យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និងលំនៅឋានជាង៤០០០ខ្នងរួមទាំងផលដំណាំសរុបជាងមួយម៉ឺនហិកតារងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅឆ្នាំនេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ប្រាប់វីអូឌីនៅថ្ងៃនេះថា ជំនន់ ទឹកភ្លៀងបានកើតឡើងក្នុងខេត្តចំនួន៦គឺមានខេត្តព្រះវិហារ ឧត្តរមានជ័យ រតនគិរី ក្រចេះ កំពត និងស្ទឹងត្រែង ដោយបង្ករឲ្យមនុស្ស២នាក់ស្លាប់ ហើយជន់លិចផ្ទះប្រជាជនសរុប ១៩៦៨ ខ្នងក្នុងនោះ៣ខ្នងខូចខាតទាំងស្រុង និងប៉ះពាល់ដំណាំស្រូវ ៩៤៦៣ ហិកតា ដំណាំរួមផ្សំ២៧៩ហិកតា។
លោកបន្តថា ក្រៅពីប៉ះពាល់ផលដំណាំជំនន់ទឹកភ្លៀងនេះក៏បានធ្វើខូចខាតហេដ្ឋារចនាសម្ព័នមួយចំនួន ដែរដោយធ្វើឲ្យខូចខាតប្រព័ន្ធធារាសាស្ត្រចំនួន២កន្លែង ស្ពានឈើចំនួន៤កន្លែង និងផ្លូវគមនាគមន៍មួយចំនួនទៀត។
លោកបន្ថែមថា «យើងបានជម្លៀសពលរដ្ឋ ១០៩ នាក់នៅខេត្តព្រះវិហារ ហើយប៉ះពាល់ផ្ទះដែលលិច ទឹកមានចំនួន១៩៦៨ ខ្នងប្រជាពលរដ្ឋស្លាប់២នាក់ស្រ្តីម្នាក់និងក្មេងម្នាក់ ហើយសាលារៀនលិច២ កន្លែង និងខូចខាតប្រព័ន្ធធារាសាស្ត្រចំនួន២កន្លែង ស្ពានឈើចំនួន៤កន្លែង»។
តែយ៉ាងណាលោកថា រហូតមកដល់ថ្ងៃនេះជំនន់ទឹកភ្លៀងបានស្រក់វិញបណ្តើរៗហើយៗអាជ្ញាធរកំពុង ចុះស្រាវជ្រាវរកផលប៉ះពាលហេដ្ឋារចនាសម្ព័នផ្សេងទៀតដើម្បីធ្វើការជួសជុលឡើងវិញ។
ចំណែកជំនន់ទឹកទន្លេមេគង្គកំពុងជន់លិចលំនៅឋានពលរដ្ឋជាច្រើនខ្នងក្នុងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដោយក្នុងខេត្តក្រចេះប៉ះពាល់៦ស្រុក និងធ្វើឲ្យមនុស្ស១នាក់ស្លាប់ ហើយជន់លិចផ្ទះប្រជាជនសរុប២២៩៩ខ្នង សាលារៀន៤០កន្លែង ស្រូវ១១៩៧ហិកតា ដំណាំរួមផ្សំជាង១២៥៨ហិកតា ខណៈពលរដ្ឋប្រមាណ២០គ្រួសារ និងសត្វពាហនៈជាង៣២៤៦ក្បាលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ នេះជាការឲ្យដឹងពីអ្នកនាំពាក្យដដែល។
លោក កែវ វី បន្តថា សម្រាប់ខេត្តត្បូងឃ្មុំវិញត្រូវជំនន់ទឹកទន្លេមេគង្គជន់លិចចំនួនពីរស្រុកគឺស្រុកក្រូចឆ្មារ និង ស្រុកត្បូងឃ្មុំ ដោយជន់លិចផ្ទះប្រជាជនប្រមាណ១០០០ខ្នង ក្នុងនោះអាជ្ញាធរបានជម្លៀសចេញប្រមាណ៣០០គ្រួសារ និងសត្វពាហនៈជាង២០០០ក្បាលទៅទីទួលមានសុវត្ថិភាព។
លោកបន្ថែមថា «ប៉ះពាល់ផ្ទះដែលលិចទឹកភាគច្រើននៅក្នុងស្រុកក្រូចឆ្មារច្រើន ប្រហែល១០០០គ្រួសារ តែនេះមិនមែនតួលេខផ្លូវការទេណា ហើយមានការជម្លៀសសត្វពាហនៈជាង២០០០ក្បាលមកដល់ទីទួលសុវត្ថិភាព ព្រោះថាពេលទឹកលិចភ្លាមគឺគាត់ជម្លៀសសត្វពាហនៈមុនគេ ហើយមនុស្សនឹងមក តាមក្រោយ ប៉ុន្តែនៅថ្ងៃកម្ពស់ទឹកនៅខេត្តក្រចេះមានការស្រកចុះបន្តិចហើយដោយសារអត់ភ្លៀងដូច្នេះ នៅខេត្តកំពង់ចាមនិងតាមដងទន្លេមេគង្គក្រោមអាចនឹងមានការស្រកចុះបន្ថែមទៀត»។
ដោយឡែករបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាំងពីខែមេសាឆ្នាំ២០១៧បានបង្ហាញថា គ្រោះថ្នាក់បណ្តាលពី ខ្យល់កន្ត្រាក់ ភ្លៀង និងទឹកជំនន់ ដែលបានកើតឡើងកន្លងនៅទូទាំងប្រទេសមានចំនួន ១៣០លើក ដែលក្នុងនោះមានមនុស្សស្លាប់៥នាក់ របួស៤៩នាក់ ផ្ទះរលំនិងខូចខាតធ្ងន់ធ្ងរមានចំនួន៤៩០ខ្នង ខូចខាតមធ្យមមាន២ ៩៦៨ខ្នង ខូចខាតសាលារៀន ៤៥អគារ។ ក្រៅពីនេះ មនុស្សដែលបានស្លាប់ដោយសាររន្ទះបាញ់មានចំនួន ៥២នាក់ និង របួស៥៤ នាក់៕