ក្រុមប្រឹក្សាធម្មនុញ្ញ បានថ្កោលទោសចំពោះការលើកឡើងរបស់នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការអាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដោយថា បានធ្វើឲ្យប៉ះពាល់មកលើស្ថាប័នប្រឹក្សាធម្មនុញ្ញ និងស្ថាប័នកំពូលៗដទៃទៀតនៅប្រទេសកម្ពុជា។
ប្រតិកម្មនេះ កើតឡើងក្រោយ លោក ប្រ៊ែដ អាដាម បានលើកឡើងក្នុងបទសម្ភាស៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ថាសមាជិកទាំងអស់នៃក្រុមប្រឹក្សាធម្មនុញ្ញដែលនាំគ្នាបោះឆ្នោតគាំទ្រច្បាប់ស្ដីពីគណបក្សនយោបាយថ្មី គួតែនាំគ្នាលាឈប់ពីតំណែងជាក្រុមប្រឹក្សាធម្មនុញ្ញភ្លាមៗ ដោយសារពួកគេមិនបានបំពេញការងារឲ្យស័ក្ដិសមនឹងឈ្មោះនិងការពាររដ្ឋធម្មនុញ្ញកុំឲ្យមានការរំលោភបំពាននោះទេ។
ប៉ុន្តែការលើកឡើងនោះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ ដោយចាត់ទុកការបញ្ចេញមតិនោះ ថាជាការរំលោភបំពានធម្ងន់ធ្ងរដល់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនិងធ្វើឲ្យមានការភាន់ច្រឡំដល់សាធារណមតិជាតិ និង អន្តរជាតិ។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រឹក្សាធម្មនុញ្ញ ហៅការលើកឡើងរបស់លោក ប្រ៊ែដ អាដាម នោះ ថាជាការរំលោភលើឯករាជ្យ អធិបតេយ្យ រំលោភលើរដ្ឋធម្មនុញ្ញ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សេចក្ដីថ្លែងការណ៍ឲ្យដឹងថា «ក្រុមប្រឹក្សាធម្មនុញ្ញសូមថ្កោលទោសនិងបដិសេធយ៉ាងដាច់អហង្ការចំពោះការមួយមូលបង្កាច់ ដោយចេតនាទុច្ចរិតរបស់បុគ្គលនេះដែលបានរំលោភបំពានធម្ងន់ធ្ងរដល់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនិងធ្វើឲ្យមានការភាន់ច្រឡំដល់សាធារណមតិជាតិនិងអន្តរជាតិ»។
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចគំាទ្រ ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មី បន្ទាប់ពីតំណាងរាស្ត្រគណបក្សកាន់អំណាច ស្នើកែប្រែជាលើកទី២ តាមការចង់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈច្បាប់នេះត្រូវបានគេមើលឃើញថា បង្កើតឡើង ដើម្បីផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ៕









