មេដឹកនាំគណបក្សរួបរួមជាតិខ្មែរ លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចបញ្ជូនត្រឡប់ទៅស្នងការនគរបាលរាជធានីភ្នំពេញវិញហើយនៅវេលាម៉ោង ៥ល្ងាចនេះ បន្ទាប់ពីបញ្ចប់ការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ។
អតីតមន្ត្រីជាន់ខ្ពស់មកពីគណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ នៅឯគេហដ្ឋានរបស់លោកនៅក្នុងខណ្ឌជ្រោយចង្វា ដោយសមត្ថកិច្ចថា មានជាប់ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនកាលពី ១០ឆ្នាំមុន នៅឯឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សេចក្ដីរាយការណ៍នានារបស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា លោក ញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ១រសៀលថ្ងៃនេះ។
រហូតមកដល់ម៉ោង ៥ល្ងាចនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចបាននាំលោក ញឹក ប៊ុនឆៃ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញហើយ។
ទាក់ទងនឹងការចោទប្រកាន់យ៉ាងណានោះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញរូបនេះ ពុំអត្ថាធិប្បាយទេ ដោយប្រាប់ថា កំពុងជាប់ប្រជុំ និងថា ពុំអាចបញ្ជាក់ព័ត៌មានលម្អិតបាននៅឡើយទេ។
ការចាប់ខ្លួនមេដឹកនាំបក្សរួបរួមជាតិខ្មែរនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីព័ត៌មានបែកធ្លាយថា លោក ញឹក ប៊ុនឆៃ មានបំណងចុះចូលជាមួយគណបក្សសង្គ្រោះជាតិ៕