នាយករដ្ឋមន្រ្តីថា សួន សេរីរដ្ឋា នឹងមានទោសប្រមាថព្រះមហាក្សត្រ

លោក សួន សេរីរដ្ឋា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា លោក សួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ នឹង​មានទោសធ្ងន់ធ្ងរមួយករណីទៀត បន្ថែមពីលើទោសដែលរដ្ឋាភិបាលចោទថា បានប្រមាថមើល​ងាយ​​កងទ័ពនោះ។

ក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកនេះ លោក ហ៊ុន សែន ថ្លែងថា លោក សួន សេរីរដ្ឋា បានសារភាពនិងទទួលស្គាល់ចំពោះសាររបស់ខ្លួន ដែលបានផ្ញើទៅសកម្មជននៅប្រទេសបារាំង ដែល​​លោកថា ក្នុងសារនោះ បានមើលងាយព្រះមហាក្សត្រ។

នេះជាអ្វីដែលប្រមុខរដ្ឋាភិបាល អះអាងថា លោក សួន សេរីរដ្ឋា នឹងមានទោសធ្ងន់ជាងការបង្ហោះ ជេរប្រមាថមេទ័ពកម្ពុជាថា «ជាមេទ័ពចោរ» នោះទៅទៀត។

លោក ហ៊ុន សែន ក៏បានចោទសួរថា តើគណបក្សអំណាចខ្មែរអាចនឹងត្រូវរំលាយចោលទេ?

លោក សួន សេរីរដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃអាទិត្យម្សិល​មិញ ខណៈលោកធ្វើដំណើតាមរថយន្តនៅខាងជើងទីក្រុងភ្នំពេញ។

រដ្ឋាភិបាលបានចោទប្រកាន់ប្រធានគណបក្សអំណាចខ្មែររូបនេះថាជេរប្រមាថកងទ័ព បន្ទាប់ពីលោកបានបង្ហោះសារ នៅលើហ្វេសប៊ុកថា «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនាហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ