សមាគមរោងចក្រកាត់ដេរ GMAC រំពឹងថា ក្រុមថៅកែរោចក្រ នឹងបានប្រាប់ពីកង្វល់ របស់ខ្លួនទៅកាន់នាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយ ពេលមេដឹកនាំបក្សកាន់អំណាចរូបនេះ ចុះជួបកម្មករនៅតាមរោងចក្រ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ខែសីហា បានប្រកាសថានឹងចុះជួបកម្មកររោងចក្រ ចាប់ពីថ្ងៃទី២០ខែសីហានេះទៅ។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៦ខែសីហា GMAC លើកឡើងថា គម្រោងចុះជួបកម្មករ របស់ប្រមុខរដ្ឋាភិបាលនេះ GMAC ថា ជាការយកចិត្តទុកដាក់ របស់រដ្ឋាភិបាល ទៅលើសុខទុក្ខរបស់កម្មករ។
GMAC សង្ឃឹមថា ពេលនោះជាឱកាសសន្ទនាដោយផ្ទាល់ រវាងនាយករដ្ឋមន្ត្រី និងក្រុមថៅកែម្ចាស់រោងចក្រ ដើម្បីស្វែងយល់បន្ថែមទៀត ពីបញ្ហាប្រឈម ក្នុងការវិនិយោគរបស់ពួកគេ ស្វែងរកការធានាឲ្យបាននូវនិរន្តរភាពនៃវិស័យមួយនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលបច្ចុប្បន្ន GMAC មានសមាជិក៥១២ ហើយថាវិស័យនេះបានស្រូបយកម្លាំងពលកម្មបានជាង៧០ម៉ឺននាក់។
ការបង្ហាញក្តីសង្ឃឹមរបស់ GMAC នេះធ្វើឡើងចំពេលដែលក្រសួងបការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងតម្លើងប្រាក់ឈ្នួលគោលដល់កម្មករបន្ថែមទៀត សម្រាប់ឆ្នាំ២០១៨ ខណៈប្រាក់ឈ្នួលគោល របស់កម្មករបច្ចុប្បន្នមាន១៥៣ដុល្លារ៕









