ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្នើឲ្យក្រសួងព័ត៌មានចាត់វិធានការផ្លូវច្បាប់លើវិទ្យុរបស់សហរដ្ឋអាមេរិកចំនួនពីរ គឺវិទ្យុអាស៊ីសេរី (RFA) និង វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដោយចោទថា វិទ្យុទាំងពីរនេះកំពុងប្រតិបត្តិការខុសច្បាប់ មិនបានចុះបញ្ជី និង បង់ពន្ធចូលរដ្ឋ។
ក្នុងលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ផ្ញើទៅក្រសួងព័ត៌មានកាលពីម្សិលមិញបានលើកឡើងថា ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍មួយចំនួនកំពុងប្រតិបត្តិការនៅកម្ពុជាបានបំពេញតាមលក្ខខណ្ឌច្បាប់គឺចុះបញ្ជី និង បង់ពន្ធ។ ប៉ុន្តែសេចក្តីប្រកាសនោះបញ្ជាក់ថា វិទ្យុអាស៊ីសេរី និង VOA មិនទាន់បានបំពេញលក្ខខណ្ឌទេ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញទៅវិទ្យុទាំងពីរបំពេញលក្ខខណ្ឌ ហើយក៏ស្នើឲ្យមានវិធានការផ្លូវច្បាប់តឹងរឹងផងដែរ ប្រសិនបើវិទ្យុទាំងពីរមិនសហការ។
វិទ្យុអាស៊ីសេរី និង វិទ្យុ VOA ជាវិទ្យុរបស់សហរដ្ឋអាមេរិក មានផ្សាយជាភាសាខ្មែរ ដែលបច្ចុប្បន្នបានជួលវិទ្យុក្នុងស្រុកមួយចំនួនដើម្បីផ្សព្វផ្សាយព័ត៌មាន ។