សហគមន៍​ផ្លូវ​ដែក​ទាមទារជា​ថ្មីឲ្យ​សាលាក្រុង​បង្ហាញ​គម្រោង​អភិវឌ្ឍន៍​ដោយ​ក្តី​បារម្ភ

ប្រជាពលរដ្ឋដែល​រស់​​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក

ប្រជាពលរដ្ឋដែល​រស់​​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក​ប្រមាណ​៨​សហគមន៍​ បានមក​ដាក់​ញត្តិជា​ថ្មី​នៅសាលា​ក្រុង​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃទី៧ សីហា​នេះ​ ក្នុង​គោល​បំណង​​ទាម​ទារ​ការ​ឆ្លើយ​តប​អំពី​ផែន​ការ​​អភិវឌ្ឍ​ន៍​​របស់​​សាលា​ក្រុង និងតាម​ដាន​លទ្ធផល​នៃ​ការ​ដាក់​ញត្តិ​កាល​ពី​លើក​មុនៗ ខណៈពួក​គេ​ព្រួយ​បារម្ភ​ការ​បណ្តេញ​ចេញដូច​សហគមន៍​​ដទៃ។

សហគមន៍​ទាំងនោះ​មាន​ដូចជាសហគមន៍​អភិវឌ្ឍថ្មី សហគមន៍​រួមចិត្តតែមួយ សហគមន៍​ភូមិ២ សហគមន៍​​ភូមិ​១៧ សហគមន៍​ភូមិ២១ សហគមន៍​ភូមិ២៣ សហគមន៍​ភូមិ១០៤ សហគមភូមិ១០៥ ស្ថិតនៅ​ខ​ណ្ឌ​ដូន​ពេញ និង​ខណ្ឌ​ទួល​គោក រាជធា​នីភ្នំពេញ។

ប្រជា​ពលរដ្ឋ រស់​នៅក្នុង​សហគមន៍​ភូមិ២៣ អ្នក​ស្រី​ មាស ស្រី​មុំ បាន​ប្រាប់​អ្នក​សារពត៌មាន​ថា អ្នក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ភាព​នៅ​ស្ងៀម​របស់​សាលាក្រុង ពោល​គឺ​ដោយ​សារតែ​សាលា​ក្រុង​មិនព្រមបង្ហាញ​គម្រោង​អភិវឌ្ឍន៍។ អ្នក​ស្រី​ថា អ្នកស្រី និង​គ្រួសារ​ដទៃ​ទៀត​នៅ​តំបន់​ផ្លូវ​ដែក​នេះ​ចង់​បាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង សុំ​ប័ណ្ឌ​កមុ្មសិទ្ធ មិន​មាន​ការ​បណ្តេញ​ចេញដោយ​បង្ខំ។

អ្នក​ស្រី​បាន​ធ្វើការ​ព្រមាន​ទៅ​អាជ្ញាធរ​ថា បើ​សិនជាសាលាក្រុង​នៅ​តែ​មិន​ផ្តល់​ចម្លើយ​ទេ អ្នក​ស្រីនិង​ក្រុម​សហគមន៍​​នឹង​បន្ត​ការ​ទាម​ទា​រ​នេះ​តទៅទៀត អាច​ទៅ​ដល់​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី ស្វែង​រក​ការ​ជួយ​ពី​ស្ថាប័ន​ផ្សេងទៀត​។ ​

អ្នក​ស្រី​ថា៖ «ពួក​យើង​នឹង​បន្ត​ក្រាញ​ននៀល​នៅ​ទីនេះ​បន្ត​ទៀត ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​អាច​រស់នៅ​បាន​ដោយ​សុខសាន្ត…។ តាម​ពិត​ខ្ញុំ​បាន​ឃើញ​គំរូ​ហើយ​ គឺ​អភិវឌ្ឍ​ដើម្បីសង្គម​ជាតិ។ ខ្ញុំ​មិន​ជំទាស់អ្វី​ទេ តែ​ត្រូវ​អភិវឌ្ឍន៏​ឲ្យ​មាន​តម្លាភាព រវាង​រាស្ត្រ​និង​រដ្ឋ កុំ​ឲ្យ​រាស្ត្រ​ចេញទៅ​ទឹក​ភ្នែក​ដូចជា បុរីកីឡា បឹង​កក់ ដីក្រហម យើង​ឃើញ​ស្រាប់ហើយពិតជា​លំបាក​ណាស់។ ហើយ​បើ​សិនជា​ទីនេះ​នៅ​មិន​ស្វាគមន៍​យើង​ទេ យើង​នឹង​នាំ​គ្នា​ទៅ​ដល់​ខុទ្ទកាល័យ​សម្តេច (ហ៊ុន សែន) ថា​ឲ្យ​គាត់​ត្រួត​ពិនិត្យ​មើល»។

លោក នាង ផាននិត្យ ប្រជាសហគមន៍​អភិវឌ្ឍ​ថ្មី ថ្លែងថាខាង​សាលា​ក្រុង​នៅ​មិន​ទាន់បាន​ចេញ​សញ្ញា​អ្វី​ពី​ការ​បង្ហាញ​ផែន​ការ​អភិវឌ្ឍឬយល់​ស្រប​ជា​មួយ​ញត្តិ​ដែល​បាន​ដាក់​ទៅ​កន្លង​មក​ទេ។

លោក​ថា៖ «ព័ត៌មាន​ច្បាស់​ការណ៍គឺគាត់​នៅ​មិន​ទាន់​ចេញ​ឲ្យ​យើង​ទេ គឺ​គាត់​នៅ​ឲ្យ​ពួក​យើង​រក្សា​ភាព​ស្ងៀម​ស្ងាត់ នៅ​ទី​ណា​ទីហ្នឹង​សិន​ទៅ។ ហើយ​គាត់​ប្រាប់ថា​បើ​សិនជា​គាត់​មាន​ការ​អភិវឌ្ឍ ឬ សាង​សង់​អ្វី គឺគាត់​នឹងចុះ​បើក​វេទិការ​សាធារណៈជា​មួយ​បង​ប្អូន​ហើយ។… ខ្ញុំ​គិត​ថា ពួក​យើង​មិន​អាច​ស្ងប់​ស្ងាត់បាន​ទេ ព្រោះ​វា​គ្មាន​អី​ច្បាស់​ការ​ជា​មួយ​ប្រជា​ពលរដ្ឋ​សោះ»។

ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ លោក ម៉េត មាសភក្តី បាន​ប្រាប់ VOD នៅ​ថ្ងៃនេះ​ថា ខាង​សាលា​ក្រុង​នៅ​មិន​ទាន់​មាន​គម្រោង​ធ្វើ​​ការ​អភិវឌ្ឍអ្វី​ទៅ​លើ​សហគមន៍​ផ្លូវ​ដែក​ទាំង​នេះទេ ហើយ លោក​ក៏​បញ្ជាក់​ដែរ​ថា សាលាក្រុងក៏​នឹង​មាន​ការ​បើក​វេទិកាពិភាក្សា​គ្នា​ជា​មួយ​ពលរដ្ឋជា​បន្ត​បន្ទាប់​ទៀត បើ​សិនជា​មាន​សកម្មភាព​អភិវឌ្ឍន៍លើក​ក្រោយ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​អត់មាន​អី​ឲ្យ​មើល​ផង ព្រោះយើង​មិន​ទាន់​មាន​គម្រោង​ធ្វើ​អ្វី លើ​សហគមន៍​គាត់ទេ ឬ​ ផ្លូវ​ដែក​ក្នុង​សហគមន៍​របស់​គាត់​ទេ។ អញ្ជឹង​យើង​មិន​មាន​គម្រោង​អី​ដែល​ត្រូវ​ឲ្យ​គាត់​មើល​ទេ តែ​វា​ច្បាស់​ណាស់​ថា បើ​ថ្ងៃ​ក្រោយ​ទៅ​យើង​មាន​គោល​បំណងធ្វើ​ការ​អភិវឌ្ឍ យើង​នឹង​ជូន​ដំណឹង​ដល់គាត់ជា​មុន ឬ បើកវេទិកាសាធារណៈជាមុន ជាមួយ​ប្រជាពលរដ្ឋនៅ​តាម​ផ្លូវ​ដែកហ្នឹង»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រជា​ពលរដ្ឋនៅសហគមន៍​ផ្លូវ​ដែក​មួយ​ចំនួន​ បាន​អះអាង​ថា មាន​សុរិយោដី បាន​ទៅ​វាស់​វែង​ផ្លូវ​នៅ​ផ្ទះ​ពួក​គាត់ មាន​សរសេរ​លេខ​លើ​ជញ្ជាំង​ផ្ទះ ដែល​ធ្វើ​ឲ្យ​គាត់មាន​ការ​ព្រួយ​បារម្ភ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្រ្តីសាលាក្រុង ប្រាប់​ថា ​នេះ​គ្រាន់​តែ​ជា​ការ​ចុះ​ស្រង់​ស្ថិតិ​របស់​សហគមន៍​នៅ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ គ្មាន​អ្វីទាក់​ទង​ការ​អភិវឌ្ឍ​សមាគមផ្លូវ​ដែកទេ។

មូល​ហេតុ​ដែល​ពលរដ្ឋ​តំបន់​ផ្លូវ​ដែក​នៅ​មាន​ការ​ព្រួយ​បារម្ភ និង​តែង​ដាក់​ញត្តិទៅសាលា​ក្រុង ដោយពួកគេថា កន្លងទៅការ​អភិវឌ្ឍ​នៅក្នុង​រាជធានីភ្នំពេញ​មានការ​បណ្ដេញ​​​ពល​រដ្ឋ​ចេ​ញពីលំនៅស្ថានមានដូចជា បឹងកក់ បុរីកីឡា ដីក្រហម សំបុកចាប ដោយ​បើក​ផ្លូវ​ឲ្យក្រុ​មហ៊ុ​ន​ចូល​អភិ​វឌ្ឍ ហើយមកដល់ពេលនេះ​អ្នកខ្លះមិន​ទាន់បានសំ​ណងនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ