អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានចោទសួរមន្រ្តីរដ្ឋាភិបាលពីករណីដែលកើតមានច្រើននូវការឃុំខ្លួនបណ្តោះអាសន្នទៅលើជនជាប់ចោទ ដោយមិនទាន់កាត់ទោស ដោយជំរុញឲ្យប្រើមធ្យោបាយផ្សេងមកជំនួសវិញ។
ក្នុងជំនួបបិទទ្វារជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅព្រឹកនេះ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុសុ្សនៅកម្ពុជា បានសាកសួរ និងបញ្ចេញយោបល់ពីស្ថានភាពសិទ្ធិមនុស្ស ទាក់ទងនឹងនីតិវិធីច្បាប់កម្ពុជា ដោយក្នុងនោះលោកស្រីក៏បានលើកពីករណីនៃការឃុំខ្លួនបណ្តោះអាសន្ននៅកម្ពុជា ដែលលោកស្រីថាកម្ពុជាច្រើនសម្រេចឃុំខ្លួនបណ្តោះអាសន្នជាជាងឲ្យជនត្រូវចោទនៅក្រៅឃុំ ដោយលោកស្រីចង់ឲ្យរដ្ឋាភិបាលជ្រើសរើសមធ្យោបាយផ្សេងពីនេះវិញ។ នេះជាការឲ្យដឹងពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំនោះ លោកស្រី រ៉ូណា ស្មីត ថា៖ «អ្វីដែលជាកង្វល់នោះគឺ អ្វីដែលវិស័យយុត្តិធម៌កំពុងជួបប្រទះ និងតួនាទីនៃយុត្តិធម៌សង្គម ហើយខ្ញុំបានសង្ខេបនូវអ្វីដែលជាការវិវត្តនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងមានដំណើរការជាច្រើនដែលក្រសួងបានរៀបចំ និងនីតីវិធីនៃការឃុំខ្លួនបណ្តោះអាសន្ន»។
ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវបានមតិជាតិ និងអន្តរជាតិរិះគន់ជាខ្លាំងបន្ទាប់ពីមានការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គជប ជាងមួយឆ្នាំដោយមិនទាន់កាត់ទោសបើទោះបី ពួកគេទាំង៥នាក់ដាក់ពាក្យសុំនៅក្រៅឃុំជាច្រើនលើកហើយក៏ដោយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ថាការសម្រេចឲ្យនៅក្រៅឃុំមិនទាន់អាចដោះស្រាយរួចគឺដោយសារចំណេះដឹងប្រជាពលរដ្ឋកម្ពុជានៅមានកម្រិត ដែលធ្វើឲ្យតុលាការពិបាកសម្រេចក្នុងការឲ្យជនជាប់ចោទនៅក្រៅឃុំ ដោយបារម្ភពីការរិះគន់ និងការកាត់ទោសក្រៅប្រព័ន្ធតុលាការ។ ទោះជាយ៉ាងណាលោកថាក្រសួងយុត្តិធម៌កំពុងពិចារណារៀបចំការសាកល្បងទៅលើការដោះលែងតែស្ថិតក្រោមការត្រួតពិនិត្យដោយតុលាការហើយ ដោយធ្វើការសាកល្បងដំបូងនៅក្នុងខេត្តបាត់ដំបង។
លោកថា៖ «គាត់បានលើកឡើង មិនលើករឿងនយោបាយទេ តែគាត់ថាការឃុំខ្លួនបណ្តោះអាសន្ននេះរួមមានការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស រួមទាំងសកម្មជននយោបាយរួមទាំងសាធារណៈជនទូទៅ គាត់មិនផ្តោតទៅលើរឿងនយោបាយ និងសិទ្ធមនុស្សទេ តែគាត់ថាធ្វើមិចគួរតែការឃុំខ្លួនបណ្តោះអាសន្នហ្នឹងគឺមានការថយចុះ ហើយយើងបានរៀបរាប់ប្រាប់គាត់ពីវឌ្ឍនៈភាពនៃការងារដែលយើងធ្វើគឺទិសដៅកំណែទម្រង់គឺយើងកាត់បន្ថយអាហ្នឹង! ក៏ប៉ុន្តែការកាត់បន្ថយហ្នឹងធ្វើយ៉ាងម៉េច? គឺយើងមិនអាចដោះលែងដោយអត់មានអីសោះនៅពេលដែលគាត់មានកំហុសនោះ អញ្ចឹងទេ យន្តការដែលយើងធ្វើនោះគឺអនុវត្តយន្តការដែលមានក្នុងច្បាប់យើង ក្នុងច្បាប់គឺគេប្រើយន្តការទោសមិនមែនពន្ធនាគារ»។
តាមរយៈកិច្ចប្រជុំនៅព្រឹកនេះ លោក ជិន ម៉ាលីន ឲ្យដឹងថាអង្គការសហប្រជាជាតិ នឹងសម្រេចចូលរួមជួយរដ្ឋាភិបាលកម្ពុជាក្នុងការអប់រំប្រជាពលរដ្ឋ តាមរយៈកិច្ចប្រជុំ សិក្ខាសិលា និងការផ្សព្វផ្សាយនានាដើម្បីឲ្យកម្ពុជាអាចកាត់បន្ថយការឃុំខ្លួនបណ្តោះអាសន្ននេះឲ្យបានច្រើនផងដែរ៕