នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) បានចុះហត្ថលេខាលើឯកសារផ្តល់ប្រាក់ ២០០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ២នៅកម្ពុជា ខណៈពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ។
យោងតាមទំព័រហ៊្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងកាលពីថ្ងៃទី៧ខែសីហាថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល នៅវិមានរដ្ឋាភិបាលជប៉ុន លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សួ អាបេ បានចុះហត្ថលេខាលើឯកសារគម្រោងអភិវឌ្ឍន៍ធំៗចំនួន២ ទី១ ការផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុប ៣,៩៤៨លានយ៉េន (ប្រមាណ ៣៥លានដុល្លារអាមេរិក) សម្រាប់អនុវត្តន៍លើប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ទី២ ការផ្តល់ឥណទានសម្បទានចំនួន ២៣,៥០២លានយ៉េន (ប្រមាណ ២០៩លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែនស្វ័យ័តក្រុងព្រះសីហនុ។
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានសន្យាថា ជប៉ុននឹងបន្តជួយអភិវឌ្ឍកម្ពុជាឲ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ៕
ម៉ាប់ ស៊ុយ Mabsuy168@gmail.com









