លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ឲ្យមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយព័ត៌មានដែលលោកយល់ថា ជាការបំពុលបរិយាកាសសង្គម ខណៈក្រសួងមហាផ្ទៃប្រកាសតាមចាប់អ្នកបង្ហោះវីដេអូរឿងចាប់ក្មេងយកទៅវះក្រលៀន។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត ដែលធ្វើនៅភ្នំពេញនាថ្ងៃទី១ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ថ្មីៗនេះមានបុគ្គលមួយចំនួនបានផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនពិតលើទំព័រ ហ្វេសប៊ុក ដោយលោកថា ការផ្សព្វផ្សាយនោះមានចេតនាបំពុលបរិយាកាស និងសាងគ្រោះឲ្យសង្គមជាតិ។
លោកបន្ថែមថា «អ្នកដែលលេង Facebook ទាំងឡាយសុំកុំបង្កើតបញ្ហា កុំសាងគ្រោះឲ្យជាតិ តាមរយៈការបំពុលបរិយាកាសនានា។ ប៉ុន្មានថ្ងៃកន្លងទៅនេះបង្កើតឲ្យមានបញ្ហាច្រើនណាស់បំផុសពីរឿងការចាប់កូនក្មេងយកទៅវះយកក្រលៀន។ ប៉ិនសួរថាវាពិតរឿងអញ្ចឹង អារឿងអ្នកបំផុស អ្នកបំពុលបរិយាកាស បង្ហោះចេញទៅ ប៉ុន្តែសុំឲ្យអ្នកបន្តការចែកចាយត្រូវពិនិត្យមើលថាវាពិតឬក៏អត់ គួរត្រូវចែករំលែកបន្តឬអត់»។
ថ្មីៗនេះអ្នកលេង Facebook មួយចំនួនបានផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកថា មានការធ្លាក់យន្តហោះនៅសៀមរាប និងខ្លះទៀតថាមានជនជាតិវៀតណាមចាប់ក្មេងវះយកក្រលៀនទៅលក់ ប៉ុន្តែត្រូវក្រសួងមហាផ្ទៃច្រានចោល ដោយថា ព័ត៌មាននេះមិនពិតនិងប្រកាសស្វែងរកចាប់ខ្លួនអ្នកដែលចែករំលែកព័ត៌មានទាំងនោះផងដែរ។
ប្រធានផ្នែកព័ត៌មាននិងទំនាក់ទំនងនៃអង្គការសង់ត្រាល់ លោក ង៉ែត ម៉ូសេ ចាត់ទុកការក្រើនរំលឹករបស់លោកនាយករដ្ឋ ហ៊ុន សែន នេះថា ជារឿងល្អមួយដើម្បីអ្នកលេង Facebook បានដឹង និងមានការប្រុងប្រយ័ត្នមុនផ្សព្វផ្សាយ ឬចែករំលែងព័ត៌មានបន្ត។
សម្រាប់វិធានការរបស់ក្រសួងមហាផ្ទៃវិញលោកថា គ្រាន់តែចាប់មកធ្វើការអប់រំ ឬធ្វើកិច្ចសន្យាណាមួយ បានហើយ មិនគួរឃុំខ្លួនពួកគេនោះទេ ដោយថា ពលរដ្ឋខ្លះមិនសូវយល់ដឹងអំពីការលេង Facebook នេះទេ។
លោកបន្ថែមថា «មុនដាក់ទោសទាន់គួរស៊ើបអង្កេតរៀងនេះឲ្យច្បាស់សិន គួរតែហៅអ្នកហ្នឹងមកសួរនាំសិន ដើម្បីស៊ើបទៅរកប្រភពដើមដែលគាត់ធ្វើរឿងស្តីពីការធ្លាក់យន្តហោះអីអញ្ចឹងទៅជាជាងប្រកាសថាអ្នកណាចែកចាយរឿងមិនពិតនឹងត្រូវចាប់ និងត្រូវមានទោស។ ហើយជាជាងការដាក់ទោសទាន់គួរ តែមានវិធានការអប់រំដល់អ្នកលេង Facebook ហ្នឹង[…]អ្នកផ្សព្វផ្សាយព័ត៌មានមិនពិតប្រាកដឬមិន ច្បាស់ជូនកាលគាត់អត់ដឹងរឿងហ្នឹងដែរគាត់ឃើញគេចែកចាយគាត់ក៏ចែកចាយបន្តដែរទៅ»។
គួររំលឹកថា គិតមកដល់ថ្ងៃនេះ មានមនុស្ស២នាក់ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីពួកគេផ្សព្វ ផ្សាយ និងចែករំលែកព័ត៌មានរឿងចាប់ក្មេង ដោយម្នាក់នៅខេត្តកំពង់ធំបានឃុំខ្លួនបណ្តោះអាសន្ននិងម្នាក់ទៀតនៅខេត្ត តាកែវត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១ខែសីហាឆ្នាំ២០១៧នេះ។
ក្នុងរបាយការណ៍ប្រជុំប្រចាំឆមាស វាយតម្លៃសភាពការណ៍ សន្តិសុខ អគ្គស្នងការនគរបាលជាតិ បានចាត់ទុកអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលតែងតែចោទប្រកាន់រដ្ឋាភិបាលនោះថាជា «ជាពួកអមិត្ត»៕