ក្រសួងយុត្តធម៌ជំរុញទៅមន្ត្រីតុលាការធ្វើការឲ្យមានយុត្តិធម៌​

ក្រសួងយុត្តិធម៌ ជំរុញឲ្យមន្ត្រីតុលាការ សហការគ្នាធ្វើការ​ប្រកបដោយឯ​ក​រាជ​ភាព  ដោយថាដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ក្រោយពីសិក្ខាសាលាស្តីពី «ការគ្រប់គ្រង និងការដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូង​» អ្នកនាំ​​ពាក្យក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣១កក្កដានេះថា​ កាលពីកន្លងទៅ ប្រធានសាលាដំបូងរាជធានីភ្នំពេញទូទំាងរាជធានី-ខេត្ត មានតួនាទីដឹក​នាំតុលាការ​និងចាត់​ចែង​ការ​ងារ​រដ្ឋបាលផងដែរ ដោយថាកិច្ចការទំាងនោះធ្វើឲ្យមាន​ភាពស្មុគ​ស្មាញ ​យឺត​យ៉ាវ​​ និង​អាច​​មានភាពមិនប្រក្រតី នៅ​ក្នុង​ដំណើរ​ការរឿង​ក្តីជាដើម​​។

ករណីនេះ លោក ម៉ាលីន បានបញ្ជាក់ថា ក្រសួងយុត្តិធម៌បានសហការជាមួយឧត្តម​ក្រុម​ប្រឹក្សានៃ​អង្គ​ចៅ​ក្រម ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្សប្រចំានៅកម្ពុជា រួមជាមួយប្រធាន​សាលា​​ដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង​រាជធានី​-ខេត្តទូទំាងប្រទេស ដើម្បីជជែកគ្នាធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្នុងការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋប្រកបដោយឯករាជភាព ។

លោកនិយាយថា «ការកែទម្រង់របស់យើង គឺឲ្យប្រធានតុលាការ ព្រះរាជអាជ្ញាផ្តោតយកចិត្តទុកដាក់តែ ការងារសំខាន់ គឺការងារសម្រេចសេចក្តី និងដំណើរការនីតិវិធីធ្វើម៉េចឲ្យវាត្រឹមត្រូវតាមច្បាប់ ប្រកបដោយសុចរិតភាព សច្ចភាព និងយុត្តិធម៌ ដើម្បីបំរើប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ចំណែកការងាររដ្ឋបាល ការងារទំនាក់ទំនងសាធារណៈ ការងារហិរញ្ញវត្ថុ ការងារបុគ្គលិក ការងារចង្ក្រាន ជើងឆ្នាំងរបស់តុលាការគឺជាបន្ទុករបស់អង្គភាពថ្មីមួយទៀត គឺយើងហៅថា អង្គភាពរដ្ឋបាលតុលាការ គឺអង្គភាពនេះនៅក្នុងទីតំាងរបស់តុលាការតែម្តង»

​តំណាងការិយាល័យ​ឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចំានៅកម្ពុជាលោក ស្រី ស៊ីប៊ែល អូផែរ បានថ្លែងក្នុងសិក្ខាសាលាថា ការបង្កើតឲ្យមានលេខាធិការដ្ឋានរដ្ឋបាលនៅតាម​សាលា​ដំបូង​រាជធានី-ខេត្តទូទំាងប្រទេស​ គឺជាជំហានវិជ្ជមានមួយដែលគួរឈានទៅរកប្រព័ន្ធយុត្តិធម៌មួយដែល​កាន់​តែមាន ប្រសិទ្ធ​ភាព ធានាការពារសិទ្ធិទទួលបានយុត្តិធម៌ទំាងអស់គ្នា។

អ្នកនាំពាក្យ​សមាគមអាដហុក លោក សំ ចាន់គា យល់ថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌​នៅកម្ពុជា ​មិន​មាន​ឯក​រាជ​ភាពនោះទេ ដោយលោកថា មន្ត្រីទំាងនោះភាគច្រើន ​សុទ្ធតែសកម្មជនបក្សកាន់អំណាច​។ លោកយល់ថា «ប្រព័ន្ធរដ្ឋបាលនៅប្រទេសកម្ពុជាឡើង ហើយចុះ ចាត់ចែកស្អីគឺដោយបក្ស[គណបក្សប្រជាជនកម្ពុជា] បើដោយបក្សអ្នកណាដែលកាន់ការងារបក្ស អ្នកនោះនៅតែមានឥទ្ធិពលដដែល ទៅលើមន្ត្រីចៅក្រម ឬព្រះរាជអាជ្ញា បើចង់កែទម្រង់លុះត្រាតែលែងឲ្យមន្ត្រីតុលាការទំាងអស់ គាត់លាលែងចេញពីសកម្មជន របស់គណបក្ស បានក្រុមពួកគាត់ ចាប់ផ្តើមពង្រឹងភាពឯករាជ្យមុខវិជ្ជាជីវៈរបស់គាត់បាន»។

យោងតាមការស្ទង់មតិមួយដែលត្រូវបានផ្សាយនៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ របស់​លោក សម រង្ស៊ី កាលពីថ្ងៃទី១៩ខែមិថុនា បានបង្ហាញថា ចំពោះ យុត្តិធម៌ក្នុងករណីឃាតកម្មលោកកែម ឡី គឺតែមាន១៨​ភាគរយប៉ុណ្ណោះឆ្លើយថា ពួកគេមានជំនឿខ្លាំង​ថាកម្ពុ​ជា​មានយុត្តិធម៌។ ប៉ុន្តែ៦៦ ភា​គ​រយទៀតឆ្លើ​យ​​ថា ពួកគេគ្មានជំ​នឿទៅលើយុត្តិធម៌នៅកម្ពុជាទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ