ពលរដ្ឋខ្មែរប្រមាណ១០នាក់ ដែលថាបានចាញ់បោកមេខ្យល់ ទៅធ្វើការនិងរៀបការនៅក្រៅប្រទេស ត្រូវរដ្ឋាភិបាល បញ្ជូនត្រឡប់មកស្រុកកំណើតវិញ ក្រោយស្ថានទូតខ្មែរ ជួយអន្តរាគម។
ក្នុងសេចក្តីប្រកាសព័ត៌មានចំនួនពីរចុះថ្ងៃទី២៨កក្កដាឆ្នាំ២០១៧ ក្រសួងការបរទេស បញ្ជាក់ថា ស្ថានតំណាងកម្ពុជាប្រចាំប្រទេសចំនួន៣ បានជួយសង្គ្រោះពលរដ្ឋ ចំនួន៩នាក់ ក្នុងនោះស្រី៤នាក់ ដែលថា ចាញ់បោកគេទៅធ្វើការ និងរៀបការក្រៅប្រទេស។ បើតាមសេចក្តីប្រកាស ពលរដ្ឋ៣នាក់ បានចាញ់បោកមេខ្យល់ដោយរៀបការខុសច្បាប់នៅប្រទេសចិន ៥នាក់ទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី និងម្នាក់ទៀតទៅធ្វើការលើទូកនេសាទថៃ។
ក្រសួងការបរទេស បញ្ជាក់ទៀតថា ពលរដ្ឋខ្មែរទាំង៩នាក់ ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសចំនួនបីជួយសម្រួល និងចេញលិខិតធ្វើដំណើរជូនពួកគេត្រឡប់មកកម្ពុជាវិញ ចាប់តាំងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ខែកក្កដា៕