អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទទួចឲ្យដក លោក វង សូត ចេញពីតំណែង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចរូបនេះត្រូវបានកាសែតគាំទ្ររដ្ឋាភិបាលដកស្រង់សំដីផ្សាយថា លោក វង សូត បានព្រមាន «វាយក្បាលនឹងគល់ឬស្សី» បើមានការតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត។
នាយករងប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ភីល រ៉ូបឺតសុន បានបញ្ចេញប្រតិកម្មទៅនឹង លោក វង សូត ដោយទាមទារឲ្យដកចេញពីតំណែង និងហៅសុន្ទរកថារបស់រដ្ឋមន្រ្តីរូបនេះថា «ជាសារដ៏ឃោរឃៅរបស់គាត់ដែលបង្ហាញថាគាត់មិនដឹងអ្វីទាំងអស់អំពីសិទ្ធិមនុស្សឬប្រជាធិបតេយ្យ»។
លោក ភីល រ៉ូបឺតសុន បន្តថា លោក វង សូត កំពុងព្យាយាមបង្ហាញពីភក្ដីភាពរបស់គាត់ទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន តែថា «លោក វង សូត បានធ្វើឱ្យខ្លួនឯងមើលទៅល្ងង់ខ្លៅ» ហើយបានបង្ហាញពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅកាន់អន្ដរជាតិ ថា«ប្រទេសក្រីក្រមួយនេះធ្លាក់ចូលទៅក្នុងរបបផ្តាច់ការ មុនពេលដែលការបោះឆ្នោតត្រូវបានបោះនៅក្នុងឆ្នាំ២០១៨» ។
VOD មិនអាចទាក់ លោក វង សូត បានទេ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានឆ្លើយយ៉ាងខ្លីថា សូមឲ្យអ្នកសារព័ត៌មានស្វែងយល់ដោយឯង។
ការព្រមានរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយវាយបង្រ្កាបដោយហិង្សាទៅលើអ្នកតវ៉ានេះបានកើតឡើងតាំងពីមុនបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងជាសាធរណថា នឹងវាយឲ្យបាក់ធ្មេញ បើជនណាហ៊ានចេញតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមដែរថា លោកមិនខ្លាចនឹងកម្ចាត់មនុស្ស១០០ទៅ២០០នាក់ ដើម្បីរក្សាសន្តិភាពនោះទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើងថា សារនយោបាយនេះ ហាក់បង្ហាញថា អ្នកនយោបាយខ្មែរ កំពុងស្ថិតនៅក្នុងសមរភូមិសង្គ្រាម កាប់សម្លាប់គ្នា មិនស្ថិតនៅលើទីលានបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេ។
លោក យង់ គិមអេង លើកឡើងទៀតថា បើអ្នកនយោបាយ នៅតែបន្តផ្ញើសារគំរាម និងប្រមាថបែបនេះ លោកបារម្ភថា ចលាចលសង្គមនឹងអាចកើតឡើង រវាងពលរដ្ឋដែលមាននិន្នាការគាំទ្រ និងអ្នកដែលមាននិន្នាកាប្រឆាំង។
លោកថា៖ «សម្តីហ្នឹងហើយដែលធ្វើឲ្យមានចលាចលក្នុងសង្គម សម្តីធ្វើឲ្យមានភាពមិនទុកចិត្តគ្នា សម្តីធ្វើឲ្យមានការបែកបាក់»។
នាយិកានៃអង្គការសីលីកា លោកស្រី ធីតា ឃីះ លើកឡើងថា ការផ្ញើសារបែបនេះ ជាគំរូមិនល្អមួយ ក្នុងសង្គមប្រជាធិបតេយ្យ។ លោកស្រីថា ទង្វើនេះក៏នឹងរារាំងដល់យន្តការការប្រជាធិបតេយ្យ ដែលគេ ដោះស្រាយបញ្ហា ដោយសន្តិវិធី និងអហិង្សា។
លោកស្រីថា៖ «ពីព្រោះថ្នាក់ដឹកនាំកំពូលបានបង្ហាញពីរបៀបបញ្ជាថាចង់បានអី។ អញ្ចឹងទេវិធីសាស្ត្រនេះ ជាវិធីសាស្ត្រហិង្សា ហើយបិទបាំងជំនាញ និងចំណេះថ្លៃថ្នូរ ហើយនឹងធ្វើឲ្យមនុស្សរស់នៅក្នុងសង្គមហ្នឹងចេះដោះស្រាយបញ្ហាដោយហិង្សា»។
លោកស្រី ធីតា ឃឹះ លើកឡើងទៀតថា បើអ្នកនយោបាយមិនបញ្ឈប់ផ្ញើសារបែបគំរាម និងប្រមាថទេ លោកស្រីថា សង្គមនឹងបែងចែកពលរដ្ឋជាពីដាច់ដោយឡែកពីគ្នា ដោយថា មនុស្សមួយក្រុម ភ័យខ្លាចមិនហ៊ានចូលរួមកិច្ចការសង្គម រីឯអ្នកមនុស្សមួយក្រុមទៀតហ៊ានចូលរួមតែជ្រើសរើសបែបហិង្សានិយម សម្រាប់ដោះស្រាយបញ្ហា ។
លោកស្រីថា៖ «យើងមើលឃើញដូចជាហិង្សានៅតាមចិញ្ចើមថ្នល់ដែលមានបញ្ហាវាយដំច្រំធាក់ មនុស្សដែលសង្ស័យអីហ្នឹងជាលទ្ធផលមួយដែរ ចេញពីវប្បធម៌ហិង្សានេះ។ អញ្ចឹងទៅវាមានឥទ្ធិពលច្រើន»។
អ្នកវិភាគនយោបាយ លោក ឆាំ ប៊ុនថេត លើកឡើងថា ភាសាគំរាម ប្រមាថគ្នា របស់អ្នកនយោបាយពេលនេះ ហាក់បានបង្ហាញថា វប្បធម៌លាបពណ៌ឲ្យពលរដ្ឋស្អប់គ្នា នៅតែត្រូវបានគេយកមកប្រើដើម្បីការពារអំណាច បើទោះពីពេលនេះកម្ពុជាប្រកាសថា កំពុងដើរលើគន្លងប្រជាធិបតេយ្យក៏ដោយ។
លោកថា៖ «បើយើងអត់បញ្ឈប់ការប្រើប្រាស់ពាក្យសម្តីអសុរោះបែបនេះទេ សង្គមខ្មែរយើងអាចនឹងបាត់បង់ទៅវិញនៅថ្ងៃណាមួយមិនខានទេ ឲ្យតែយើងនៅប្រើប្រាស់អានយោបាយបែបប្រមាថ លាបពណ៌គំរាមកំហែងសម្លុត ដោយមិនចេះនិយាយគ្នាក្នុងភាពជាមនុស្ស។ ពីព្រោះអាភាសាគ្រហឹម គំរាមកំហែងអីនេះមិនមានជាភាសារបស់មនុស្សទេតាមពិតទៅ វាជាសំឡេងរបស់សត្វធាតុទេ បើមនុស្សយើងចេះនិយាយគ្នា យើងចេះដោះស្រាយគ្នាហើយបាទ»។
ទោះជាយ៉ាងណាអ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល ជំរុញទៅអ្នកនយោបាយ ត្រូវចេះផ្ញើសារបែបបង្រួបង្រួមជាតិពង្រឹងការលើកកម្ពស់សិទ្ធិមនុស្សតាមយន្តការប្រជាធិបតេយ្យ បើពុំនោះទេ ពួកគេថាប្រទេសជិតខាងនឹងស្រូបយកទាំងធនធានធម្មជាតិ ទឹកដីតាមព្រំដែនពីកម្ពុជា ដរាបណាអ្នកនយោបាយខ្មែរមិនចេះធ្វើការរួមគ្នា តម្កល់ប្រយោជន៍ជាតិជាធំនោះ៕