ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនដល់ទៅ ៤៨នាក់ ក្នុងនោះមានស្រី ៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស ត្រឹមតែមួយថ្ងៃម្សិលមិញនេះ។ នេះដោយផ្អែកតាមរបាយការណ៍សមត្ថកិច្ច។
របាយការណ៍ដែលផ្សាយលើគេហទំព័រនគរបាលជាតិ បានឲ្យដឹងបន្ថែមថា បទល្មើសគ្រឿងញៀន ២៥ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបានត្រឹមតែមួយថ្ងៃម្សិលមិញនេះ ដោយឃាត់ខ្លួនមនុស្សដល់ទៅ ៤៨នាក់ ក្នុងនោះ ២៤នាក់ ត្រូវបានសង្ស័យជួញដូរគ្រឿងញៀន។
របាយការណ៍នគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៨ពាន់នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងរយៈពេល ៥ខែដំបូងដើមឆ្នាំនេះ។
បញ្ហាគ្រឿងញៀន ត្រូវបានរកឃើញក្នុងការស្ទង់មតិមួយកាលពីឆ្នាំមុនថា ជាចំណុចខ្សោយធំមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕









