លោក ហ៊ុន សែន ព្រមានរំលាយបក្សអំណាចខ្មែរ ដោយចោទថា «ប្រមាថព្រះមហាក្សត្រ»

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលនិងជាប្រធានគណបក្សប្រជាជន ព្រមានថា គណបក្សមួយអាចនឹងត្រូវរំលាយចោល ដោយចោទថា ប្រធានគណបក្សនោះ ប្រមាថមាក់ងាយកម្លាំងទ័ព និងសង្ស័យមួយករណីទៀត ពីបទប្រមាថព្រះមហាក្សត្រ។

ក្នុងពិធីចែកសញ្ញាបត្រ នៅថ្ងៃចន្ទទី១៤សីហានេះ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងព្រមានថា គណបក្សអំណាចខ្មែរ របស់លោក សួន សេរីរដ្ឋា អាចនឹងរំលាយចោល ដោយចោទប្រធានគណបក្សមួយនេះថា បានប្រមាថមាក់ងាយព្រះមហាក្សយ៉ាងធ្ងន់ធ្ងរ។ ការចោទប្រកាន់ដូចនេះ ដោយលោក ហ៊ុន សែន អះអាងថា សមត្ថកិច្ចបានពិនិត្យលើសារមួយ ដែលលោក សួន សេរីរដ្ឋា សរសេរថា «នឹងធាក់ឲ្យធ្លាយព្រះបរមរាជវាំង» រួមទាំងភស្ដុតាង ក្នុងម៊ែមម៉ូរីចំនួន១០ផ្សេងទៀត។

លោកថា៖ «បើអ្នកឯងប្រមាថសន្ដិសុខជាតិ ខ្ញុំក៏មិនអាចអត់ឪនឲ្យអ្នកឯងបានដែរ មិនមែនជាការគំរាមកំហែងទេ តែនេះគឺជារឿងពិតដែលត្រូវធ្វើលើការជាក់ស្ដែងបានវាយខ្នោះមួយទៅហើយ ហើយជាប់គុក មិនដឹងថា ឯកសារនៅមានអីទៀត ហើយឯកសារប្រមាថព្រះចេស្ដាព្រះមហាក្សត្រនេះ តើសមល្មមនឹងអាចរំលាយគណបក្សនេះចោលអត់»

កាលពីថ្ងៃអាទិត្យទី១៣សីហាម្សិលមិញនេះ លោក សួន សេរីរដ្ឋា ត្រូវបានអាជ្ញាធរចាប់ខ្លួនត្រង់ចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីលោកបានសរសេរបង្ហោះលើហ្វេសប៊ុកថា «កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យសក្ដិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីយ៉ាងគគ្រឹកគគ្រេង»។

អ្នកនាំពាក្យគណបក្សអំណាចខ្មែរ គឺលោក ទេព វីរៈ បានសំដែងការសោកស្ដាយចំពោះការចាប់ខ្លួនប្រធានគណបក្សនេះ ដោយថា បើទោះជាខិតខំតវ៉ាប្រឆាំង ក៏មិនអាចធ្វើអ្វីបានឡើយ។

លោកថា៖ «យល់ឃើញថា ការរិះគន់របស់គាត់ វាមានមួយផ្នែកជួយសង្គម ​ទោះបីជាការរិះគន់ត្រូវគេខឹង វាអាចមានទោស ជាប់ច្រវ៉ាក់មែន ប៉ុន្ដែខ្ញុំមើលឃើញថា អ្វីដែលគាត់ធ្វើ ប្រទេសជាតិមានការកែប្រែដែរ។​ មែនទែនទៅ ខ្ញុំមិនមានអំណាចអីធំ ការពារឲ្យគណបក្សនៅរឹងមាំ ឬក៏រំលាយ មិនរំលាយទេ ប៉ុន្ដែយើងប្រជុំគណៈកម្មាការយើង អ្នកធ្វើការយើង បើសិនជាច្បាស់កំណត់ឲ្យរំលាយ អាហ្នឹងក៏យើងមិនដឹងទៅធ្វើម៉េចដែរ អាហ្នឹងមិនដឹងធ្វើម៉េចទេ បើសិនគេឲ្យរំលាយទៅហើយ»។

សូមរំលឹកថា លោក សួន សេរីរដ្ឋា ​ក៏ធ្លាប់​ថ្លែង​រិះគន់​លោក​ ហ៊ុន សែន ផង​ដែរ អំឡុង​ពេល​កម្ពុជា​និង​ថៃប្រឈមមុខដាក់គ្នា​ក្នុង​សង្គ្រាម​បង្ហូរ​ឈាម​ ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ កាល​ពី​ចន្លោះឆ្នាំ​២០១០និង​ឆ្នាំ​២០១១។

បើតាមខ្លឹមសារច្បាប់គណបក្សនយោបាយ ដែលបានស្នើកែប្រែជាលើកទី២ ដោយលោក ហ៊ុន​ សែន កំណត់ថា គណបក្សនឹងត្រូវគេរំលាយ ប្រសិនបើប្រធាន អនុប្រធាន ឬសមាជិកគណៈកម្មាធិការនាយក ជាទណ្ឌិត ឬបានប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ