យ៉ាងហោចជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ៣៤នាក់ ក្នុងនោះមានស្ត្រី ២នាក់ផងដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនត្រឹមតែមួយថ្ងៃម្សិលមិញនេះ នៅទូទាំងប្រទេស។ នេះដោយយោងតាមរបាយការណ៍របស់នគរបាលជាតិ។
របាយការណ៍ដែលផ្សាយលើទំព័រហ្វេសប៊ុកនគរបាលជាតិ បានឲ្យដឹងបន្ថែមថា បទល្មើសគ្រឿងញៀន ១៧ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃម្សិលមិញនេះ ដោយចាប់ខ្លួនមនុស្សដល់ទៅ ៣៤នាក់ ក្នុង ២៤នាក់មានជាប់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
របាយការណ៍នគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនដល់ទៅជាង ៨ពាន់នាក់ហើយ ត្រូវបានចាប់ខ្លួននៅចន្លោះខែមករា ដល់ខែឧសភាដើមឆ្នាំនេះ។
ឧក្រិដ្ឋកម្មគ្រឿងញៀន ត្រូវបានរកឃើញនៅក្នុងការស្ទង់មតិមួយកាលពីឆ្នាំមុនថា ជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕