លោក ហ៊ុន សែន បញ្ជាឲ្យបិទអង្គការមួយរបស់អាមេរិកនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បញ្ជាឲ្យបិទអង្គការមួយរបស់អាមេរិកនៅកម្ពុជា ដោយថាអង្គកា​រ​នោះ​បា​ននិយាយបង្ខូចឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ទាក់ទិននឹងការជួញដូរមនុស្ស។

កាសែត ខេមបូឌា ដេលី ចុះផ្សាយកាលពីថ្ងៃម្សិលមិញថា កាលពីថ្ងៃសុក្រ ក្រសួងមហាផ្ទៃថានឹងស៊ើបអង្កេតលើ ព័ត៌មាន ដែលចុះផ្សាយ​មួយ ស្តី​ពី​​​ពេ​​​ស្យា​​​ចារ្យកុមារនៅក្នុងរាជធានីភ្នំពេញ ដែលលេចឡើង ជាថ្មីទៀ​តនៅ​​លើបណ្តា​ញសា​រព័ត៌មា​ន C​NN។

ការសែតបានចុះផ្សាយទៀតថា អង្គការមេត្រីអន្តរជាតិ (Agape International Missions​) ដែលធ្វើការផ្តោតលើការជួញដូរមនុស្ស ​បាននិយា​យប្រាប់ CNN ថា «ពេ​ល​​ពួ​​កគេចុះជួបស្ត្រីមួយចំនួនរកស៊ីផ្លូវភេទនៅតំបន់ស្វាយ​ប៉ាក​​​កន្លងទៅ ដើ​ម្បីជួបជាមួយក្មេងស្រីៗ ដែលត្រូវ​បាន​លក់​ឲ្យបម្រើផ្លូវភេទ ជួនកាលត្រូវបានលក់ដោយឪពុក​ម្តាយរបស់ពួកគេតែម្តង»។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ខែសីហានេះ នាយករ​ដ្ឋម្ត្រី​​កម្ពុ​ជា លោក ហ៊ុន សែន ថ្លែងថា ការនិយា​យបែ​​បនេះ លោកថា​ជាកា​​​រប្រមាថដល់ស្ត្រីនៅកម្ពុជា និងថាលោកបានប​ញ្ជារួ​ចហើយ ឲ្យក្រសួងពាក់ព័ន្ធបិទអង្គការនេះ។

លោកថា៖ «ខ្ញុំដាក់បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រសួងការបរទេស ពិនិត្យមើលហើយបិទ​ចោល​ភ្លាម​ៗ ​នូវ​ទង្វើបែបនេះ គឺមិនអាចទទួលយកកើតទេ»។

លោក ហ៊ុន សែន ក៏បានថ្លែងការពារដែរថា ការបញ្ជាបែបនេះ ដើម្បីបញ្ជៀសបាតុក​ម្មនៅមុខស្ថា​នទូត​អា​​មេ​​រិក។

លោកថា៖ «ព្រោះយើងមិនចង់ឲ្យមានបាតុកម្ម ដើម្បីទៅប្រឆាំងដល់ស្ថាន​ទូតអាមេរិកនិងអង្គការក្រៅរដ្ឋា​ភិបាល​ទេ​។​កុំភ្លេ​ចនៅប្រទេសច្រើនណាស់ ជួនកាលគ្រាន់តែគូររូបថ្លុក មហាម៉ាត់គឺទ​ស្សនាវដ្ដីនោះត្រូ​វបាន​គេ​​វាយប្រហារ ឬត្រូវបានគេធ្វើរឿងនេះឬធ្វើរឿងនោះ។ ប៉ុន្តែសម្រាប់ប្រទេសរប​ស់យើងត្រូវបា​នគេ​ប្រ​មាថ​ថា ម្តា​យយកកូនទៅលក់តើវាសមហេតុសមផលទេ»។

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោក Arend Zwartjes ប្រាប់វីអូឌីតាមរយៈអ៊ីម៉ែល​នៅល្ងាចថ្ងៃទី១មិថុនានេះថា លោកសុំមិនឆ្លើយសំនួរពាក់ព័ន្ធនឹងសកម្មភាពការងាររបស់អង្គការមេត្រី​អន្តរជាតិ (AIM) ដោយបង្វែរសំនួរ ទៅសួរអង្គការនេះវិញ។ ទោះជាយ៉ាងណា លោកថា ​ប្រទេសកម្ពុជា ​បាន​បោះ​ជំហាន​យ៉ាង​រហ័ស ចំពោះការប្រយុទ្ធប្រឆាំងការជួញដូរផ្លូវភេទកុមារ ដូចក្នុង​របាយការណ៍​ចេញ​ផ្សាយ​ដោយក្រសួងការបរទេសអាមេរិក។​

លោកបន្តថា សហរដ្ឋអាមេរិក ជឿថា ការប្តេជ្ញារបស់ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការយ៉ាងជិតស្និទ្នជាមួយរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ គឺជាផ្នែកសំខាន់បំផុតនៃដំណោះស្រាយ។

វីអូឌី នៅមិនទាន់បានទាក់ទងនាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិនេះ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបាននៅឡើយ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា វិធានការច្បាប់ជារឿងមួយ ប៉ុ​ន្តែ​លោក​ថាបើរដ្ឋាភិបាលមិនបានស៊ើបអង្កេតដោយឯករាជ្យស្វែងរកការពិត លោកថា រដ្ឋាភិបាលនឹ​ងនៅ​តែ​​​រងការចោទថា វិធានការនេះ ហាក់បង្កប់នូវរូបភាពគំរា​មកំហែងដល់អង្គការសង្គមស៊ីវិល។​

លោកថា៖ «វាត្រូវតែមានការស៊ើបអង្កេត ហើយត្រូវបង្ហាញភស្តុតាងច្បាស់លាស់ណាមួយជាមុនទៀតណាស់។ហើយបើសិនជាការបិទហ្នឹងយើងមិនទាន់បានធ្វើការស៊ើបអង្កេតឲ្យមានភស្តុតាងគ្រប់គ្រាន់ទេ​អាហ្នឹងនាំ​ឲ្យ​មាន​ការយល់ច្រឡំ ពីមតិសាធារណមតិជាតិនិងអន្តរជាតិ គេអាចយល់ច្រឡំទៅរឿងផ្សេង ថាការបិ​ទហ្នឹ​ងទៅនឹងការគំរាមកំហែង ជាការបំភិតបំភ័យទៅលើអង្គការសង្គមស៊ីវិលផ្សេងទៀត»។

កន្លងទៅមន្ត្រីជាន់ខ្ពស់មួយរូប របស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ធ្លាប់ធ្វើសន្និសីទ​សា​រព័ត៌​មាននៅមន្ទីររដ្ឋសភា ដោយចោទប្រកាន់ចំៗថា សហរដ្ឋមេរិក បានផ្តល់ជំនួយ ឲ្យអង្គការសង្គម​ស៊ីវិលទាំង​ជា​​តិ​​​និ​​​ងអ​ន្តរជាតិ នៅកម្ពុជា ដោយថា​ដើម្បីឲ្យធ្វើសកម្មភា​ព ផ្តួលរំលំរដ្ឋាភិបា​លកម្ពុជា។ ប៉ុន្តែការ​ចោទ​ប្រ​កាន់​​​នេះ​​ត្រូវបានមន្ត្រីស្ថានទូតអាមេរិកច្រានចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ