ក្រសួងកិច្ចការនារី​បដិសេធថាកម្ពុជាមិនមានម្ដាយលក់កូនស្រីឲ្យបម្រើផ្លូវភេទទេ

ក្រសួងកិច្ចការនារី​ បដិសេធលើភាពយន្តឯកសារអង្គការមួយរបស់អាមេរិកនៅកម្ពុជាដែលបានចុះផ្សាយថា កេ្មងស្រីកម្ពុជាត្រូវបានម្ដាយយកទៅលក់ឲ្យបម្រើផ្លូវភេទ ដោយក្រសួងនេះហៅការផ្សាយនោះថាបាន​ធ្វើប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរនិងកិត្តិយសរបស់ស្ត្រីខ្មែរ។

ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បញ្ជាឲ្យបិទអង្គការ AIM ដោយថា អង្គកា​រ​នោះបា​ននិយាយបង្ខូចឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ទាក់ទិននឹងការជួញដូរមនុស្ស។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ក្រសួងកិច្ចការនារីឲ្យដឹងថា វប្បធម៌ប្រពៃណីខ្មែរមិនមានទម្លាប់លក់កូនទេ ទោះបីជួបប្រទះភាពក្រីក្រយ៉ាងណាក៏ដោយ។

ក្រសួងឲ្យដឹងបន្តថា​ បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចក្នុងភាពយន្តឯកសារខ្លីនោះ ជនរងគ្រោះនិងម្ដាយជាជនបទេសរស់នៅក្នុងប្រទេសកម្ពុជាដែលវប្បធម៌ ប្រពៃណីរបស់គេខុសពីវប្បធម៌ប្រពៃណីខ្មែរ។ ក្រសួង ចោទថា អង្គការ AIM បានបំភ្លៃរឿង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការរកថវិកាទ្រទ្រង់សកម្មភាពរបស់ខ្លួន ហើយអង្គការនេះមិនបានគោរពតាមលក្ខន្តិកនៃការអង្គការក្រៅរដ្ឋាភិបាលឡើយ។

ក្រសួងថា «នេះជាកំហុសឆ្គងធ្ងន់ធ្ងររបស់អង្គការ AIM ដែលតម្រូវឲ្យមានវិធានការតាមផ្លូវច្បាប់ទៅលើអង្គការនិងបុគ្គលដឹកនាំ។ រឿងនេះជាការបរិហាកេរ្តិ៍ទៅលើកិត្តិយសរបស់ស្ត្រីខ្មែរ​និងប្រទេសកម្ពុជាទាំងមូលដែលយើងខ្ញុំជាតំណាងស្ត្រីខ្មែរមិនអាចទទួលយកបាន»។

នាយិកាអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ (GADC) លោកស្រី រស់ សុភាព មានប្រសាសន៍ថា អាច​​មានករណីម្ដាយលក់កូនពិតមែន ប៉ុន្តែមិនសំដៅទៅលើម្ដាយទាំងអស់នោះទេ។ លោកស្រីបន្តថា ប្រសិ​នបើទូរទស្សន៍ CNN ចុះផ្សាយបែបនេះ ហើយរដ្ឋាភិបាលបញ្ជាឲ្យបិទអង្គការនោះ លោកស្រីថា មិនសមហេតុផលឡើយ។ លោកស្រីឲ្យរដ្ឋាភិបាលធ្វើពិចារណាចំពោះរឿងនេះឡើងវិញ។

លោកស្រីថា «កំហុសឆ្គងផ្នែកបច្ចេកទេស ខ្ញុំគិតថាមិនមែនអង្គការចង់ឲ្យ ​CNN ​ផ្សាយចឹងទេ​ តែគាត់គ្រាន់តែ ថា នៅពេលដែលគាត់ធ្វើការងារនេះ គាត់មានតួនាទីអាចប្រាប់គេថា វាមានករណីកើតឡើងចឹង ដល់យកទៅផ្សាយវាជាកំហុសបច្ចេកទេសរបស់ CNN។ ចឹងគាត់មិនមែនបង្គាប់បញ្ជាឲ្យ CNN ធ្វើចឹងទេតាមខ្ញុំយល់។ ជាទូទៅ​យើងអ្នកជាផ្ដល់ព័ត៌មាន មិនមែនមានន័យថា អាចទៅប្រាប់គេថាឲ្យចុះអញ្ចេះអញ្ចុះនោះទេ ព្រោះអ្នកព័ត៌មានគេមានបច្ចេកទេសរបស់គេក្នុងការចុះផ្សាយ។ ចឹងបើ CNN គាត់ចុះផ្សព្វផ្សាយអញ្ចឹងហើយឈានទៅបិទអង្គការខ្ញុំគិតថាមិនទាន់គ្រាន់ក្នុងការបិទទេ»។

​អង្គការ​មេត្រី​អន្តរជាតិដែលធ្វើការផ្តោតលើការជួញដូរមនុស្សនោះ (Agape International Missions​)​ បាននិយា​យប្រាប់ ទូរទស្សន៍ CNN ថា «ពេ​ល​​ពួ​​កគេចុះជួបស្ត្រីមួយចំនួនរកស៊ីផ្លូវភេទនៅតំបន់ស្វាយ​ប៉ាក​​​កន្លងទៅ ដើ​ម្បីជួបជាមួយក្មេងស្រីៗ ដែលត្រូវ​បាន​លក់​ឲ្យបម្រើផ្លូវភេទ ជួនកាលត្រូវបានលក់ដោយឪពុក​ម្តាយរបស់ពួកគេតែម្តង» ហើយនៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា កន្លងទៅ ទូរទស្សន៍ CNN បាន​ចុះ​ផ្សាយ​របាយការណ៍នោះ​​ដោយ​ដាក់​ចំណង​ជើង​ថា «ក្មេង​ស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ» ដោយដាក់​បញ្ចូល​របាយ​ការណ៍​របស់​អង្គការ​មេត្រី​អន្តរជាតិ និងបានសម្ភាសន៍ស្ត្រី​ជា​ជនជាតិ​វៀតណាមរស់​នៅ​កម្ពុជាមួយ​ចំនួន​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ