន្ធទារក។លោកស្រីមានប្រសាសន៍ថា« ដោយសារសព្វថ្ងៃនេះករណីពពោះជំនួសមិនទាន់មានការគ្រប់គ្រងអញ្ចឹងវាអាច ធ្លាក់ចូលទៅក្នុងអំពើរត់ពន្ធទារកហើយនិងជួញដូរទារក ឆ្លងដែន អញ្ចឹងដើម្បីគ្រប់គ្រងភាពអនាធិបតេយ្យ នឹងវាត្រូវស្ថិតនៅក្រោមច្បាប់មួយ»។
ប្រធានអង្គការយេនឌ័រ ដើម្បីអភិវឌ្ឍន៍លោកស្រី រស់ សុភាព មានប្រសាសន៍ថា លោកស្រី មិនចង់ឲ្យមានច្បាប់នេះ និង មិនចង់ឲ្យមានសេវាពពោះជំនួសនោះទេ ព្រោះលោកស្រីថា អាចប៉ះពាល់ដល់ទំនាក់ទំនងស្ត្រីនិងគ្រួសារក្នុងសង្គមខ្មែរ និង ប៉ះពាល់ដល់សុខភាពរបស់ស្ត្រីដែលស៊ីឈ្នួលពពោះនោះទៀតផង។ លោកស្រីថ្លែងថា៖« ការពពោះហ្នឹងសម្រាប់បរិបទស្រុកខ្មែរ នៅស្រុកខ្មែរនៅតែគិតចឹង! ថា ទាល់តែមានការរួមភេទ មិនអញ្ចឹង? ចឹងទៅធ្វើឲ្យប៉ះពាល់ ដល់សេចក្តីសុខដុមនៅក្នុងគ្រួសារផង នៅក្នុងសហគមន៍ផង ចឹងទៅនាំឲ្យប្តីប្រពន្ធមិនទុកចិត្តគ្នា »
បើតាមរបាយការណ៍ក្រសួងមហាផ្ទៃដែលលើកឡើងដោយលោកស្រី ជូ ប៊ុនអេងគឺរហូតដល់បច្ចុប្បន្នគឺនៅកម្ពុជាមានករណីស្ត្រីខ្មែរស៊ីឈ្នួលពពោះជំនួសឲ្យជនបរទេសមានចំនួន២០ករណី។ លោកស្រីថា ចំនួនអាចច្រើនជាងនេះ ព្រោះការពពោះជាការលួចលាក់ដែលអាជ្ញាធរអាចមិនបានដឹងអស់។
សូមសរសេរមកលោក ហូរ តុងហាន់ tonghan2015@gmail.com









