ព្រៃឈើសហគមន៍ចំនួន២កន្លែង ក្នុងខេត្តកំពង់ធំ រងការកាប់ទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋ ខណៈចំណាត់ការរបស់អាជ្ញាធរក្នុងការទប់ស្កាត់ ក៏មិនសូវមានប្រសិទ្ធភាព។
ប្រធានសហគមន៍ព្រៃឈើម្នាក់ នៅខេត្តកំពង់ធំ គឺលោក មាន មុំ ឲ្យដឹងថា ករណីកាប់ទន្ទ្រានយកដីព្រៃឈើសហគមន៍ បានកើតឡើងតាំងពីយូរមកហើយ ដោយថា ការកាប់បំផ្លាញនោះ ច្រើនកើតឡើងដោយសារប្រជាពលរដ្ឋ ដើម្បីយកដី ដាំដំណាំ និងខ្លះទៀតកាប់ព្រៃឈើ ដើម្បីលក់ឲ្យឈ្នួញ។
លោកថា ករណីនេះក៏បណ្ដាលមកពីអាជ្ញាធរ មានការបន្ធូរបន្ថយ មិនមានវិធានការម៉ឺងម៉ាត់។ លោកបន្ថែមថា ក្រោយការបោះឆ្នោតឃុំសង្កាត់ អាជ្ញាធរភូមិឃុំ បានរៀបចំឲ្យមានគណៈកម្មាការឃុំថ្មី ដើម្បីចុះវាយតម្លៃ និងសិក្សាពីផលបះពាល់។
លោកថា «ជាទូទៅ យើងមិនដាក់បន្ទុកទៅលើអាជ្ញាធរទេ ក៏ប៉ុន្ដែវាមានការបន្ធូរបន្ថយខ្លះ ដូចថា វាមិនមានចំណាត់ការនីតិវិធីតាមផ្លូវច្បាប់ទី១ ទី២ បណ្ដាលមកពី ទាក់ទងនឹងប្រជាពលរដ្ឋខ្លួនឯង ដែលជាសមាជិកសហគមន៍ហ្នឹង គាត់ចង់បាន ដោយសារតែមានការឡើងថ្លៃស្វាយចន្ទី គាត់ចង់កាប់រានយកដីព្រៃ ដើម្បីស្វាយចន្ទី និងខ្លះទៀត កាប់ដើម្បីយកលក់ឲ្យឈ្នួញ អាជ្ញាធរភូមិខ្លះ គាត់កាប់នៅហ្នឹងដែរ»។
មេឃុំសាលាវិស័យ លោក ជិន ហ៊ិន ឲ្យ VOD ដឹងថា សហគមន៍ព្រៃឈើទាំងពីរខាងលើ មានឈ្មោះ សហគមន៍ព្រៃឈើ «សាលាឆ្តោ» និងសហគមន៍ព្រៃឈើ «ជាំម្រេច» ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង។
មេឃុំ ដែលទើបជាប់ឆ្នោតរូបនេះ បន្ទោសថា ករណីកាប់ទន្រ្ទានយកដីព្រៃឈើសហគមន៍នេះ គឺបណ្ដាលមកពីអាជ្ញាធរភូមិឃុំមុនៗ មានភាពអសកម្ម ហើយប្រជាពលរដ្ឋខ្លួនឯង ក៏ចូលរួមកាប់បំផ្លាញ។ លោកថា បច្ចុប្បន្ន លោកបានធ្វើការហាមឃាត់មិនឲ្យមានការកាប់ទន្រ្ទានទៀតទេ និងថា កំពុងស្វែររកដៃគូពាក់ព័ន្ធជួយគាំទ្រ ដើម្បីជាប្រយោជន៍សហគមន៍ទាំងមូល។
លោកថា «ថ្មីៗនេះ ខ្ញុំឡើងជាមេឃុំថ្មី បង្កើតគណៈកម្មាការរបស់ឃុំមួយទៀត ឲ្យគណៈកម្មាការឃុំ ហើយនិងរដ្ឋបាលព្រៃឈើហ្នឹង ទៅស៊ើបគណៈកម្មាការ ដែលមានស្រាប់នៅក្នុងឃុំ ហើយខ្ញុំធ្វើការហាមឃាត់»។
នាយសង្កាត់រដ្ឋបាលព្រៃឈើ ឃុំសាលាវិស័យ លោក ប៉ុក ចិត្រា អះអាងថា ក្រុមការងារកំពុងចុះស្រង់ទិន្នន័យ ដើម្បីដាក់ជារបាយការណ៍ទៅថ្នាក់លើត្រួតពិនិត្យ។ ប៉ុន្ដែវិធានការយ៉ាងណានោះ លោកថា អាស្រ័យលើថ្នាក់លើ ជាអ្នកសម្រេចនៅពេលក្រោយ។
លោកថា «ខាងខ្ញុំសាលាឆ្តោរហ្នឹង បានប្រជុំផ្សព្វផ្សាយ ហើយឲ្យចុះស្រង់ដីចម្ការ ដែលមាននៅក្នុងសហគមន៍ហើយ ធ្វើតាមហ្នឹង តាមសម្រង់ដែលយើងស្រង់បាន អ្នកណារុករានថ្មី អីអី អាហ្នឹងយើងដាក់របាយការណ៍ទៅថ្នាក់ដឹកនាំ អាហ្នឹង ព្រោះដូចខ្ញុំ ក៏គ្មានសិទ្ធិសម្រេចអីដែរ»។
យោងតាមប្រកាសលេខ៤៨៩ ស្ដីពីការបង្កើត និងគ្រប់គ្រងតំបន់ព្រៃសហគមន៍ ក្នុងខេត្តកំពង់ធំ សហគមន៍ព្រៃឈើ «សាលាឆ្តោ» បានចុះកិច្ចព្រមព្រៀងទទួលស្គាល់ កាលពីឆ្នាំ២០០៨ ដោយ ព្រៃសហគមន៍ឆ្តោរ មានទំហំសរុបជាង១០០៦ហិកតា។ ចំណែក សហគមន៍ព្រៃឈើ «ជាំម្រេច» ក៏មានទំហំជាង១ពាន់ហិចតា៕









